ប្រទេសកូរ៉េខាងជើងបានសាកល្បងគ្រាប់មីស៊ីលចម្ងាយឆ្ងាយចំនួន២គ្រាប់ ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសឯកោមួយនេះ។
បណ្តាប្រធានខុទ្ទកាល័យរបស់ប្រទេសកូរ៉េខាងត្បូងបានថ្លែងថា គ្រាប់មីស៊ីលនោះបានហោះក្នុងចម្ងាយ៨០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃសុក្រ។ គ្រាប់មីស៊ីលមួយគ្រាប់ដែលអាចហោះទៅដល់ប្រទេសជប៉ុន បានផ្ទុះនៅពេលហោះបានពាក់កណ្តាលផ្លូវ។
ប្រទេសកូរ៉េខាងជើងមិនបានប្រកាសពីតំបន់ដែលត្រូវបាញ់គ្រាប់មីស៊ីលជាមុននោះទេ ទោះបីជាសន្ធិសញ្ញាអន្តរជាតិតម្រូវឲ្យបណ្តាប្រទេសដែលគ្រោងនឹងបាញ់គ្រាប់មីស៊ីលត្រូវព្រមានកុំឲ្យនាវានានាធ្វើចរាចរណ៍នៅតំបន់ដែលត្រូវបាញ់គ្រាប់មីស៊ីលជាមុនក៏ដោយ។
កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនបានតាមដានគ្រាប់មីស៊ីលនោះ និងកំពុងតែពិនិត្យស្ថានភាពជាក់ស្តែង។
យោងតាមក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក ការបាញ់គ្រាប់មីស៊ីលនេះមិនមែនជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក ឬក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកនោះទេ។
ការបាញ់គ្រាប់មីស៊ីលនេះគឺបំពានទៅនឹងសេចក្តីសម្រេចមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃពុធបានចុះហត្ថលេខាលើបទបញ្ជាមួយ ក្នុងការដាក់ទណ្ឌកម្មថ្មីដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីជាការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែរ និងការបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយរបស់រដ្ឋាភិបាលផ្តាច់ការមួយនេះ។
កាលពីដើមសប្តាហ៍នេះ សារព័ត៌មានរបស់រដ្ឋក្នុងប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបញ្ជាឲ្យធ្វើការសាកល្បងនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលចម្ងាយឆ្ងាយដែលមានសមត្ថភាពអាចយោងក្បាលគ្រាប់នុយក្លេអ៊ែរបាន៕