ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់នៅថ្ងៃអង្គារនេះ គឺក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីខ្លួនបានស្នើឲ្យមានការចរចាអំពីនុយក្លេអ៊ែរឡើងវិញជាមួយនឹងសហរដ្ឋអាមេរិក។
នេះគឺជាការសាកល្បងលើកទី ១០ របស់ប្រទេសកូរ៉េខាងជើងតាំងពីខែឧសភាមក ដែលនៅពេលនោះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចាប់ផ្ដើមសាកល្បងគ្រាប់ផ្លោងមីស៊ីលឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយឆ្នាំកន្លះមក។
ការសាកល្បងនេះបានបង្ហាញថា ប្រទេសកូរ៉េខាងជើងនឹងបន្តដាក់សម្ពាធលើសហរដ្ឋអាមេរិក ទោះបីជាខ្លួនផ្ដល់សញ្ញាថានឹងត្រឡប់មកធ្វើការចរចាវិញក៏ដោយ។ ការចរចានេះបានជាប់គាំងតាំងពីខែកុម្ភៈមក។
កាលពីយប់ថ្ងៃចន្ទម្សិលមិញ មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងមានឆន្ទៈនៅក្នុងការ «ចរចាទល់មុខគ្នា» ជាមួយនឹងសហរដ្ឋអាមេរិកនៅចុងខែកញ្ញានេះ។
គេនៅមិនទាន់ច្បាស់ទេថាតើការសាកល្បងនេះនឹងប៉ះពាល់ដល់ឱកាសនៃការចរចានេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោក «គ្មានបញ្ហា» ជាមួយនឹងការសាកល្បងមីស៊ីលរយៈចម្ងាយខ្លីកាលពីលើកមុនៗរបស់ប្រទេសកូរ៉េខាងជើងនោះទេ។ លោក Trump មិនបានឆ្លើយតបចំពោះការសាកល្បងថ្មីចុងក្រោយរបស់កូរ៉េខាងជើងនេះទេ។
គ្រាប់មីស៊ីលទាំងពីរនេះត្រូវបានបាញ់ចេញពីតំបន់ Gaecheon នៃខេត្ត South Pyongan សំដៅទៅកាន់សមុទ្រនៅភាគខាងកើតប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។
សេចក្ដីប្រកាសនោះបញ្ជាក់ទៀតថា គ្រាប់មីស៊ីលទាំងពីរនេះហោះបានចម្ងាយប្រមាណ ៣៣០ គីឡូម៉ែត្រ ហើយអាជ្ញាធរសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឥឡូវនេះកំពុងវិភាគចំណុចលម្អិតបន្ថែមទៀតអំពីការសាកល្បងរបស់កូរ៉េខាងជើងនេះ៕