ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា ខ្លួន​មិន​ចង់​ចរចា​ម្ដង​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ


រូប​ឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក Kim Jong Un (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ខ្លួន​នៅតែ​មិន​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​ប្រឹងប្រែង​រៀបចំ​ឱ្យ​មាន​កិច្ច​ប្រជុំ​កំពូល​មួយ​លើក​ទៀត​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

លោក Kwon Jong Gun មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «បញ្ជាក់​ជា​ថ្មី​ឱ្យ​បាន​ច្បាស់​ម្ដង​ទៀត កូរ៉េ​ខាង​ជើង​គ្មាន​បំណង​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ»។

សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Steve Biegun ដែល​ជា​អ្នក​ចរចា​កំពូល​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ត្រៀម​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ប្រជុំ​ផ្ដោត​លើ​វិធី​បង្កើន​ការ​ពិភាក្សា​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៩ នៅ​ពេល​ដែល​លោក Trump និង​លោក Kim Jong Un មិន​អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​ពេល​លោក​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម៕

XS
SM
MD
LG