ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ច្រានចោល​ការ​ចរចា​ជាមួយ​អាមេរិក​ដោយ​ថា​អាមេរិក​មាន​«គោល​នយោបាយ​អមិត្ត»


រូបឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​នេះ​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះចម្បាំង F-22 របស់​សហរដ្ឋ​អាមេរិក និង​យន្តហោះ​ចម្បាំង F-35​ របស់​កូរ៉េខាងត្បូង នៅ​ក្នុង​សមយុទ្ធ​មួយ​នៅ​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​​ទី​១ ខែ​មករា ឆ្នាំ​២០២៣។
រូបឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​នេះ​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះចម្បាំង F-22 របស់​សហរដ្ឋ​អាមេរិក និង​យន្តហោះ​ចម្បាំង F-35​ របស់​កូរ៉េខាងត្បូង នៅ​ក្នុង​សមយុទ្ធ​មួយ​នៅ​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​​ទី​១ ខែ​មករា ឆ្នាំ​២០២៣។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ច្រានចោល​គំនិត​នៃ​ការចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​បាន​ចោទ​រដ្ឋាភិបាល​អាមេរិក​ថា​បាន​«វាយ​ប្រហារ​ពេញ​ទំហឹង» ដែល​ធ្វើ​ឱ្យ​ឧបទ្វីប​កូរ៉េ​ក្លាយទៅជា«តំបន់​សង្គ្រាម»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​ត្អូញត្អែរ​ថា សហរដ្ឋ​អាមេរិក​និង​កងទ័ព​នាវា​ជើង​ទឹក​របស់​អាមេរិក​ធ្វើ «សមយុទ្ធ​បែប​ប្រឈម​មុខ​ផ្នែក​យោធា​ដែល​គ្មាន​ការ​ពិចារណា​និង​ចាត់​វិធានការ​បែប​អមិត្ត»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ព្រមាន​ថា៖ «ការគំរាម​កំហែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កូរ៉េ​ខាង​ជើង​កាន់តែ​គ្រោះថ្នាក់​ប៉ុណ្ណា លទ្ធផល​ផ្ទុយពី​ការរំពឹងទុក​ដែល​សហរដ្ឋ​អាមេរិក​នឹង​ទទួល​បាន​ដោយ​សមាមាត្រ​ទៅ​នឹង​ការ​គំរាមកំហែង​នោះ​គឺ​កាន់តែ​ខ្លាំងក្លា​ប៉ុន​នោះ»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សមយុទ្ធ​ផ្លូវ​អាកាស​រួម​គ្នា​ដែល​មាន​ការចូលរួម​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ B-1B និង​យន្តហោះ​ចម្បាំង​បំបាំង​កាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​សមុទ្រ​លឿង​នៅ​ភាគ​ខាង​លិច​ឧបទ្វីប​កូរ៉េ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថាសមយុទ្ធ​នេះ «បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ​និង​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការផ្ដល់​វិធី​កម្លា​រារាំង​ដ៏​ខ្លាំងក្លា​និង​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បន្ត​ទៀត​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង»។

ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ដើម​សប្ដាហ៍​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​សន្យា​បង្កើន​ការ​ដាក់​ពង្រាយ «ឧបករណ៍​យុទ្ធសាស្ត្រ» របស់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​រយៈ​ចម្ងាយ​ឆ្ងាយ យន្តហោះ​ដែល​មាន​សមត្ថភាព​បាញ់​នុយក្លេអ៊ែរ​បា​ និង​កង​នាវា​ដឹក​យន្តហោះ​ចម្បាំង​ផង​ដែរ។

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថាការបង្កើន​ការបង្ហាញ​អំពី​កម្លាំង​យោធា​ទាំង​នេះ​គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​បង្កហេតុ​របស់​កូរ៉េ​ខាង​ជើង ដែល​ក្នុង​ករណី​ជា​ច្រើន​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ថ្មី។

កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​យ៉ាង​តិច​៩៥គ្រាប់​កាលពី​ឆ្នាំ​មុន ដែល​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មី​មួយ​របស់​ខ្លួន៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG