ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជាអំពាវនាវឲ្យកូរ៉េខាងជើងបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ


រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឡេង ឡែន/VOA)

បើតាម​សេចក្តី​ថ្លែងការណ៍​ចុះថ្ងៃទី១២​ ខែកញ្ញា ​ក្រសួងការ​បរទេស​កម្ពុជា​ បានលើកឡើង​​ថារដ្ឋាភិបាល​​កម្ពុជា​ ​«មានការ​​សោកស្តាយ​ ​និងសម្តែង​ការ​​ព្រួយ​​បារម្ភយ៉ាងខ្លាំង​​ ចំពោះការ​​សាកល្បង​​នុយក្លេអ៊ែរ​រប​ស់កូរ៉េ​ខាងជើង​ ​កាលពី​ថ្ងៃ​ទី៣​ ខែកញ្ញា​​ ឆ្នាំ២០១៧»។

ខណៈ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​យល់ព្រម​លើ​ទណ្ឌកម្ម​ថ្មី ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង​ ក្រសួងការ​បរទេស​កម្ពុជា​បានជំរុញជាថ្មី​ឲ្យ​ប្រទេស​មួយ​នេះ​គោរព​ទៅតាម​សេចក្តី​សម្រេច​របស់​អន្តរជាតិ ​និង​បញ្ឈប់ការសាក​ល្បង​អាវុធ​នុយក្លេអ៊ែរ។

ការអំពាវ​នាវ​ជាថ្មី​របស់​រដ្ឋាភិបាល​កម្ពុ​ជា ធ្វើឡើង​ជាការ​ឆ្លើយតប​ទៅនឹង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ កាលពីថ្ងៃ​ទី៣ ខែ​កញ្ញា។

បើតាម​សេចក្តី​ថ្លែងការណ៍​ចុះថ្ងៃទី១២​ ខែកញ្ញា ​ក្រសួងការ​បរទេស​កម្ពុជា​ បានលើកឡើងថារដ្ឋាភិបាលកម្ពុជា​ ​«មានការសោកស្តាយ​ ​និងសម្តែង​ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែរ​រប​ស់កូរ៉េ​ខាងជើង​ ​កាលពី​ថ្ងៃ​ទី៣​ ខែកញ្ញា ឆ្នាំ២០១៧»។

ក្រសួងបានបញ្ជាក់ថា៖​ ​«ការសាកល្បង​នុយ​ក្លេអ៊ែរលើកទី៦នេះ​ គឺជាការ​រំលោភជាថ្មីម្តង​ទៀត​ ​ទៅលើសេចក្តីសម្រេចចិត្តរបស់​ក្រុម​ប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ​ ​និងស្ថិរភាពនៅឧបទ្វីបកូរ៉េ​ ​ក៏ដូចជានៅក្នុងតំបន់ទាំងមូល​ ​ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត​ ​ចំពោះស្ថានភាពដែលតឹង​តែងស្រាប់នៅក្នុងឧបទ្វីប​កូរ៉េ»។

បើតាមសេចក្តីថ្លែងការណ៍នោះ កម្ពុជា​បាន​ទាមទារឲ្យកូរ៉េ​ខាងជើង «អនុវត្តឲ្យបានពេញលេញ​នូវ​សេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន​ ​ហើយនឹងបញ្ឈប់ការសាក​ល្បងនុយក្លេអ៊ែរ និង​មីស៊ីល​គ្រប់​ប្រភេទ​ ​ក្នុងគោលបំណងការពារ​សន្តិភាព ​និង​ស្ថិរភាព​ នៅក្នុងឧបទ្វីប​កូរ៉េ»។

រូបឯកសារ៖ បុរសម្នាក់​មើលព័ត៌មាន​ស្តីពី​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិចមួយ ក្នុង​ក្រុង​សេអ៊ូល។
រូបឯកសារ៖ បុរសម្នាក់​មើលព័ត៌មាន​ស្តីពី​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិចមួយ ក្នុង​ក្រុង​សេអ៊ូល។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ ​នៅថ្ងៃនេះ បានយល់ព្រមលើទណ្ឌកម្ម​ថ្មី​ប្រឆាំ​ង​កូរ៉េខាងជើង​ ​ដែលក្នុង​នោះ​មាន​ការ​រឹត​បន្តឹងលើការនាំចូលប្រេង​ ​និងការនាំចេញផលិត​ផល​វាយនភណ្ឌ។ ការសម្រេចរបស់ក្រុមប្រឹក្សាអង្គការ​សហ​ប្រជាជាតិនេះ ​នាំឲ្យ​មាន​កំហឹងពីកូរ៉េ​ខាងជើង។

