ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសន្យាចំណាយពេលឆ្នាំចុងក្រោយនៃការកាន់តំណែងរបស់លោកដើម្បីព្យាយាមធ្វើឲ្យមានសន្តិភាពដ៏យូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ទៅកាន់ប្រជាជាតិនៅថ្ងៃចន្ទនេះ លោក Moon បានបញ្ជាក់នៅក្នុងទីក្រុងសេអ៊ូលថា ឆ្នាំនេះដែលជាឆ្នាំចុងក្រោយនៃអាណត្តិប្រធានាធិបតីរយៈពេល ៥ ឆ្នាំរបស់លោក អាចជា «ឱកាសចុងក្រោយនៅក្នុងការវិវត្តពីសន្តិភាពមិនពេញលេញមួយទៅរកសន្តិភាពមួយដែលមិនអាចប្រែក្រឡាស់បាន»។
លោក Moon បានគាំទ្រយុទ្ធសាស្ត្រការទូត «សន្សឹមៗដែលមានលក្ខណៈប្រាកដនិយមនិងអាចបត់បែនបាន» របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការសម្រេចឲ្យបាននូវការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
ក្រុមគោលនយោបាយការបរទេសរបស់លោក Biden បានបញ្ចប់ការពិនិត្យឡើងវិញនូវបញ្ហាជាប់គាំងជាមួយកូរ៉េខាងជើង និងបានផ្តល់សញ្ញាថា វានឹងអាស្រ័យលើវិធានការជាបន្តនានានៅក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យលះបង់ចោលកម្មវិធីនុយក្លេអ៊ែរនិងគ្រាប់ផ្លោងមីស៊ីលរបស់ខ្លួន។
លោក Moon បានបញ្ជាក់ថា គោលបំណងរបស់លោកសម្រាប់ជំនួបជាមួយលោក Biden នៅថ្ងៃទី ២១ ខែឧសភាខាងមុខ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គឺដើម្បី «ស្ដារឡើងវិញនូវការចរចារវាងប្រទេសកូរ៉េទាំងពីរ និងរវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង»៕