ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ស្ដី​ពី​បញ្ហា​សន្តិសុខ


រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Michael Pompeo ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រី​ក្នុង​ស្រុក​ពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​យោធានៅក្រុង Subang ក្បែរ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​២ សីហា ២០១៨។
រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Michael Pompeo ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រី​ក្នុង​ស្រុក​ពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​យោធានៅក្រុង Subang ក្បែរ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​២ សីហា ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Mike Pompeo ​នឹង​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​នានា​នៃ​បណ្ដា​ប្រទេស​អាស៊ាន នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​សប្ដាហ៍​នេះ។

លោក​ Pompeo នឹង​ផ្សព្វ​ផ្សាយ​ទស្សន​វិស័យ​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ​ អំពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី និង​បើក​ចំហ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង​ប្រហែល​ជា​ចំណុច​ផ្ដោត​ខ្លាំង​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ។

នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ី​បូព៌ា ​លោក Pompeo នឹង​ជួប​ជាមួយ​នឹង​សមភាគី​ទាំង ១៧រូប​ របស់​លោក​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ នៅ​ក្នុង​រដ្ឋ ​Rakhine ប្រទេស​មីយ៉ាន់ម៉ា បញ្ហា​សន្តិសុខ​អ៊ីនធឺណិត និង​បញ្ហា​ផ្សេងៗ​ទៀត។

ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា​តើ​លោក​ Pompeo ​នឹង​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក ​Ri Yong Ho ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​ចូលរួម​នៅ​ក្នុង​វេទិកា​ថ្នាក់​តំបន់​អាស៊ាន​នេះ​ដែរ ក្នុង​ចំណោម​ប្រទេស​ចំនួន​២៧។ ដូច្នេះ​ប្រាកដ​ជា​មាន​ការ​ពិភាក្សាពី​បញ្ហា​កូរ៉េ​ខាង​ជើង​ដែរ»។
មន្រ្តី​រូប​នោះ​បាន​ថ្លែង​បន្ត​ថា «នឹង​មាន​ការជួប​ប្រជុំ​ជាមួយ​ភាគី​ផ្សេងៗ​នៅ​ឯ​កិច្ច​ប្រជុំ​សំខាន់ៗ​ដូច​ពេល​នេះ​ដែល​បាន​គ្រោង​ទុក​ និង​មិន​បាន​គ្រោង​ទុកប៉ុន្តែ​គ្មាន​ការ​ប្រកាស​ពី​ការប្រជុំ​ទ្វេភាគី​ទេ»។
មន្រ្តី​មក​ពី​ក្រសួង​ការបរទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ថា​ ខ្លួន​បាន​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​លោក ​Sergey Lavrov ​រដ្ឋមន្រ្តី​ការបរទេស​ និង​ភាគី​នានា​មក​ពី​ប្រទេស​ជាច្រើន​រួម​ទាំង​សហរដ្ឋអាមេរិក​ផងដែរ។

លោក ​Mohammad Javad Zarif​ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ​ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​មក​ពីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​គ្មាន​គម្រោង​ជួប​ប្រជុំ​ជាមួយ​នឹង​អ៊ីរ៉ង់​នោះ​ទេ។

ក្ដី​បារម្ភ​អំពី​សកម្មភាព​នុយក្លេអ៊ែរ និង​មីស៊ីល​ជា​បន្ត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​កើន​ឡើង​បន្ទាប់ពី​សារព័ត៌មាន ​The Washington Post បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ជឿ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​បន្ត​ផលិត​មីស៊ីល​ថ្មី​នៅ​ក្នុង​រោងចក្រ​ស្រាវជ្រាវ​ដែល​កូរ៉េ​ខាង​ជើង​បាន​ប្រើ​ដើម្បី​ផលិត​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប ដែល​អាច​មាន​លទ្ធភាព​ហោះ​ដល់​តំបន់​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក​បាន។

មន្រ្តី​ជាន់ខ្ពស់​រូប​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​របាយការណ៍​នេះ​ទេ និង​បាន​និយាយ​ថា​ លោក​នឹង​មិន​ពិភាក្សា​អំពី​ការងារ​ស៊ើបការណ៍​សម្ងាត់​នេះ​ទេ។

ប្រទេស​សិង្ហបុរី​គឺ​ជា​ទីតាំង​ជំនួប​កំពូល​រវាង​លោកប្រធានាធិបតី ដូណាល់ ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន កាល​ពី​ខែមិថុនា​កន្លង​ទៅ​ ដែល​មេដឹក​ទាំងពីរ​បាន​ស្នើ​ឲ្យ​ធ្វើ​ការរួមគ្នា​ដើម្បី​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​ទាំង​មូល។
ប៉ុន្តែ​ក្រុម​ជំនាញ​បាន​និយាយ​ថា ​ប្រទេស​កូរ៉េខាងជើង​ហាក់​ដូចជា​បង្ហាញ​ថា​កំពុង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​និង​កាំជ្រួញ​ម៉ីស៊ីល​របស់​ខ្លួន​ ហើយ​ថា​ភាគី​ទាំង​ពីរ​ចាំបាច់​ត្រូវ​ពិភាក្សា​ជា​មួយ​គ្នា​បន្ត​ទៀត​ដើម្បី​ចាប់ផ្តើម​ឈាន​ទៅ​អនុវត្ត​ដំណើរការ​ធ្វើ​មិនឲ្យ​មាន​នុយក្លេអ៊ែរ​នេះ៕

ប្រែសម្រួល​ដោយ​ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG