នៅថ្ងៃសៅរ៍នេះ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាននិយាយថាប្រទេសគាត់ចង់ប្រកួតនឹងកម្លាំងយោធារបស់ស.រ.អា.ហើយគាត់សន្យាថានឹងបញ្ចប់កម្មវិធីបរមាណូរបស់គាត់។
ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋនៃប្រទេសកូរ៉េខាងជើងបានដកស្រង់ពាក្យសម្តីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ដែលបាននិយាយថា «ទីដៅចុងក្រោយបង្អស់របស់យើងគឺបង្កើតឱ្យមានតុល្យភាពនៃកម្លាំងពិតប្រាកដជាមួយស.រ.អា.និងធ្វើកុំឱ្យពួកអ្នកគ្រប់គ្រងស.រ.អា.ហ៊ាននិយាយអំពីជម្រើសយោធា»។
Kim Jong Un បាននិយាយថាគោលដៅរបស់កូរ៉េខាងជើងក្នុងការធ្វើឱ្យមានកងកម្លាំងបរមាណូ «ជិតបានសម្រេចហើយ» ហើយគាត់សន្យាថានឹងបញ្ចប់កម្មវិធីបរមាណូនៅក្នុងការប្រឈមនឹងកំណើនការដាក់ទណ្ឌកម្ម។
គាត់បានអំពាវនាវឱ្យមាន «កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋ» ដើម្បីឱ្យបានសម្រេចគោលដៅនេះនិងធ្វើឱ្យមាន «សមត្ថភាពសម្រាប់ការវាយប្រហារតបតរខាងបរមាណូដែលស.រ.អា.មិនអាចទប់ទល់បាន»។
អត្ថាធិប្បាយទាំងនេះមានឡើងមួយថ្ងៃក្រោយពីប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីល មួយគ្រឿងមានវង់ប្រតិបត្តិការមធ្យមពីលើប្រទេសជប៉ុនជាលើកទីពីរក្នុងរយៈពេលតិចជាងមួយខែ។ កាំជ្រួចមីស៊ីល នេះបានហោះចម្ងាយ៣ពាន់៧រយគ.ម.នៅមុនពេលវាធ្លាក់ទៅក្នុងផ្នែកខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយនេះជាការបាញ់ពិសោធកាំជ្រួចផ្លោងបានឆ្ងាយបំផុតដោយកូរ៉េខាងជើង៕