កាលពីចុងខែកញ្ញា ក្រសួងការបរទេសប៉ូឡូញបានប្រាប់ VOA ផ្សាយជាភាសាកូរ៉េថា ប្រទេសប៉ូឡូញមិនមានបំណងចេញសៀវភៅការងារថ្មីឲ្យពលករកូរ៉េខាងជើងនោះទេ ដើម្បីគោរពទៅតាមសេចក្តីសម្រេចពីរចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ វិធានការទាំងនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះមីស៊ីលផ្លោងឆ្លងទ្វីបរយៈចម្ងាយឆ្ងាយរបស់របប Kim Jong Un និងការធ្វើតេស្តសាកល្បងនុយក្លេអ៊ែរលើកទី៦របស់ខ្លួន។
ការបោះជំហានរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មទៅការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានធ្វើឲ្យពលករកូរ៉េខាងជើងនៅក្រៅប្រទេសប្រឈមនឹងឧបសគ្គ។
ក្រសួងការបរទេសប៉ូឡូញបានសរសេរនៅក្នុងអ៊ីម៉ែលមកកាន់ VOA ថា៖ «ក្រសួងគ្រួសារ ការងារ និងគោលនយោបាយសង្គមបានផ្ញើសារទំនាក់ទំនងទៅកាន់ការិយាល័យតាមខេត្ត ដោយបានស្នើឲ្យពួកគេបដិសេធការសម្រេចចិត្តទាំងអស់ទាក់ទងនឹងពាក្យស្នើសុំសៀវភៅការងារពាក់ព័ន្ធជាមួយនឹងពលរដ្ឋកូរ៉េខាងជើង រហូតទាល់តែដំណើរការនៃការផ្លាស់ប្តូរ និងការវិវត្តនៃជំហរទូទៅរបស់សមាជិករដ្ឋក្នុងសហភាពអឺរ៉ុបទាក់ទងនឹងកម្រិត និងវិធីសាស្ត្រក្នុងការអនុវត្តសេចក្តីសម្រេចនេះត្រូវបានបញ្ចប់»។
បើគិតពីទិដ្ឋាការការងារទាំងអស់ដែលចេញទៅឲ្យពលរដ្ឋកូរ៉េខាងជើងនៅក្នុងឆ្នាំ២០១៦ និង២០១៧ ចំនួននៃពលករកូរ៉េខាងជើងដែលមានការងារនៅក្នុងប្រទេសប៉ូឡូញមានចំនួនប្រមាណជា៤០០នាក់គិតនៅត្រឹមខែមករានៅឆ្នាំនេះ។ នេះជាការធ្លាក់ចុះពី៥៥០នាក់ ដែលជាចំនួននៅក្នុងខែកក្កដា ឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលប៉ូឡូញ។ នៅក្នុងឆ្នាំ២០១៤ ស្ថានកុងស៊ុលរបស់ប៉ូឡូញនៅក្នុងក្រុងព្យុងយ៉ាងបានផ្តល់ទិដ្ឋាការការងារចំនួន១៤៧ និងក្នុងឆ្នាំ២០១៥ ចំនួន១២៩។
ក្រសួងការបរទេសប៉ូឡូញនិយាយថា ប្រទេសប៉ូឡូញដែលជាប្រទេសមួយក្នុងសហភាពអឺរ៉ុបដែលបានជួលពលករកូរ៉េខាងជើង មិនមានវិធានការជាប្រព័ន្ធណាមួយកំពុងត្រូវបានអនុវត្ត ដើម្បីរារាំងពលរដ្ឋនៃប្រទេសផ្សេង រួមទាំងកូរ៉េខាងជើងផងដែរ មិនឲ្យធ្វើការនៅក្នុងប្រទេសនេះ ដោយការហាមឃាត់មិនឲ្យធ្វើការនោះទេ។ នេះបង្ហាញពី «ការឆ្លុះបញ្ចាំងមិនស្មើភាពគ្នានៃការរើសអើងដោយផ្អែកលើជាតិសាសន៍»។
ក្រសួងបានឲ្យដឹងថា៖ «នៅក្នុងបរិបទនេះ យើងស្វាគមន៍សេចក្តីសម្រេចលេខ២៣៧១ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ និងលេខ២៣៧៥ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។សេចក្តីសម្រេចទី១និយាយពីការផ្តល់ការងារដល់ពលរដ្ឋកូរ៉េខាងជើងនៅក្រៅប្រទេស»។
កូរ៉េខាងជើងត្រូវបានគេចោទប្រកាន់ជាយូរមកហើយពីការប្រើប្រាស់ថវិការបស់ពលករនៅក្រៅប្រទេសរបស់ខ្លួនដើម្បីផ្គត់ផ្គង់ដល់កម្មវិធីផលិតអាវុធ។ ចាប់តាំងពីពេលនោះមក សេចក្តីសម្រេចចំនួន២ចុងក្រោយរបស់អង្គការសហប្រជាជាតិនេះជាលើក១ដែលរួមបញ្ចូលវិធានការរឹតត្បិតលើពលករកូរ៉េខាងជើងនៅក្រៅប្រទេស។
វិធានការស្រដៀងគ្នាត្រូវបានធ្វើឡើងដោយអាជ្ញាធរគុយវែតដែលបានឈប់ផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ពលរដ្ឋកូរ៉េខាងជើង និងហាមឃាត់ពួកគេមិនឲ្យផ្ទេរលិខិតស្នាក់នៅពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៅ នេះបើយោងតាមរបាយការណ៍អនុវត្តរបស់ប្រទេសគុយវែតនូវសេចក្តីសម្រេចលេខ២៣៧១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ របាយការណ៍នេះត្រូវបានដាក់ជូនក្រុមប្រឹក្សានេះកាលពីចុងខែសីហា៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