ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា ការ​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​អាច​ទៅ​រួច ប្រសិនបើ​គ្មាន​ការ​គំរាមកំហែង


រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក Kim Jong Un នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក Kim Jong Un នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ខ្លួន​ប្រហែលជា​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ពិភាក្សា​អំពី «ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ» ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ប្រសិនបើ «ការ​គំរាមកំហែង និង​ឧបសគ្គ» ចំពោះ​សន្តិសុខ និង​ការ​អភិវឌ្ឍ​របស់​ខ្លួន​ត្រូវ​បាន​ដោះស្រាយ។

ការ​លើក​ឡើង​របស់​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​អ្វី​ដែល​មន្ត្រី​អាមេរិកាំង​សង្ឃឹម​ថា​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ពិភាក្សា​នុយក្លេអ៊ែរ​កម្រិត​ការងារ​ដែល​ពន្យារពេល​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

អនុ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Choe Son Hui កាល​ពី​មួយ​សប្ដាហ៍​មុន បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ឆន្ទៈ​នៅ​ក្នុង​ការ «ពិភាក្សា​ទូលំទូលាយ» ជាមួយ​នឹង​មន្ត្រី​អាមេរិកាំង​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ដែល​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​លើក​ឡើង​ថា ការ​ពិភាក្សា​គឺ «រំពឹង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ»។

សេចក្ដី​ប្រកាស​នោះ​បាន​បញ្ជាក់​ថា៖ «ការ​ពិភាក្សា​អំពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ប្រហែលជា​អាច​ទៅ​រួច នៅ​ពេល​ដែល​ការ​គំរាមកំហែង និង​ឧបសគ្គ​នានា​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​របស់​យើង និង​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​យើង ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង​ដោយ​គ្មាន​ការ​សង្ស័យ»។

ការ​អះអាង​របស់​អគ្គនាយក​នាយកដ្ឋាន​កិច្ចការ​សហរដ្ឋ​អាមេរិក​នៃ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បាន​ហៅ​ថា​ពិភាក្សា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នេះ​ថា​ជា​ការ​ពិភាក្សា «ផ្ដាច់ព្រ័ត្រ»។

ការ​ពិភាក្សា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ បន្ទាប់ពី​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ខែ​កុម្ភៈ បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង៕

XS
SM
MD
LG