មេដឹកនាំអូស្ត្រាលី និងមេដឹកនាំនៃបណ្ដាប្រទេសអាស៊ានបានបិទបញ្ចប់កិច្ចប្រជុំថ្នាក់តំបន់មួយនៅថ្ងៃអាទិត្យនេះ ដោយប្រកាន់នូវគោលជំហរប្រឆាំងនឹងទស្សនៈគាំពារនិយមចំពោះតែផលិតផលក្នុងប្រទេស។ ពួកគេបានអះអាងគាំទ្រចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុជាតិ ស្របពេលដែលមានការកើនឡើងនូវការភ័យខ្លាចដែលថា គម្រោងរបស់សហរដ្ឋអាមេរិកក្នុងការយកពន្ធគយថ្មីលើផលិតផលនាំចូលមួយចំនួនអាចបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មនៅលើពិភពលោក។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីបិទបញ្ចប់កិច្ចប្រជុំអូស្ត្រាលីអាស៊ានយ៉ាងដូច្នេះថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈសេរី បើកចំហ និងផ្អែកលើច្បាប់ គឺជាកត្តាចម្បងចំពោះភាពរីកចម្រើន និងវិបុលភាពនៅក្នុងតំបន់»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសអំពីការយកពន្ធគយថ្មីនេះកាលពីថ្ងៃទី ៧ ខែមិនាកន្លងទៅនេះ ដើម្បីការពាររោងចក្រផលិតដែកថែប និងអាលុយមីញ៉ូមនៅក្នុងសហរដ្ឋអាមេរិក ដោយផ្អែកលើហេតុផលសន្តិសុខជាតិ។ សហរដ្ឋអាមេរិកក៏គ្រោងនឹងយកពន្ធគយរហូតដល់ចំនួន ៦០ ពាន់លានដុល្លារអាមេរិកផងដែរ ចំពោះការនាំចូលផលិតផលផ្សេងៗទាក់ទិននឹងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ពីប្រទេសចិន។
លោក Lee Hsien Loong និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានជំរុញឲ្យអាស៊ានធ្វើការឯកភាពគ្នាឲ្យបានឆាប់ចំពោះកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀងគាំទ្រដោយប្រទេសចិនមួយ ជំនួសឲ្យកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ដែលលោក Trump បានដកសហរដ្ឋអាមេរិកចេញកាលពីឆ្នាំមុន៕