ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និយាយ​ថា​ការ​គំរាម​កំហែង​ណា​មួយ​របស់​កូរ៉េ​ខាង​ជើង​នឹង​ជំរុញ​ឲ្យ​មាន​ការ​ឆ្លើយ​តប​យោធា​ដ៏​ខ្លាំង​ក្លា


លោក James Mattis រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​អាមេរិក និង​លោក Song Young-Moo រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈរ​គោរព​នៅ​វិមាន​បញ្ចកោណ នៅ​ក្រុង Arlington រដ្ឋ Virginia កាល​ពី​ថ្ងៃ​៣០ ខែ​សីហា។
លោក James Mattis រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​អាមេរិក និង​លោក Song Young-Moo រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈរ​គោរព​នៅ​វិមាន​បញ្ចកោណ នៅ​ក្រុង Arlington រដ្ឋ Virginia កាល​ពី​ថ្ងៃ​៣០ ខែ​សីហា។

លោក​ James Mattis ​រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.និយាយ​ថា ​ការ​គំរាម​កំហែង​ដោយ​កូរ៉េខាង​ជើង​ចំពោះ​ស.រ.អា.​ឬ​សម្ព័ន្ធមិត្ត​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ឆ្លើយ​តប​ទ្រង់​ទ្រាយធំ​ខាង​យោធា​ ដោយ​ប្រសិទ្ធភាព។

​លោក​ Mattis ​ថ្លែង​ដូច្នេះ​នៅ​ក្រៅ​សេតវិមានកាលពី​ថ្ងៃអាទិត្យ ​ក្រោយ​ពី​លោក​និង​ទីប្រឹក្សា​យោធា​កំពូលៗ​ផ្សេង​ទៀត​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ពិភាក្សា​អំពី​ការ​សាក​ល្បង​អាវុធ​បរិមាណូ​អ៊ីឌ្រូហ្សែន​របស់កូរ៉េ​ខាង​ជើង​ ដែល​ទំនង​ជា​បាន​សម្រេច​ជោគជ័យ។​

លោក​និយាយ​ថា ​ស.រ.អា.​មាន​ជម្រើសច្រើន ​រួម​មាន​ជម្រើស​យោធា ​ហើយ​លោក​ប្រធានាធិបតី​ចង់​ដឹង​អំពី​ជម្រើស​ទាំងនោះ។​ ស.រ.អា.​មិន​មាន​បំណង​ធ្វើ​ឲ្យ​កូរ៉េខាង​ជើង​សាប​សូន្យ​ទេ​ ទោះ​ជា​យ៉ាងណា​ លោក​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ស.រ.អា.​មាន​លទ្ធភាព​ការពារ​ខ្លួន​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ​ហើយថា ​ការ​តាំងចិត្ត​របស់​ស.រ.អា.ការពារ​សម្ព័ន្ធ​មិត្ត​គឺ​ជា​កណ្តាប់​ដៃ​ដែក​មិន​អាច​រំលាយ​បាន។ ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​បន្ទាន់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កូរ៉េខាងជើង។ ​

កាលពី​ថ្ងៃ​អាទិត្យ លោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​ស.រ.អា.​និយាយ​ថា​ លោក​កំពុង​ពិចារណា​បញ្ឈប់​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​ប្រទេសណា​ដែល​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាង​ជើង​ ក្រោយពី​របប​កុម្មុយនិស្ត​ឯកោ​នេះ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ទ្រង់​ទ្រាយ​ធំ​បំផុត​ តែ​លោក​មិន​បាន​និយាយអំពី​ការ​សងសឹក​ប្រឆាំង​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​ទេ។

លោក​ប្រធានាធិបតី​បាន​ជួប​ជាមួយ​លោក ​Jim Mattis​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​លោក​ John Kelly​ ប្រធាន​ការិយាល័យ​សេតវិមាន​ និង​មេបញ្ជាការ​យោធា​នានា​ ពិភាក្សា​អំពី​ជម្រើសក្នុងការ​ឆ្លើយ​តប​នឹង​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​លើក​ទី៦​នេះ។ពហិការ​សេដ្ឋកិច្ច​របស់​ស.រ.អា.​ប្រឆាំង​ប្រទេស​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េ​ខាងជើង​អាច​នឹង​ប៉ះពាល់​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​មាន​ទឹក​ប្រាក់​ជិត​៦៥០​ពាន់លាន​រវាង​ស.រ.អា.និង​ចិន​ ពីព្រោះ​រដ្ឋាភិបាល​ក្រុងប៉េកាំង​គឺជាសម្ព័ន្ធ​មិត្ត​សំខាន់​និង​ជា​ដៃ​គូ​ពាណិជ្ជកម្ម​តែមួយ​គត់​របស់​កូរ៉េខាងជើង៕

XS
SM
MD
LG