ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ជើង​បាន​ប្តេជ្ញា​ថា​ នឹង​មិនប្រើ​អាវុធ​នុយក្លេអ៊ែរ​ទេ លុះត្រា​ណា​តែមាន​ការ​គម្រាម​កំហែង


លោក គីម ជុងអ៊ុន (ខាងលើ) មេដឹកនាំ​កូរ៉េខាង​ជើង ​បាន​ប្រាប់​សមាជ​គណបក្ស​កាន់​អំណាច​ថា ​ប្រទេស​របស់​ខ្លួន ​នឹង​មិន​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទេ ​ប្រសិន​បើ​បូរណភាព​ទឹកដី​របស់​ខ្លួន​មិន​បាន​ទទួល​រង​ការគំរាម​កំហែង​ដោយ​មហាអំណាចនុយក្លេអ៊ែរ​ផ្សេង​ទៀត​ទេ​នោះ។

ទីភ្នាក់​ងារ​បណ្តាញ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​កូរ៉េខាង​ជើង ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាង​ជើង ​បាន​ប្រាប់​សមាជ​គណបក្ស​កាន់​អំណាច​ថា ​ប្រទេស​របស់​ខ្លួន ​នឹង​មិន​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទេ ​ប្រសិន​បើ​បូរណភាព​ទឹកដី​របស់​ខ្លួន​មិន​បាន​ទទួល​រង​ការគំរាម​កំហែង​ដោយ​មហាអំណាចនុយក្លេអ៊ែរ​ផ្សេង​ទៀត​ទេ​នោះ។

សេចក្តី​រាយការណ៍​របស់ទី​ភ្នាក់​ងារ​ព័ត៌មាន KCNA ​បាន​ប្រាប់​ឲ្យដឹង​ថា​លោក គីម ជុងអ៊ុន ក៏មាន​ឆន្ទៈ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនងប្រក្រតី​ភាព​ឡើង​វិញ​ជាមួយ​រដ្ឋ​នានា​ដែល​មាន​អារិភាព​ជាមួយ​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង ​ហើយ​បាន​រាយការណ៍​ទៀត​ថា​លោក គីម ជុងអ៊ុន បាន​អំពាវនាវ​ឲ្យមាន​ការ​ចរចា​កាន់​តែច្រើន​ឡើង​ជាមួយ​កូរ៉េខាង​ត្បូង​ដើម្បីកាត់​បន្ថយ​ការមិនទុក​ចិត្ត​គ្នា​ហើយ​ការ​យល់​ច្រឡំ​កាន់​តែខ្លាំង​នៅ​ពេល​អនាគត។

សេចក្តី​រាយការណ៍​នោះ​បាន​ដក​ស្រង់​សម្តី​របស់​លោកគីម​មក​ចុះ​ផ្សាយ​ថា «​ក្នុង​ឋានៈ​ជា រដ្ឋ​នុយក្លេអ៊ែរ​ដែល​មានការ​ទទួល​ខុសត្រូវ ​សាធារណរដ្ឋ​របស់​យើង ​នឹង​មិន​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ ​ប្រសិន​បើ​បូរណភាព​ទឹកដី​របស់​យើង មិនរង​ការ​ឈ្លាន​ពាន​ពី​កង​កម្លាំង​អារិភាពដោយ​អាវុធ​នុយក្លេអ៊ែរ​ទេ‍»។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​ការ​សន្យា​របស់​លោកគីម ចង្អុល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ណាមួយ​នូវ​គោល​ជំហរ​របស់​កូរ៉េខាង​ជើង​ចំពោះ​ប្រទេស​ជិតខាង​របស់​ខ្លួន​និង​សហរដ្ឋអាមេរិកដែរ​ឬទេ។ កាល​ពី​ខែ​មីនា ​កូរ៉េខាង​ជើង​បាន​គម្រាមវាយ​ប្រហារ​អាវុធ​នុយក្លេអ៊ែរ ដោយ​មិន​រើសមុខ​ទៅ​លើ​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូងនៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើសមយុទ្ធ​យោធា​រួមគ្នា។

អត្ថាធិប្បាយ​របស់​លោក គីម ជុងអ៊ុន កាល​ពី​ថ្ងៃ​សុក្រ​ទៅ​កាន់​ប្រតិភូ​៣.​៤០០​នាក់ ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​កូរ៉េខាង​ត្បូងឃ្លាំមើល​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើការ​គម្រាម​កំហែង​នៃ​ការ​សាកល្បង​ទាក់ទិន​នឹង​អាវុធ​នុយក្លេអ៊ែរ​ដោយ​កូរ៉េខាង​ជើង​នៅ​ពេល​អានាគត​ឆាប់​ៗ​នេះ។

អង្គការ​សហប្រជាជាតិ ​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ប្រឆាំង​នឹងរដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​កាល​ពី​ខែ​មីនា ​បន្ទាប់​ពីការ​សាកល្បង​លើក​ទី​៤​របស់​រដ្ឋ​កុម្មុយនិស្តនេះ​និងការ​បាញ់​បង្ហោះកាំជ្រួច​រយៈចម្ងាយ​ឆ្ងាយ​ដែល​ត្រូវ​បាន​គេ​មើល​ជាទូ​ទៅ​ឃើញ​ថា ​ជាការ​លាក់​បំបាំង​ការសាកល្បង​កាំជ្រួចមីស៊ីល​ប៉ាលីស្ទិក៕

XS
SM
MD
LG