កូរ៉េខាងជើង​បានព្រមានថា​ ប្រសិន​បើអាមេរិក​ចុងក្រោយ​ជំរុញ​ទណ្ឌកម្មនេះ​ កូរ៉េខាងជើង​ នឹង​ឲ្យ​អាមេរិក​សង​អ្វី​ដែល​គេបានធ្វើ។

លោក​ ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរសម្រាប់​ការសិក្សា​យុទ្ធសាស្រ្ត​មានប្រសាសន៍​ថា​ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការ​បរទេស​កម្ពុជា ​ជាផ្នែក​មួយ​នៃ​ការប្តេជ្ញា ​និងកាតព្វកិច្ច​អន្តរជាតិ​ ហើយ​ក៏​ដើម្បី​បង្ហាញ​ពីតួនាទី​ពាក់ព័ន្ធ​របស់កម្ពុជា​ ក្នុង​ការ​ដាក់​គំនាប​ជាមួយគ្នា ​លើ​កូរ៉េ​ខាងជើង។

លោក​បាន​ថ្លែងប្រាប់​ VOA ​តាមរយៈ​អ៊ីម៉េល​ ឬសារអេឡិច​ត្រូនិក​នៅថ្ងៃអង្គារ​នេះថា៖

«ប្រហែល​ជា​សញ្ញា​មួយ​ទៅ​កាន់អាមេរិកថា​ កម្ពុជា​ពិត​ជា​មាន​តួនាទី​នៅ​ក្នុង​យុទ្ធសាស្រ្ត​អាមេរិក​ទៅលើ​កូរ៉េខាងជើង ​ដូច្នេះ​សហរដ្ឋអាមេរិក​រំពឹង​ថា ​នឹងមិន​ដាក់វិធានការ​ធ្ងន់ៗ​ប្រឆាំងនឹង​របបនៅ​ភ្នំពេ​ញ ទាក់ទង​នឹង​ប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស»។

រូបឯកសារ៖ លោក​ លោក​ ឈាង​ វណ្ណារិទ្ធិ​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ ​ISEAS YUSOF ISHAK
រូបឯកសារ៖ លោក​ លោក​ ឈាង​ វណ្ណារិទ្ធិ​ ​អ្នក​ស្រាវជ្រាវ​នៅ​ឯវិទ្យាស្ថាន​ស្រាវជ្រាវ ​ISEAS YUSOF ISHAK

កាលពី​ខែសីហា​ ឆ្នាំ២០១៧ ​នៅក្នុងកិច្ច​ប្រជុំ​នៅប្រទេស​ហ្វីលីពីន ​ប្រទេស​ជាសមាជិក​អាស៊ាន​ បានផ្ញើ​«សារខ្លាំងៗ»​ទៅប្រទេស​កូរ៉េខាងជើង ​លើបញ្ហា​អាវុធនុយក្លេអ៊ែរ​ និងការ​បាញ់​កាំជ្រួច​មីស៊ីល​ជាបន្ត​បន្ទាប់។

រដ្ឋមន្រ្តីការ​បរទេស​កម្ពុជាលោក ​ប្រាក់ សុខុន ​បានថ្លែង​កាលពីខែ​សីហា​ថា កម្ពុជា​ក៏ដូចជា សមាជិក​អាស៊ាន​ផង​នោះ​ ចង់បន្ធូរ​បន្ថយ​ភាពតាន​តឹង​នៅឧបទ្វីបកូរ៉េ ​ដោយចង់​ឲ្យ​មាន​ការ​ចរចាគ្នា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិភាព។

