ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​អាវុធ​នៅ​កម្ពុជា​ ​ក្រោយ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​ដ៏​ឃោរឃៅ​នៅ​អាមេរិក


ប្រជាពលរដ្ឋ​រត់​គេច​ខ្លួន​ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ធ្វើ​ការ​វាយប្រហារ​នៅ​អំឡុង​ពិធី​ប្រគុំ​តន្រ្តី​មួយ​ នៅ​ក្រុង Las Vegas រដ្ឋ Nevada កាល​ពី​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០១៧។
ប្រជាពលរដ្ឋ​រត់​គេច​ខ្លួន​ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ធ្វើ​ការ​វាយប្រហារ​នៅ​អំឡុង​ពិធី​ប្រគុំ​តន្រ្តី​មួយ​ នៅ​ក្រុង Las Vegas រដ្ឋ Nevada កាល​ពី​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០១៧។

លោក ​ហ៊ុន សែន​ មិន​ត្រឹមតែ​ចូល​រួម​រំលែក​ទុក្ខ​ប៉ុណ្ណោះ​ទេ តែ​​ថែម​ទាំង​បាន​ថ្លែង​រិះគន់​ និង​ចំអក​ចំៗ​ចំពោះ​លោក​ ​វីលៀម ហៃដ៏ (William Heidt) ​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ទាក់​ទិន​សារ​ព្រមាន​របស់​លោក​ឯក​អគ្គ​រដ្ឋទូត​​អំពី​បញ្ហា​សន្តិសុខ​នៅ​កម្ពុជា។​

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក​ ​ហ៊ុន សែន​ ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​មនុស្ស​ជា​ច្រើន​នាក់​ដែល​បាន​ស្លាប់​ និង​រង​របួស ក្រោយ​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​ចូលរួម​ការ​ប្រគំ​តន្ត្រី​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ ឡាស វេហ្គាស (Las Vegas) សហរដ្ឋអាមេរិក​ កាល​ពីដើម​សប្ដាហ៍​នេះ។​

លោក ​ហ៊ុន សែន​ មិន​ត្រឹមតែ​ចូល​រួម​រំលែក​ទុក្ខ​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​បាន​ថ្លែង​រិះគន់​ និង​ចំអក​ចំៗ​ចំពោះ​លោក​ ​វីលៀម ហៃដ៏ (William Heidt) ​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ទាក់​ទិន​សារ​ព្រមាន​របស់​លោក​ឯក​អគ្គ​រដ្ឋទូតអំពី​បញ្ហា​សន្តិសុខ​នៅ​កម្ពុជា។​

«អគ្គ​រដ្ឋ​ទូត​អាមេរិក​នៅ​មុន​ពេល​ភ្ជុំ​ បែរ​ជា​ធ្វើ​ការ​ដាស់​តឿន​ប្រជាជន​អាមេរិក​ដែល​មក​ប្រទេស​កម្ពុជា សុំ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​សន្តិសុខ​ ប៉ុន្តែ​វា​មិន​បាន​កើត​រឿង​នេះ​នៅ​ប្រទេស​កម្ពុជា​ឯណា! វា​ទៅ​កើត​នៅ​ក្នុង​ប្រទេសអាមេរិក​ខ្លួន​ឯង។ វា​ហាក់​ដូច​ជា​ការ​ចំអក​មួយ​ចំពោះ​អគ្គរដ្ឋទូត​អាមេរិក​តែ​ម្ដង​ ប៉ុន្តែ​បើ​ទោះ​បី​វា​ជា​ការ​ចំអក​សម្រាប់​អគ្គរដ្ឋទូត​អាមេរិក​ ដែល​បំភ័យ​ប្រជាជន​កម្ពុជា​ក៏ដោយ​ចុះ​ តែ​ការ​ស្លាប់​នៅ​អាមេរិក​ គឺ​ជា​សោកនាដកម្ម​ដែល​គួរ​ឲ្យ​សោកស្ដាយ​ ហើយ​យើង​ធ្វើការ​ថ្កោល​ទោស​ជាមួយ​អំពើ​ឃោរឃៅ​បែប​នេះ»។​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Las Vegas ​សហរដ្ឋអាមេរិក​ បាន​កំណត់​អត្តសញ្ញាណ​ជន​ឈ្មោះ ស្ទី​ហ្វិន ភែដ​ដក់ (Stephen Paddock) អាយុ​៦៤​ឆ្នាំ មក​ពី​ក្រុង Mesquite រដ្ឋ Nevada ថា​ជា​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​បាញ់​ប្រហារ​រង្គាល​ដ៏​ប្រល័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​អាមេរិក។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។

​អាជ្ញាធរ​ជឿ​ថា​ ជន​ឈ្មោះ ​Paddock​ ​នេះ​ ​បាន​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​ចំនួន​២២.០០០​នាក់ ដែល​បាន​ចូលរួម​មើល​ការ​ប្រគំតន្ត្រី​កណ្ដាល​វាល​មួយ និង​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​ ៥៨​នាក់ និង​ធ្វើ​ឲ្យ​របួស​ជាង​៥០០រយ​នាក់​ទៀត មុន​ពេល​ដែល​រូប​គេ​បាន​សម្លាប់​ខ្លួន​ឯង​ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ ដែល​អាច​មើល​ឃើញ​កន្លែង​ប្រគុំ​តន្ត្រី​ទាំង​មូល​នោះ​បាន។​

ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ ​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ដ៏​រន្ធត់ទៅ​ទីក្រុង Las Vegasនោះ ទោះ​បី​ជា​ពួក​គេ​មិនបាន​ដឹង​លម្អិត​អំពី​ការ​បាញ់​ប្រហារ​នេះ​ក៏​ដោយ។​

ក្នុង​កិច្ច​សម្ភាសន៍​មួយជាមួយ VOA​ ​កាល​ពី​ថ្ងៃ​សុក្រ​ ​លោក​ ​ចាន់ រឿន​ ​វ័យ​៣០​ ឆ្នាំ​ ​មកពី​ខេត្ត​កណ្ដាល​ ​បាន​បញ្ជាក់​ថា​ ​លោក​ពុំបាន​ទទួល​ព័ត៌មាន​អំពី​ការ​បាញ់​ប្រហារ​នោះ​ទេ​ តែ​លោក​ចាត់​ទុក​ថា​ សកម្មភាព​ផ្ដាច់​យក​ជីវិត​មនុស្ស​ដ៏​ឃោរឃៅ​នេះ​ គឺ​ជា​រឿង​ដែល​មិន​គួរ​កើត​មាន​នៅ​លើ​ទឹកដី​សហ​រដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មហា​អំណាច​មួយ​ក្នុង​លោក។​

លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ រក្សា​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហេតុការណ៍​បាញ់​ប្រហារ​ ដែល​អាច​នឹង​កើត​ឡើង​នៅ​កម្ពុជា​ក្នុង​ពេល​ណាមួយ​ផង​ដែរ។​

«ខ្ញុំ​គិត​ថា​ វា​អាច​មាន​ដូចគ្នា​ ព្រោះ​ស្រុក​គេ​ជា​ប្រទេស​មហាអំណាច​នៅ​តែ​មាន​ ចុះ​ទម្រាំ​ស្រុក​យើង​ ដែល​ជា​ប្រទេស​តូចតាច​ អីចឹង​វា​អាច​កើត​ដែរ»។​

លោក ​ចាន់ រឿន​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​មិន​មាន​ព័ត៌មាន​អំពី​សេរីភាព​នៃ​ការ​កាន់​កាប់​អាវុធ​នៅ​អាមេរិក​នោះ​ទេ​ តែ​លោក​ថា​ ​កម្ពុជា​មាន​បញ្ហា​ក្នុង​ការ​គ្រប់​គ្រង​ផង​ដែរ​ ​ខណៈ​ដែល​ក្រុម​ចោរ​ជា​រឿយៗ ​បាន​ប្រើ​ប្រាស់​អាវុធ​ដើម្បី​ធ្វើសកម្មភាព​ឧក្រិដ្ឋ។

លោក​បាន​បន្ត​ថា​ ករណី​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ ក៏​ធ្លាប់​កើត​ឡើង​នៅ​កម្ពុជា តួយ៉ាង​ដូច​ជា​ការ​បាញ់​លោក​ កែម ឡី​ អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​ជាដើម។

លោក​ ​ចាន់ រឿន​ បាន​ស្នើ​ឲ្យ​មន្ត្រី​ការ​ពារ​ជាតិ​ បង្កើន​ការ​គ្រប់​គ្រង​អាវុធ ដើម្បី​បញ្ចៀស​ការ​វាយ​ប្រហារ​ដោយ​អាវុធ ដូច​អ្វី​ដែល​បាន​កើតឡើង​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៥ និង ៦​កក្កដា​ឆ្នាំ​ ១៩៩៧។

