មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់ប្រទេសចិនដើម្បីធ្វើការចរចារយៈពេល៤ថ្ងៃជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
រទេះភ្លើងពិសេសមួយខ្សែដែលដឹកលោកគីមនិង Ri Sol Ju ភរិយារបស់លោករួមជា មួយពួកមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតជាច្រើនបានទៅដល់រដ្ឋធានីប៉េកាំងនៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្មានម៉ោងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានមជ្ឈឹមរបស់កូរ៉េខាងជើង បានប្រកាសពីការចាកចេញរបស់លោកគីមពីរដ្ឋធានីព្យុងយ៉ាង។ ទីភ្នាក់ងារព័ត៌មាន KCNA បានប្រាប់ឲ្យដឹងថា លោកគីមបានស្ថិតនៅក្នុងរដ្ឋធានីចិនទៅតាមការអញ្ជើញរបស់ប្រធានាធិបតីស៊ី ជីនពីង។
នេះជាដំណើរទស្សនកិច្ចលើកទី៤របស់គីម ជុងអ៊ុនទៅកាន់សម្ព័ន្ធមិត្តខាងការទូត និងសេដ្ឋកិច្ចដ៏ចម្បងរបស់កូរ៉េខាងជើងចាប់តាំងពីឆ្នាំទៅមក ហើយបានបង្កើនការនិយាយស្មានៗថា លោកគីមនិងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនឹងធ្វើជំនួបកំពូលលើកទី២។
លោកគីម និងប្រធានាធិបតីត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រពិចស្រពិលមួយក្នុងអំឡុងនៃជំនួបកំពូលជាប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំទៅដែលអំពាវនាវឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ក៏ប៉ុន្តែ ការចរចាបន្ថែមទៀត បានជាប់គាំងលើបញ្ហាទាមទាររបស់កូរ៉េខាងជើងឲ្យបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្ជាប់ទៅនឹងការជឿនលឿនបន្តិចបន្តួច ហើយនិងការជំទាស់ប្រឆាំងរបស់ខ្លួនដល់ការអំពាវនាវរបស់រដ្ឋបាលត្រាំឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងមុនពេលការផ្តល់សម្បទានណាមួយ។
ក្នុងអំឡុងនៃសុន្ទរកថាប្រចាំឆ្នាំរបស់លោកក្នុងឱកាសចូលឆ្នាំថ្មីកាលពីសប្តាហ៍មុន លោក គីម ជុងអ៊ុន បាននិយាយថា លោកបានតាំងចិត្តយ៉ាងមុតមាំថា កូរ៉េខាងជើង លែងផលិតឬសាកល្បងអាវុធនុយក្លេអ៊ែរតទៅទៀតហើយ។ លោកក៏ និយាយដែរថា លោក មានឆន្ទៈធ្វើការជួបគ្នាមួយទល់នឹងមួយជាមួយប្រធានាធិបតីត្រាំ ក៏ប៉ុន្តែ បានព្រមានថា ប្រទេសរបស់លោក អាចមានផ្លូវដើរតាមរបៀបផ្សេងទៀត ប្រសិនបើ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានចាត់វិធានការត្រឹមត្រូវទេនោះ៕