អ្នកការទូតកូរ៉េខាងជើងប្រចាំប្រទេសអ៊ីតាលីម្នាក់បានលាក់ខ្លួន និងកំពុងសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសលោកខាងលិច។ នេះបើយោងតាមមេធាវីកូរ៉េខាងត្បូងម្នាក់។ លោក Kim Min-ki បាននិយាយថា លោកនិងអ្នកច្បាប់ផ្សេងទៀតបានទទួលដំណឹងពីទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ថាលោកឯកអគ្គរដ្ឋទូត Jo Song Gil និងភរិយារបស់លោកបានចាកចេញពីស្ថានទូតប្រចាំទីក្រុងរ៉ូមកាលពីខែវិច្ឆិកាដោយមិនបានជូនដំណឹងអ្វីឡើយ។
សារព័ត៌មាន JoongAng Ilbo របស់កូរ៉េខាងត្បូងបានដកស្រង់ពីប្រភពការទូតមិនស្គាល់អត្តសញ្ញាណកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបាននិយាយថា លោក Joបានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសលោកខាងលិច ប៉ុន្តែមិនបានបញ្ជាក់អំពីប្រទេសណានោះទេ និងថាឥឡូវនេះលោកស្ថិតក្រោមការគាំពារពីរដ្ឋាភិបាលអ៊ីតាលី។
ការសុំសិទ្ធិជ្រកកោនរបស់អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងនេះនឹងក្លាយជារឿងអាម៉ាស់បំផុតសម្រាប់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ជាអ្នកដែលព្យាយាមតាំងខ្លួនឯងថាជាអ្នកជះឥទ្ធិលដ៏សំខាន់នៅលើឆាកភូមិសាស្រ្តនយោបាយ។ លោកJo ដែលមានវ័យ៤៨ឆ្នាំបានមប្រើការងារជាអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ីតាលីចាប់តាំងពីខែតុលា ឆ្នាំ២០១៧មក។
លោកបានចូលជំនួសកន្លែងលោកអគ្គរដ្ឋទូត Mun Jong Nam ជាអ្នកដែលត្រូវបានបណ្តេញចេញពីប្រទេសអ៊ីតាលី បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងនុយក្លេអ៊ែរ ដែលជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ៕