ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មិនមែន​គ្រប់​សិស្ស​អាមេរិក​ទាំង​អស់​នោះ​ទេ​ដែល​គាំទ្រ​ច្បាប់​កាំភ្លើង​តឹងរ៉ឹង​ជាង​មុន


មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ March For Our Lives នៅ​រដ្ឋសភា Capitol កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា សិស្សានុសិស្ស​មក​ពី​ទូទាំង​ប្រទេស​អាមេរិក​ជា​ច្រើន បាន​ប្រមូល​ផ្ដុំ​គ្នា​គាំ​ទ្រ​ឲ្យ​មាន​ការ​ពង្រឹង​ច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​កាំភ្លើង ដើម្បី​រារាំង​ការ​បាញ់​សម្លាប់​រង្គាល​នានា ដូច​ជា​ករណី​ថ្មីៗ​នៅ​ឯ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Florida។ ក៏ប៉ុន្តែ មិន​មែន​សិស្ស​គ្រប់គ្នា​គាំ​ទ្រ​វិធានការ​ទាំង​នេះ​ទេ។

សម្រាប់​មនុស្ស​ជា​ច្រើន​នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​ជនបទ​នៃ​សហរដ្ឋ​អាមេរិក កាំភ្លើង​ជា​ផ្នែក​មួយ​នៃ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

សិស្ស​ម្នាក់​ឈ្មោះ Austin Cosper អាយុ ១៧​ឆ្នាំ នៅ​ឯ​វិទ្យាល័យ Walnut Grove បាន​និយាយ​ថា៖ «កាល​ពី​ខ្ញុំ​អាយុ​ពីរ​ឆ្នាំ លោក​ប៉ា​បាន​នាំ​ខ្ញុំ​ទៅ​បរ​បាញ់​សត្វ​ជា​លើក​ទី​មួយ»។

សិស្ស​ម្នាក់​ទៀត​ឈ្មោះ Beck Glover អាយុ ១៦​ឆ្នាំ នៅ​ឯ​វិទ្យាល័យ Newnan បាន​ថ្លែង​ថា៖ «បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​អាវុធ​ជាតិ​ផ្ទុះ ចាប់​ផ្ដើមជាមួយលោក​ប៉ា​និង​លោក​តា​របស់​ខ្ញុំ តាំង​ពី​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​៤ ​ឬ​៥​ឆ្នាំ​ម្ល៉េះ»។​

សិទ្ធិ​កាន់​កាំភ្លើង​គឺ​ជា​ទំនៀមទម្លាប់​អាមេរិកាំង​សំខាន់​មួយដែល​កាន់​តែ​ជួប​ការ​ពិនិត្យពិច្ច័យ​ខ្លាំង​ឡើងៗ រាល់​ពេល​ដែល​មាន​ការ​បាញ់​សម្លាប់​រង្គាល​នីមួយៗ។

បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​នៅ​វិទ្យាល័យ​ក្នុង​រដ្ឋ Florida ដែល​ធ្វើ​ឲ្យ​មនុស្ស ១៧នាក់​ស្លាប់ សិស្សានុសិស្ស​គឺ​ជា​អ្នក​ដឹក​នាំ​ការ​ទាមទារ​ឲ្យ​មាន​ច្បាប់​កាំភ្លើង​តឹងរ៉ឹង​ជាង​មុន។

នាង​ Emma Gonzalez អាយុ ១៨​ឆ្នាំ ជា​សិស្ស​ម្នាក់​នៅ​វិទ្យាល័យ Marjory Stoneman Douglas ជា​ទី​ដែល​មាន​ការ​បាញ់​សម្លាប់​រង្គាល​នោះ បាន​និយាយ​ថា៖ «វា​មិន​មែន​តែ​ជា​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ។ ជន​ល្មើស​នឹង​មិន​អាច​សម្លាប់​សិស្ស​យ៉ាងច្រើន​នាក់​ដូច្នេះ​ដោយ​ប្រើ​កាំបិត​នោះ​ឡើយ!»។

សិស្ស​ម្នាក់​ទៀត​ឈ្មោះ Delaney Tarr អាយុ ១៧​ឆ្នាំ នៃ​វិទ្យាល័យ Marjory Stoneman Douglas នេះ​ដែរ ​ថ្លែង​ថា៖ «យើង​ចង់​ឲ្យ​មាន​កំណែ​ទម្រង់​ច្បាប់​កាំភ្លើង។ យើង​ចង់​បាន​ច្បាប់​កាំភ្លើង​ធម្មតា ហៅ​ថា Common Sense Gun Laws។ យើង​ចង់​បាន​ការ​ត្រួត​ពិនិត្យ​សុខភាព​ផ្លូវ​ចិត្ត​ និង​ការ​ត្រួត​ពិនិត្យ​ប្រវត្តិរូប​ដែល​ដើរ​ទន្ទឹម​គ្នា»។

ប៉ុន្តែ សម្រាប់​ក្មេង​ជំទង់​ដែល​មក​តំបន់​ជនបទ​នៃ​រដ្ឋ Georgia ទាំង​នេះ ពួក​គេ​និយាយ​ថា អាវុធ​មិន​ជា​បញ្ហា​ទេ អ្នក​ដែល​កាន់​អាវុធ​ទើប​ជា​បញ្ហា។

សិស្ស​វិទ្យាល័យ Walnut Grove ឈ្មោះ Austin Cosper អាយុ ១៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «កាំភ្លើង​មិន​អាក្រក់​ទេ មនុស្ស​ទើប​អាក្រក់។ បើ​អ្នក​មើល​ទៅ ខ្មាន់​កាំភ្លើង​នៅ​តាម​សាលារៀន​ទាំង​នោះ​ សុទ្ធ​តែ​មាន​ជំងឺ​ផ្លូវ​ចិត្ត។

សិស្ស​វិទ្យាល័យ Newnan ​ឈ្មោះ Beck Glover អាយុ ១៧​ឆ្នាំ បាន​និយាយ​ថា៖ «មនុស្ស​អាក្រក់​នឹងនៅ​តែ​ធ្វើ​រឿង​អាក្រក់ ទោះ​បីយើង​ផ្លាស់​ប្តូរ​អ្វី​ក៏​ដោយ។ ហើយ​វិធីសាស្ត្រ​ដោះ​ស្រាយ​តែ​មួយ​គត់ គឺ​អនុញ្ញាត​ឲ្យ​យើង ​និង​មិន​ដក​សិទ្ធិ​ការពារ​ខ្លួន​យើង គ្រួសារ​របស់​យើង និង​ទ្រព្យ​សម្បត្តិ​របស់​យើង»។

ហើយ​បើ​និយាយ​ពី​ការ​ដែល​ចេញ​ពី​ថ្នាក់រៀន​កាល​ពី​សប្ដាហ៍​មុន​វិញ? ពួក​គេ​និយាយ​ថា មិន​គួរ​ធ្វើ​ក្នុង​ម៉ោង​សិក្សា​នោះ​ទេ។

សិស្ស​ឈ្មោះ Cosper បន្ត​ថា៖ «សាលារៀន​មិន​មែន​ជា​កន្លែង​សម្រាប់​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​នយោបាយ​នោះ​ទេ។ ហើយ​ខ្ញុំ​យល់​ពី​អត្ថន័យ​ដែល​ពួក​គេ​ចង់​បង្ហាញ គឺ​ដើម្បី​ឲ្យ​ចង​ចាំ​មនុស្ស ១៧​នាក់​ដែល​បាន​ស្លាប់ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ ពួក​គេ​ធ្វើ​ជ្រុល​បន្តិច​ហើយ»។

សិស្ស​ឈ្មោះ Glover បន្ត​ដែរ​ថា៖ «ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា ការ​ដើរ​ចេញ​ពី​ថ្នាក់​រៀន​នេះ វាមិន​បង្ហាញ​ការ​ពិត​អំពី​បញ្ហា​បាញ់​សម្លាប់​រង្គាល និង​រូបភាពបែប​នេះ​នៃ​អាវុធ​នានា»។

ក្មេង​ជំទង់​នៃ​តំបន់​ជនបទ​អាមេរិក​ទាំង​នេះ តំណាង​ឲ្យ​ក្រុម​បោះឆ្នោត​ដ៏​មាន​ឥទ្ធិពល​មួយ ហើយ​ពួក​គេ​ចង់​ឲ្យ​មតិរបស់​ពួកគេ​ ត្រូវ​បាន​គេ​ឮ​ផង​ដែរ។

សិស្ស​ឈ្មោះ Cosper បន្ត​ថា៖ «មិន​មែន​តែ​ពួក​គេ​ទាំង​នោះ​ទេ​ដែល​មាន​មតិ ហើយ​មិន​មែន​តែ​ពួក​គេ​ទេ​ដែល​ត្រូវ​ឆ្លងកាត់​បញ្ហា​នេះ។ ដោយ​សារ​តែ​អ្នក​បង្កើត​អ្វី​មួយ​ដើម្បី​ដក​យក​ចំណង់​ចំណូល​ចិត្ត​និង​កីឡា​របស់​ពួក​យើង វា​ក៏​ប៉ះ​ពាល់​ដល់​យើង​ដែរ»។

សិស្ស​ឈ្មោះ Glover ក៏​និយាយ​ថា៖ «ពួក​យើង​ពិត​ជា​មាន​មតិមួយ​ ហើយ​ពួក​យើង​មាន​គំនិត​និង​ដំណោះស្រាយអាច​ទៅ​រួច​នានា សម្រាប់​បញ្ហា​នេះ ដែល​ចាំបាច់​ឲ្យ​គេ​ឮ​ និង​ឲ្យ​គេ​ផ្សព្វផ្សាយ ពី​ព្រោះ​វា​មិន​ដែល​ជា​រឿង​ល្អ​ទេ នៅ​ពេល​ដែល​ព្យាយាម​ដោះស្រាយ​ស្ថានការណ៍​មួយ​ដោយ​ផ្អែក​ទាំង​ស្រុង​លើ​អារម្មណ៍​នោះ»។

ប្រែសម្រួល​ដោយ ចាប ចិត្រា

XS
SM
MD
LG