និស្សិត​ផ្នែក​ស្ថាបត្យកម្ម ដែល​សុំ​ផ្ដល់​តែ​ឈ្មោះ​ហៅ​ក្រៅ​ ថា​ បាវ៉ាត​ ដោយ​សារ​ភ័យ​ខ្លាច​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន​ បាន​ថ្លែង​ប្រាប់​ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ ​ថា​ ការ​បាញ់​ប្រហារ​នៅ​សហរដ្ឋអាមេរិក ​អាច​ជា​សកម្មភាព​ភេរវកម្ម​ ឬក៏​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​សាសនា។​

«ចំពោះ​ខ្ញុំ​ វា​ប្រទេស​សេរី​ហើយ​ មើល​ទៅ​ប្រកាន់​ច្បាប់​ខ្ជាប់​ខ្ជួន​ហើយ​ ដល់​ពេល​មាន​ការ​វាយប្រហារ​សម្លាប់​ជីវិត​មនុស្ស​អីចឹង​ វា​ដូច​ភេរវកម្ម​មួយ​អញ្ចឹង»។​

និស្សិត​រូប​នេះ​ថ្លែង​ថា​ កម្ពុជា​ មិនទាន់​ជួប​ហេតុការណ៍​បាញ់​ប្រហារ​ដោយ​កំរោល​ដែល​ផ្ដាច់​យក​ជីវិត​មនុស្ស​រាប់​សិប​នាក់​នោះ​ទេ​ តែ​លោក​ថា ​អ្នក​មានអំណាច​មួយ​ចំនួន​ បាន​យក​កាំភ្លើង​ជា​ត្រី​មុខ​ សម្រាប់​ដោះស្រាយបញ្ហា​ ​ហើយ​ថា​ ឃាតក​ពិត ​រមែង​មិន​ដែល​ត្រូវ​បាន​ចាប់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ ​

«ប៉ុន្តែ​វា​ធ្លាប់​មាន​ការ​បាញ់​តាម​ថ្នល់​ វា​អត់​សណ្ដាប់​ធ្នាប់​ អីចឹង​ទៅ​វា​អាច​ប៉ះពាល់​ដែរ​នៅ​ស្រុក​ខ្មែរ។​ ដល់​ពេល​ប្រើ​ប្រាស់​កាំភ្លើង​លក្ខណៈផ្ទាល់​ខ្លួន​ ហើយ​វា​មួយ​ទៀត​ វា​ដូច​ជា​ស័ក្ដិ​ វា​ពាក់​ព័ន្ធ​នឹង​ស័ក្ដិយស​ដែរ។ នៅ​ពេល​ស័ក្ដិយស​អាច​ប្រើប្រាស់​កាំភ្លើង​អីចឹង​ទៅ​ ឧបមា​ថា​អត់មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ អីចឹង​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដែរ​ ដូចជា​ការ​ឈ្លោះ​គ្នា​អីចឹង​ ចូលចិត្ត​ភាគច្រើន​នៅ​ស្រុក​ខ្មែរ​ នៅ​ពេល​មាន​បញ្ហា​អី​ចូលចិត្ត​យក​កាំភ្លើង​មក​ដោះ​ស្រាយ»។ ​

មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​នេះ ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ប៉ូលិស​និយាយ​ថា ជន Paddock នេះ មិន​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​នោះ​ទេ។ ប៉ូលិសFBI បាន​បន្ថែម​ថា ជន​នេះ​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​អន្តរជាតិ​ណា​មួយ​នោះ​ទេ។ ចំណែក​ឯ​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ថា​ការ​វាយប្រហារ​នេះ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​ផ្ដល់​ភស្តុតាង​អ្វី​ចំពោះ​ការ​អះអាង​នេះ​ទេ

លោក​នាយ​ឧត្ដមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​លើ​ការ​បាញ់​ប្រហារ​ក្នុង​ទីក្រុងទេសចរណ៍​ ​និង​កម្សាន្ត Las Vagas នោះ​ទេ។ ប៉ុន្តែ​លោក​បាន​ចូលរួម​សំដែង​ការ​សោកស្ដាយ​ជាមួយ​សហរដ្ឋ​អាមេរិក។​

លោក​បាន​ប្រាប់​ VOA ​បន្ថែម​ថា​ អាមេរិក​ គឺជា​ប្រទេស​ដ៏​មាន​អំណាច​ដែល​ចូលចិត្ត​បង្រៀន​ប្រទេស​ផ្សេង​ទៀត​ ​មិន​គួរ​ណា​មាន​ហេតុការណ៍​បែប​នេះ​ ​កើត​ឡើង​នោះ​ឡើយ។​

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក ខៀវ សុភ័គ​ថ្លែង​ថា៖​

«Sorry​[សុំទោស] ពូ​មិន​អាច​មាន​សិទ្ធិ​ទៅ comment​ [អធិប្បាយ]​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​របស់​អាមេរិក​ទេ​បាទ​សុំ​ទោស​ក្មួយ​ណាស់ គ្រាន់​តែ​ថា​នេះ​ បាន​ន័យ​ថា​ នែ​សុំ​ចូល​រួម​នូវ​ការ​កាន់ទុក្ខ​សោកសៅ​ណាស់។ ហើយ​ទាំង​គេ​ ទាំង​យើង​ យើង​មិន​ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍​ហ្នឹង​កើត​ទេ។​ បាទ​ហើយ​ស្ដាយ​មែនទែន​ មិន​គួរ​ឲ្យ​មាន​កើត​មាន​នៅ​ប្រទេស​សេរី​ ប្រជាធិបតេយ្យ​ ហើយ​មហាអំណាច​នៅ​សាកល​លោក ដែល​គាត់​តែង​តែ​ដើរ​បង្រៀន​អ្នក​ដទៃ​ ស្រាប់​តែ​ស្រុក​គាត់​ បាទៗ​ ស្ដាយ​មែន​ទែន»។

លោក​ អារិន ស្វាចេស (Arend Zwartjes ) អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ ​បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​ ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​រិះគន់​របស់​លោក​ ហ៊ុន សែន។

បន្ទាប់​ពី​ការ​វាយប្រហារ​នោះ​បាន​ប៉ុន្មាន​ថ្ងៃ​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​ (Donald Trump) បាន​ធ្វើទស្សនកិច្ច​ទៅកាន់​ទីក្រុង​ Las Vegas ​ដើម្បី​ជួប​ជាមួយជនរងគ្រោះ​ និង​មន្ត្រី​ប៉ូលិស​ ហើយ​និង​អ្នកជួយ​សង្គ្រោះ​ផ្សេងទៀត។

ក្រុម​អ្នក​ស៊ើបអង្កេត​ បាន​រក​ឃើញ​កាំភ្លើង​ចំនួន​២៣​ដើម​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ជនឈ្មោះ Paddock និង​ឧបករណ៍​ជំនួយ​ការ​បាញ់​កាំភ្លើង​ចំនួន​ ១២​ផ្សេង​ទៀត។​ ខ្មាន់កាំភ្លើង ​បាន​ដំឡើង​កាមេរ៉ា​ចម្រុះ​ ដើម្បី​រក្សា​ការ​ឃ្លាំមើល​ពី​ខាង​ក្រៅ​បន្ទប់​ ហើយ​ក៏​ទំនង​ដើម្បី​តាម​ដាន​មើល​ការ​ឆ្លើយតប​របស់​ប៉ូលិស។ កាំភ្លើង​ចំនួន​២៦​ដើម​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​ចំនួន​ពីរ​ខ្នង​របស់​ជន​នោះ ​នៅ​ក្នុង​រដ្ឋ​ Nevada។ ​

រហូត​មក​ដល់​ពេល​នេះ​ ការ​ស៊ើប​អង្កេត​រកហេតុផល​ក្រោយ​បាញ់​ប្រហារ​យ៉ាង​អាក្រក់អាក្រី​នេះ​ ​កំពុង​បន្ត។ អ្នកស្រី​ ម៉ារីលូ ដែនលី (Marilou Danley) វ័យ​ ៦២​ ឆ្នាំ ដែល​ជា​មិត្ត​ស្រី​របស់Paddock ​បាន​បញ្ជាក់​ប្រាប់​អាជ្ញាធរ​ឲ្យដឹង​ថា មិត្ត​ប្រុស​របស់​គាត់ ​មិន​ដែល​បង្ហាញ​ឲ្យ​ដឹង​ពី​សញ្ញាណ​ណា​មួយ​នៃ​ការ​វាយ​ប្រហារ​នោះ​ទេ៕​

XS
SM
MD
LG