ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​បាញ់​សាកល្បង​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​ពីរ​គ្រាប់


រូបឯកសារ៖ មនុស្សម្នា​ឈរ​មើល​ព័ត៌មាន​ដែល​ផ្សាយ​អំពី​ការ​ធ្វើ​តេស្ត​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១។ (AP Photo/Lee Jin-man)
រូបឯកសារ៖ មនុស្សម្នា​ឈរ​មើល​ព័ត៌មាន​ដែល​ផ្សាយ​អំពី​ការ​ធ្វើ​តេស្ត​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង​ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១។ (AP Photo/Lee Jin-man)

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​ចំនួន​ពីរ​គ្រាប់​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា៖ «កាលពី​ព្រឹក​មិញ​នេះ យើង​បាន​រក​ឃើញ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​ពីរ​គ្រាប់​ចេញ​ពី​តំបន់ Onchon ខេត្ត South Pyongan ប្រទេស​កូរ៉េ​ខាង​ជើង ចូល​ទៅ​សមុទ្រ​ភាគ​ខាង​លិច»។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា៖ «យោធា​សហរដ្ឋ​អាមេរិក​និង​យោធា​កូរ៉េ​ខាង​ត្បូង​កំពុង​វិភាគ​លើ​ចំណុច​សម្អិត​ដូចជា​ចម្ងាយ​ដែល​គ្រាប់​មីស៊ីល​ទាំង​នេះ​បាន​ហោះ​ជាដើម»។

ប្រទេស​កូរ៉េ​ខាង​ជើង​មិន​បាន​សាកល្បង​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​នេះ​តាំង​ពី​ខែ​មករា​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង។ មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​នេះ​មិន​ត្រូវ​បាន​រារាំង​នៅ​ក្រោម​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​ដាក់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ។

បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​នេះ​មក ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ​នេះ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ត្រឡប់​ទៅ​រក​វិធី​ការទូត​វិញ​ក្នុង​គោល​បំណង​ប្ដូរ​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ជាមួយ​នឹង​ផល​ប្រយោជន៍​សេដ្ឋកិច្ច។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ភាព​តានតឹង​អាច​កើនឡើង​បន្ថែម​ទៀត​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​រារាំង​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាង​ជើង។

កន្លង​មក កូរ៉េ​ខាង​ជើង​បាន​ហៅ​ការ​ធ្វើ​សមយុទ្ធ​ដូច​នេះ​ថា​ជា​ការ​ហាត់សម​ដើម្បី​ឈ្លានពាន​ខ្លួន ហើយ​ជា​រឿយៗ​បាន​ឆ្លើយតប​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​ទាំង​នេះ​ដោយ​ការ​សាកល្បង​មីស៊ីល​ឬ​ក៏​វិធី​បង្កហេតុ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG