ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ការពារ​ដ៏​សំខាន់​ជាមួយ​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ផ្លាស់ប្តូរឯកសារក្នុងពិធីចុះហត្ថលេខាលើភាពជាដៃគូថ្មីនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ផ្លាស់ប្តូរឯកសារក្នុងពិធីចុះហត្ថលេខាលើភាពជាដៃគូថ្មីនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ការពារ​ដ៏​សំខាន់​ជាមួយ​រុស្ស៊ី ដោយ​ព្រម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​យោធា។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAP ដោយ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​អង្គារ។

​ការ​ផ្តល់​សច្ចាប័ន​នេះ ធ្វើ​ឡើង​ពេល​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​អ៊ុយក្រែនថា ​កូរ៉េ​ខាង​ជើង បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​កាន់​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​រុស្ស៊ី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន។

រុស្ស៊ី​បាន​បញ្ចប់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ កាល​ពី​សប្ដាហ៍​មុន ក្រោយ​ពី​សន្ធិសញ្ញា​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un កាល​ពី​ខែ​មិថុនា។ សន្ធិសញ្ញា​នេះ ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​កិច្ច​ព្រមព្រៀង​ការពារ​គ្នា​ទៅវិញទៅ​មក​ដ៏​ធំ​បំផុត​របស់​ប្រទេស​ទាំង​ពីរ​ ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​បញ្ចប់​ទៅ។

សន្ធិសញ្ញា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នេះ​ នឹង​ចូល​ជា​ធរមាន​ពេល​ភាគី​ទាំង​ពីរ​ផ្តោះ​ប្តូរ​ឯកសារ ​អំពី​សច្ចាប័ន​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA (Korean Central News Agency)។ កូរ៉េ​ខាង​ជើង​ បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ តាមរយៈ​ក្រឹត្យ​មួយ​ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ប្រមុខ​រដ្ឋលោក Kim Jong Un។ នេះ​បើ​ផ្អែក​តាម KCNA។​

រដ្ឋ​សភា​ប្រថាប់​ត្រា​របស់​កូរ៉េ​ខាង​ជើង មាន​សិទ្ធិ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា តែ​លោក Kim ក៏​អាច​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​សំខាន់ៗ​ដោយ​ឯកតោ​ភាគី​បាន​ដែរ។ នេះ​បើ​យោង​តាម​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េ​ខាង​ត្បូង។

សន្ធិសញ្ញា​នេះ តម្រូវ​ឲ្យ​ប្រទេស​ទាំង​ពីរ​ប្រើប្រាស់​មធ្យោបាយ​នានា​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ផ្តល់​ជំនួយ​យោធា​ភ្លាមៗ បើ​ភាគី​ណាមួយ​រង​ការ​វាយប្រហារ។ សន្ធិសញ្ញា​នេះ ក៏​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្រទេស​ទាំង​ពីរ សហការ​គ្នា​យ៉ាង​សកម្ម​ ក្នុង​កិច្ច​ប្រឹងប្រែង​បង្កើត«‍​របៀបរបប​ពិភពលោក​ពហុ​ប៉ូល​ថ្មី​និង​យុត្តិធម៌» និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​រួម​ទាំងថាមពល​បរមាណូ​ស៊ីវិល ​អវកាស ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។

អ្នក​តាម​ដាន​ខ្លះ​សន្និដ្ឋាន​ថា ​ការ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​រវាង​ប្រទេស​ទាំង​ពីរ​នេះ អាច​ផ្តល់​សញ្ញា​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង​អាច​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ជា​ផ្លូវការ​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ៕

XS
SM
MD
LG