ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ដ្រូន​កូរ៉េខាងជើង​ហោះ​បំពាន​ចូល​ដែន​អាកាស​​កូរ៉េខាងត្បូង


មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំបក្សនៅទីក្រុង​ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ រូបភាពនេះត្រូវបានចេញផ្សាយដោយសារព័ត៌មាន KCNA កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំបក្សនៅទីក្រុង​ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ រូបភាពនេះត្រូវបានចេញផ្សាយដោយសារព័ត៌មាន KCNA កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។

យោធា​កូរ៉េខាង​ត្បូងសម្តែង​ការ​សោកស្តាយ​ថា​ ខ្លួនមិន​បាន​បាញ់​ទម្លាក់យន្តហោះ​ឈ្លប​យក​ការណ៍​ណា​មួយ​ក្នុង​ចំណោមយន្តហោះ​ដ្រូនគ្មាន​មនុស្ស​បើក​ស៊ើបការណ៍​ទាំង​ ៥​ របស់​កូរ៉េខាងជើង ដែលបាន​ហោះ​បំពាន​ចូល​ក្នុង​ដែន​អាកាស​របស់ខ្លួន ហើយក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​សន្យា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ ខ្លួន​នឹង​មិន​បណ្តោយ​ឱ្យ​រឿង​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត​នោះ​ឡើយ​ ក្នុង​ពេល​អនាគត។​

យន្តហោះ​ដ្រូន​មួយ​ក្នុង​ចំណោមដ្រូន​ទាំង​ ៥ ​គ្រឿង​របស់​កូរ៉េខាង​ជើង​ បាន​ហោះ​មក​គៀក​នឹង​តំបន់​ប្រជុំជន​ភាគ​ខាង​ជើង​រដ្ឋធានី​សេអ៊ូល​របស់​កូរ៉េខាង​ត្បូង​ កាល​ពីរសៀល​ថ្ងៃចន្ទ​កន្លង​ទៅ​ ហើយស្ថិត​ក្នុង​តំបន់​នោះ​ប្រមាណជា ​៣ ​ម៉ោង​ មុន​ហោះ​ត្រឡប់ទៅកាន់​ប្រទេស​កូរ៉េខាង​ជើង​វិញ។​ ប៉ុន្តែ​យោធា​កូរ៉េខាង​ត្បូង​ថា​ ខ្លួន​បានបាត់​សញ្ញា​នៃ​យន្តហោះ​ដ្រូន​ ៤ ​គ្រឿង​ផ្សេង​ទៀត ហើយ​រក​មិន​ឃើញនោះ​ឡើយ។ នេះ​បើ​តាមការ​លើក​ឡើង​របស់​ក្រុមមន្ត្រីកូរ៉េខាង​ត្បូង។​

​នៅ​ក្នុង​ការ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​អង្គារម្សិលមិញ​ ​អគ្គសេនាធិការកងទ័ព​កូរ៉េខាង​ត្បូងបាន​ទទួល​ស្គាល់​ថា​ ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​ មានឧបករណ៍ល្អ​ក្នុង​ការចាប់​ស្ទាក់​និង​ធ្វើ​ការ​វាយប្រហារទៅ​លើ​ប្រភេទ​យន្តហោះ​ដ្រូនដែល​បំពាក់​អាវុធ​របស់​កូរ៉េខាង​ជើង​ ដែល​មាន​ទំហំធំជាង​និង​បង្ក​ការ​គំរាមកំហែង​ធំជាងដ្រូន​ស៊ើបការណ៍។​ យន្តហោះ​ដ្រូនរបស់​កូរ៉េខាង​ជើង​ដែល​ត្រូវ​បាន​បញ្ជូន​មក​ស៊ើប​ការណ៍​លើ​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ថ្ងៃចន្ទ​កន្លង​ទៅនេះ​ មាន​ប្រវែង​ខ្លី​ជាង ​៣ ​ម៉ែត្រ​តែ​ប៉ុណ្ណោះ។​

​ហេតុការណ៍​នេះ​បាន​បង្ហាញ​ពីការលំបាក​ក្នុង​ការ​ការពារ​ជាតិ​ពីដ្រូន​តូចៗ​ ដែល​គ្មាន​មនុស្សបើកឬ​ហៅ​ថា ​UAV​ ដែល​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ខ្ពស់​របស់​វា​ នៅ​ក្នុង​សង្គ្រាមសម័យ​ទំនើប​នេះ។​

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​រំលោភ​បំពាន​របស់​កូរ៉េខាង​ជើង​នោះ​ យោធាកូរ៉េខាងត្បូង​និយាយ​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ នូវ​ការ​ការពារ​ដែន​អាកាស​របស់​ខ្លួន​ ​ដែលក្នុង​នោះ​ក៏​រួម​មាន​ផង​ដែរ​ ការ​បង្កើតអង្គភាព​យន្តហោះ​ដ្រូន​ពិសេស​មួយ​ ​និង​ការ​បង្កើត​នូវ​សមត្ថភាពដើម្បី​បាញ់​ទម្លាក់យន្តហោះដ្រូន​របស់​សត្រូវ​ ដោយ​ប្រើ​ប្រព័ន្ធ​រលក​អាកាស​វិទ្យុ និង​កាំរស្មី​ឡាហ្ស៊ែរ​ផង​ដែរ។​ ​

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់នៅ​ឡើយ​ទេ​ថា​ តើ​អ្វីទៅ​ជា​បំណង​ពិត​ប្រាកដរបស់កូរ៉េខាង​ជើង​ ដែល​បាន​បញ្ជូន​យន្តហោះដ្រូនមក​ឈ្លបការណ៍​ក្នុងប្រទេស​កូរ៉េខាង​ត្បូង​នោះ។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងមិន​បាន​បញ្ជាក់​ពី​សកម្មភាពរបស់​ខ្លួននោះ​ឡើយ ដែលនេះ​ជា​លើក​ទី​១​ហើយ​ ដែល​យន្តហោះ​ដ្រូនរបស់​កូរ៉េខាង​ជើង​ បានហោះ​បំពាន​ដែន​អាកាស​របស់​កូរ៉េខាង​ត្បូង​ក្នុង​រយៈពេលជាង​៥​ឆ្នាំ​កន្លង​ទៅ៕

XS
SM
MD
LG