ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន​​​ប្រកាស​​​ការ​សើរើ​​វិធានការ​​ការពារ​ជាតិ


នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២។

ដោយ​និយាយ​យោង​ដល់​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន​និង​ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី ១៦ ​ខែធ្នូ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida ​បានលាត​ត្រដាងការ​សើរើ​ធំ​មួយ​នៃយុទ្ធសាស្ត្រការពារ​ប្រទេស​ មាន​រួម​កំណើន​ចំណាយ​ច្រើន​ក្រាស់ក្រែលនិង​ការទិញអាវុធមានវង់​ប្រតិបត្តិការ​ឆ្ងាយ​សម្រាប់​ធ្វើការ​វាយប្រហារ​ជា​មុន។

នៅ​ក្នុងសន្និសីទ​កាសែត​មួយ​នាក្រុង​តូក្យូ​ លោក Kishida ​បានមាន​ប្រសាសន៍​ថា​ជាមួយ «​បរិយាកាស​សន្តិសុខ» ​ជុំវិញ​ប្រទេស​ជប៉ុន​មាន​អស្ថិរភាព​ជាង​មុន​ រដ្ឋាភិបាល​លោក​ពិចារណា​ថា​ តើ​កងកម្លាំង​ស្វ័យ​ការពារបច្ចុប្បន្ន​របស់​ជប៉ុនអាចធ្វើឱ្យ​រា​រាំង​ដល់​ការ​គំរាម​កំហែងដល់​ប្រទេស​ឬ​ទេ ​ផ្អែក​លើសមត្ថភាពនៃ​ប្រទេ​សប្រឆាំងនឹងជប៉ុននិង​វិធី​ប្រយុទ្ធ​ថ្មីៗ។​

លោក​បាន​និយាយថា ក្រោយ​ពី​បាន​ធ្វើការត្រាប់​ការប្រយុទ្ធ​ពិត​ប្រាកដ​មក ​ក៏​មាន​ការកំណត់​ថា​ ជប៉ុន​មាន​កង​កម្លាំង​ការពារ​ជាតិ​មិន​គ្រប់គ្រាន់​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​ថ្លែង​ថា ​តាម​រយៈ​យុទ្ធសាស្ត្រ​ថ្មីនេះ ​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ​ជប៉ុននឹង​អនុវត្ត​ផែនការ​មាន​ប្រាក់​ជាង ​៣២០​ ពាន់​លាន​ដុល្លារ​ ដើម្បី​បង្កើនកម្លាំង​កង​យោធា​ខ្លួន​ ដោយ​ចំណាយ​នេះជា ​២%​ នៃផលិតផល​សរុប​របស់​ប្រទេស​មិន​ហួស​ពីឆ្នាំ ២០២៧​ ទេ។

គេ​រាយការណ៍​ថា​ ផែនការ​នេះ​មិនមែនមាន​រួមតែ​ការបង្កើន​សមត្ថភាព​អាវុធ​ផលិត​ក្នុងប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ​តែ​ក៏​សម្រាប់​ទិញ​មីស៊ីល​ cruise ​ធុន ​Tomahawk ​មានវង់​ប្រតិបត្តិការ​ឆ្ងាយ​របស់​អាមេរិកយ៉ាង​តិច​ណាស់ ៤០០​ គ្រាប់ផង​ដែរ។

យុទ្ធសាស្ត្រការពារ​ប្រទេសនេះ​ដែល​ត្រូវ​បាន​ប្រកាស​ កាលពី​ថ្ងៃ​សុក្រ​ទី ១៦ ខែ​ធ្នូ​ក៏បាននិយាយ​យោង​ដល់ការលុកលុយ​របស់​រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន​ ជា​កត្តា​មួយនៃ​ការបង្កើន​កិច្ចការពារ​ប្រទេស ​ដោយ​បារម្ភ​ថា មហាអំណាច​ក្នុង​តំបន់​ដូចជា​ប្រទេស​ចិន​ជា​ដើម អាច​ចាត់​វិធានការ​ឯកតោ​ភាគីស្រដៀង​នឹងរុស្ស៊ី​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ កាលពី​ថ្ងៃទី ១៦ ខែធ្នូ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ​បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​ស្វាគមន៍​យុទ្ធសាស្ត្រសន្តិសុខ​ជាតិថ្មី​ យុទ្ធសាស្ត្រ​ការពារ​ជាតិនិងការបង្កើនវិធានការ​ការពារជាតិនៃ​ប្រទេស​ជប៉ុន។ លោក Blinken ​បាន​និយាយ​ថា ​ផែនការ​នេះ​នឹង«រៀបចំ​ជាថ្មីសមត្ថភាព​នៃ​សម្ព័ន្ធភាព​យើង ដើម្បី​ឧបត្ថម្ភសន្តិភាពនិង​ការពារ​សណ្តាប់ធ្នាប់ផ្អែក​លើបទបញ្ញត្តិ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ស្របពេលជាមួយគ្នានេះ ​ការស្ទង់មតិសាធារណៈបង្ហាញការ​គាំទ្រ​ដល់​កំណើន​ចំណាយខាង​ការពារ​ជាតិ ​ការបង្កើន​កម្លាំង​យោធា​មាន​ភាព​ចម្រូង​ចម្រាស់ ​ពីព្រោះ​រដ្ឋធម្មនុញ្ញជប៉ុន​នៅក្រោយ​សង្គ្រាម​លោក​ទីពីរ ​កម្រិត​កងកម្លាំង​ជាតិ​ត្រឹម​មុខនាទី​ការពារ​ប្រទេស​តែ​ប៉ុណ្ណោះ។​

នៅក្នុង​សុន្ទរកថារបស់លោក ​លោក​ Kishida បានមាន​ប្រសាសន៍​ថា ​យុទ្ធសាស្ត្រ​ថ្មី​នេះ​ «ស្ថិត​ក្នុង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ​ជប៉ុន ​ច្បាប់​អន្តរជាតិ​និង​ច្បាប់​ក្នុង​ប្រទេស» ​ហើយប្រកាន់​ខ្ជាប់​តាម​គោលនយោបាយការពារ​ជាតិ​គ្មាន​ងាក​រេ។

លោក​បាន​ពោល​ថា៖ «មាគ៌ា​របស់​ជប៉ុន​ជា​ប្រទេស​ជាតិ​មួយ​ស្រឡាញ់​សន្តិភាពនឹងមិន​ប្រែប្រួលទេ។​ យើង​នឹង​បន្ត​កិច្ច​ប្រឹងប្រែង​របស់​យើង ​មិនមែន​គ្រាន់តែ​ពន្យល់​ចំណុច​ទាំង​នេះដល់​សាធារណជនប៉ុណ្ណោះ​ទេ ​តែ​ក៏​ពន្យល់ដល់​បណ្តា​ប្រទេសមាន​ពាក់ព័ន្ធ​ដែរ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ការយល់ដឹង​ផង​ដែរ»៕

XS
SM
MD
LG