នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេល ៣ ថ្ងៃ របស់ពួកគេ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានទៅទស្សនាភ្នំប្រវត្តិសាស្ត្រមួយដែលប្រទេសកូរ៉េទាំងពីរគោរព។
នៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំទាំងពីរ និងភរិយារបស់ពួកគេបានជិះយន្តហោះផ្សេងគ្នាពីទីក្រុងព្យុងយ៉ាងទៅកាន់ភ្នំ Paektu ដែលជាភ្នំមួយស្ថិតនៅព្រំដែនរវាងប្រទេសកូរ៉េខាងជើង និងប្រទេសចិន។
ភ្នំនេះត្រូវបានចាត់ទុកថាជាកន្លែងកំណើតរបស់ព្រះអធិរាជ Dangun ដែលជាស្ថាបនិកនៃរាជាណាចក្រកូរ៉េដំបូង។ ភ្នំនេះក៏ជាផ្នែកសំខាន់មួយនៃកិច្ចប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងការអប់រំប្រជាពលរដ្ឋខ្លួនអំពីសែស្រឡាយគ្រួសារអាទិទេពដែលដឹកនាំរាជាណាចក្រកូរ៉េ។
មេដឹកនាំទាំងពីរ និងភរិយាធ្វើដំណើរទៅដល់ចំណុចខ្ពស់បំផុតនៃកំពូលភ្នំ Paektu ដែលមានកម្ពស់ ២ ពាន់ ៧៥០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយពួកគេបានថតរូបនៅពីមុខបឹង Chonji នៃភ្នំនេះ។
លោក Kim Jong Un និងលោក Moon Jae In បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃពុធម្សិលមិញ។ កិច្ចព្រមព្រៀងនេះស្នើឲ្យប្រទេសកូរ៉េខាងជើងបិទជាអចិន្ត្រៃយ៍នូវកន្លែងសាកល្បងមីស៊ីលរបស់ខ្លួន និងទម្រសម្រាប់បាញ់មីស៊ីលនេះ ក្រោមការតាមដានដោយយកចិត្តទុកដាក់ពីអ្នកជំនាញអន្តរជាតិនានា។
លោក Kim Jong Un យល់ព្រមបំផ្លាញចោលនូវរោងចក្រនុយក្លេអ៊ែរ Yongbyon ដ៏ចម្បងមួយរបស់ប្រទេសកូរ៉េខាងជើង ប្រសិនបើសហរដ្ឋអាមេរិកចាត់ «វិធានការស៊ីមេទ្រីគ្នា» ជាមួយនឹងអ្វីដែលលោកធ្វើ។
កិច្ចព្រមព្រៀងនេះត្រូវបានប្រធានាធិបតីអាមេរិកលោក Donald Trump ស្វាគមន៍យ៉ាងរីករាយជាទីបំផុត។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកបានអញ្ជើញរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho ឲ្យជួបជាមួយលោកនៅក្នុងទីក្រុង New York នៅឯកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយ។
មេដឹកនាំកូរ៉េទាំងពីរក៏បានបញ្ជាក់ផងដែរថា លោក Kim Jong Un នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅពេលណាមួយនៅមុនដំណាច់ឆ្នាំនេះ ដែលករណីនេះនឹងធ្វើឲ្យលោកក្លាយទៅជាមេដឹកនាំកូរ៉េខាងជើងដំបូងបង្អស់ដែលទៅទស្សនាប្រទេសកូរ៉េខាងត្បូង តាំងពីប្រទេសទាំងពីរត្រូវបានបំបែកជាពីរក្រោយសង្គ្រាមកូរ៉េបានបញ្ចប់ទៅនៅឆ្នាំ ១៩៥៣ មក៕