ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ព្រមាន​អាមេរិក​ថា​ខ្លួន​ត្រៀម​រួច​រាល់​ហើយ​មិន​ថា​ជា​ការ​ចរចា​ឬ​ការ​ប្រឈម​មុខ​ដាក់​គ្នា


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង លោក Ri Yong Ho ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហាណូយ កាល​ពី​ដើម​ខែ​មីនា ក្រោយ​ពេល​ជំនួប​កំពូល​អាមេរិក-កូរ៉េ​ខាង​ជើង។

កូរ៉េខាង​ជើង​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ព្រមាន​ថា​ ខ្លួន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដើម្បី​ធ្វើ​ការ​សន្ទនារ​ឬក៏​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ និង​បាន​ព្រមាន​ទៀត​ថា ខ្លួន​បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គ្រប់​គ្រាន់​ហើយ​ ដើម្បី​ឲ្យ​អាមេរិក​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​ទម្លាយ​ភាព​ជាប់​គាំង​នៃ​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​សារ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ KCNA រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​លោក​ Ri Yong Ho​ បាន​ថ្លែង​ថា​ នឹង​មាន​រឿង​ស្មាន​មិន​ដល់​កើត​ឡើង​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។

លោក Ri​ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​បាន​ផ្តល់​ការ​ពន្យល់​ល្អិត​ល្អន់​ដែល​ភាគី​សហរដ្ឋ​អាមេរិក​គួរ​តែ​បាន​យល់​ហើយ​ ហើយ​យើង​ក៏​បាន​ទុក​ពេល​វេលា​ល្មម​គ្រប់​គ្រាប់​ហើយ​ដែរ។ យើង​ត្រៀម​ខ្លួន​រួច​ហើយ​មិន​ថា​ជា​ការ​សន្ទនារ​ឬ​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា»។

សេចក្តីថ្លែងការណ៍​នេះ​បាន​ព្រមាន​ទៀត​ថា​ កូរ៉េ​ខាង​ជើង​អាច​នៅ​តែ​ជា​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​រយៈ​ពេល​យូរ​អង្វែង។
នេះ​គឺ​ជា​សញ្ញា​ថ្មី​ចុង​ក្រោយ​ដែល​បង្ហាញ​ថា​ កូរ៉េខាង​ជើង​ប្រហែល​ជា​នឹង​មិន​បន្ត​កិច្ច​ចរចា​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​ បូក​រួម​ទាំង​ការ​មិន​ពេញចិត្ត​ទៅ​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ដែល​ទើប​តែ​បញ្ចប់​នៅ​សប្តាហ៍​នេះ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​ដូណាល់ ត្រាំ ថ្លែង​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​Kim Jong Un​ បាន​សន្យា​ជាមួយ​លោក​តាម​រយៈ​លិខិត​ផ្ទាល់​ខ្លួន​មួយ​ថា​ នឹង​ឈប់​បាញ់​គ្រាំជ្រួច​ម៉ីស៊ីល​ ហើយ​នឹង​ចាប់​ផ្តើម​ការ​ចរចា​ភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​សមយុទ្ធ​យោធា​រួមគ្នា​នេះ។

នៅ​ក្នុង​សេក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ Ri ​បាន​រិះគន់​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក ​Mike Pompeo​ ដែល​បាន​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា​ សហរដ្ឋ​អាមេរិក​នឹង​រក្សា​ទុក​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG