ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កន្លែង​សាក​ល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ​ប្រហែល​មិន​អាច​ប្រើ​បាន​ទៀត​ទេ​ក៏ប៉ុន្តែ​គីម​ជុង​អ៊ុន​នៅ​តែ​មាន​ជម្រើស


រូបឯកសារ៖ ទីតាំង​ធ្វើ​តេស្ត​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង នៅ​ភ្នំ Mantap។
រូបឯកសារ៖ ទីតាំង​ធ្វើ​តេស្ត​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង នៅ​ភ្នំ Mantap។

ទីកន្លែង​សាក​ល្បង​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​កូរ៉េខាង​ជើង ​អាច​ត្រូវ​ខូច​ខាត​ហើយ​ផ្នែក​នានា​នៃ​ទី​កន្លែង​នោះ ​មិន​អាច​ប្រើ​ប្រាស់​បាន​ទៀត​ទេ ​ក៏ប៉ុន្តែ ​ពួក​អ្នក​វិភាគ​និយាយថា ​នេះ​មិន​មាន​ន័យថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​លែង​អាច​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​ទី​កន្លែង​នោះ​ឬ​ទី​កន្លែង​ផ្សេង​ទៀត​បាន​នោះ​ទេ។

​កាល​ពី​ចុង​សប្តាហ៍​មុន ​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុង​អ៊ុន​ បាន​សន្យា​បញ្ឈប់​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​ហើយ​នឹង​បិទ​ទី​កន្លែង​សាក​ល្បង Punggye-ri។ ទីកន្លែង​សាកល្បង​អាវុធ​នោះ​បាន​ត្រូវ​ប្រើ​ប្រាស់សម្រាប់​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៦​លើក​របស់​ប្រទេស​ឯកោ​មួយ​នេះ។

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ស្ថិរភាព​របស់​ភ្នំ ​Mantap ​ដែល​ជា​កន្លែងសាក​ល្បង​អាវុធ​នោះ​បាន​ក្លាយ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ព្រួយ​កង្វល់​មួយ​អំពី​ការ​លេច​ធ្លាយ​សារធាតុ​វិទ្យុ​សកម្ម។​ ហើយ​ឥឡូវនេះ ​ព័ត៌មាន​បាន​លេច​ឡើងអំពី​ការ​សិក្សា​ថ្មី​២​ដោយ​ពួក​អ្នក​ស្រាវ​ជ្រាវ​អំពី​ការ​រំជួយ​ផែន​ដី​របស់​ចិន​បាន​បញ្ជាក់​ពីការ​ព្រួយ​កង្វល់​ទាំង​នោះ​ដែរ។

​យោងតាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន ​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​អ្នក​វិទ្យាសាស្រ្ត​ក្នុង​ប្រទេស​ចិន​បាន​រក​ឃើញសារធាតុ​វិទ្យុ​សកម្ម​បន្ទាប់​ពី​ការសាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េខាង​ជើង​ ទីខូង​មួយ​នៅ​ខាង​ក្នុង​ភ្នំ ​Mantap ​ដែល​បាន​ដួល​រលំ។ ​ការ​សិក្សា​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដួល​រលំ​ភ្នំ​នោះ​បាន​បង្កើតកន្លែង​ចេញ​ផ្សែង​ដែល​អាច​ធ្វើ​ឲ្យ​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​កន្លែង​ផ្ទុះ​នោះ​ហើរ​ចូល​ទៅ​ក្នុង​អាកាស។

របាយការណ៍​មួយនៅ​ក្នុង​កាសែត​ Wall Street Journal ​នៅ​សប្តាហ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​សិក្សា​ក៏​បាន​ព្រមាន​ដែរ​ថា ការ​សាក​ល្បង​អាវុធ​បន្ថែម​ទៀត ​នៅ​ទី​កន្លែង​នោះ ​អាច​បណ្តាល​ឲ្យ​មាន​មហន្តរាយ​ខាង​បរិស្ថាន​យ៉ាង​ខ្លាំង៕

XS
SM
MD
LG