អ្នកនាំពាក្យកូរ៉េខាងជើងម្នាក់បាននិយាយនៅថ្ងៃព្រហហស្បតិ៍នេះថា ការបាញ់សាកល្បងកាំជ្រួចម៉ីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក និងគម្រោងដាក់ពង្រាយយន្តហោះចម្បាំង និងបរិក្ខាយោធានៅជុំវិញឧបទ្វីបកូរ៉េនាពេលថ្មីៗនេះនឹងបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីមួយនៅក្នុងតំបន់។
អ្នកនាំពាក្យរូបនោះបានអានសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់រដ្ឋាភិបាលដែលមានខ្លឹមសារថា «កូរ៉េខាងជើងនៅរក្សាជំហររបស់ខ្លួនមិនប្រែប្រួលដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់ តាមរយៈការសន្ទនារ និងការចរចា ប៉ុន្តែការសន្ទនារដែលភ្ជាប់ជាមួយនូវការគំរាមកំហែងយោធា យើងគ្មានចំណាប់អារម្មណ៍ទេ»។
ការប្រកាសអំពីជំហររបស់កូរ៉េខាងជើងដូច្នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រេសិតអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Stephen Biegun បានប្រកាសថារដ្ឋបាលលោក Trump ត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីបន្តការចរចាកម្រិតការងារស្តីពីបញ្ហានុយក្លេអ៊ែរ បន្ទាប់ពីជំនួបកំពូលលើកទីពីររវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
អនុប្រធានទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Kim Hyun-Chong បានថ្លែងថា លោកសង្ឃឹមថាការចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងដំណើរការបានល្អ បើទោះបីជាមានការមិនពេញចិត្តពីសំណាក់កូរ៉េខាងជើងទៅលើការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិកក៏ដោយ។
ទោះបីជាលោក Trump និងលោក Kim ធ្លាប់បានជួបចរចាគ្នាចំនួនពីរដង និងការជួបទល់មុខគ្នារយៈពេលខ្លីមួយរួចមកហើយយ៉ាងណាក៏ដោយ ក៏រហូតមកទល់នឹងពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយមហច្ឆិតានុយក្លេអ៊ែរនៅឡើយទេ៕