កន្លងទៅ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បានប្រាប់​ទៅកូរ៉េ​ខាងជើងថា ​រាល់​ការ​គំរាមកំហែង​ណាមួយ​មក​លើ​សហរដ្ឋអាមេរិក​នឹង​ប្រឈម​ជាមួយ​អ្វីដែល​លោក​ប្រធានាធិបតី​បានហៅថា​ «ភ្លើង​ និង​កំ​ហឹង»។

ទំនាក់​ទំនងរវាង​ប្រទេស​កម្ពុជា​ និងកូរ៉េខាងជើង​ បានបន្សល់​ទុកតាំង​ពី​ព្រះបាទ​នរោត្តម សីហនុ​ អំឡុង​សម័យ​កាល​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង លោក​ គីម អ៊ីលស៊ុង ​ដែល​កាល​នោះ​លោក​បានសង់​ព្រះរាជ​ដំណាក់​ថ្វាយ​ព្រះបាទ​នរោត្តម សីហនុ​ ក្នុងឆ្នាំ​១៩៧៤។ ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​បាន​ចាប់​ផ្តើម​តាំង​ពីឆ្នាំ​១៩៦៥​ ហើយ​ព្រះបរមរតនកោដ្ឋ ​ក៏ធ្លាប់មាន​អង្គរក្ស​ជា​ជនជាតិ​កូរ៉េខាងជើង​ផង​ដែរ។

លោក​ Ko Yunju ​អនុប្រធាន​នៃការិយាល័យ​ទទួលបន្ទុក​កិច្ចការកូរ៉េ​ខាងជើង ​នៃ​ក្រសួងការ​បរទេស​កូរ៉េ​ខាងត្បូង​ បាន​ថ្លែង​ប្រាប់ ​VOA​កាលពី​ខែ​កក្កដា​ ខណៈ​លោក​ចូល​រួម​កិច្ច​ពិភាក្សា​មួយ​នៅ​រាជធានី​ភ្នំពេញ ​ស្តី​ពី​អំពី​បញ្ហា​ប្រទេស​កូរ៉េខាងជើង​ថា​កូរ៉េខាងត្បូង​អំពាវនាវ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ «ផ្លាស់ប្តូរ​ឥរិយាបថ»​ និងបង្ហាញ​«ភាពស្មោះត្រង់»​សម្រាប់​ការចរចា ​ដើម្បី​ដោះស្រាយ​បញ្ហាដោយ​សន្តិវិធី។

លោក Ko Yunju អនុប្រធាន​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង ថ្លែង​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​រាជធានីភ្នំពេញ ស្តី​ពី​អំពី​បញ្ហា​ឧបទ្វីបកូរ៉េ​ កាល​ពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន​ ណារិន/VOA)
លោក Ko Yunju អនុប្រធាន​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង ថ្លែង​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​រាជធានីភ្នំពេញ ស្តី​ពី​អំពី​បញ្ហា​ឧបទ្វីបកូរ៉េ​ កាល​ពីថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន​ ណារិន/VOA)

លោក ​Ko Yunju ​បានបន្តថា ​ប្រទេស​កម្ពុជា​អាច​ដើរ​ «តួនាទី​ពិសេស​ជាងគេ»​លើ​បញ្ហា​ឧបទ្វីបកូរ៉េ ​ដោយសារ​កម្ពុជា​មាន​ទំនាក់​ទំនងល្អ​ជាប្រវត្តិសាស្រ្តជាមួយ​កូរ៉េខាង​ជើង។

លោកបាន​បញ្ជាក់ថា៖ ​«ខ្ញុំ​គិត​ថា​កម្ពុជា​ ក្នុងនាម​ជា​សមាជិក​អាស៊ាន​ អាច​ដើរ​តួនាទី​សំខាន់​ណាស់។​ ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាប្រវត្តិសាស្រ្ត​ជាមួយប្រទេស​កូរ៉េខាងជើង។​ យើងរំពឹងថា​ កម្ពុជាអាច​ដើរតួនាទី​ពិសេស​ជាងគេ ​ដើម្បីបញ្ចុះបញ្ចូល​ប្រទេស​កូរ៉េខាងជើង​ឲ្យ​វិល​មក​តុចរចា ​និង​បញ្ចប់​ការ​បង្ក​ជា​ហេតុ​នៃ​មីស៊ីល»៕

XS
SM
MD
LG