សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាជារួមប្រចាំឆ្នាំកាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានគំរាមថា ខ្លួននឹងសងសឹកប្រសិនបើល្បែងសង្រ្គាមនេះក្លាយទៅជាការវាយប្រហារ។ កូរ៉េខាងជើងតែងតែធ្វើការគំរាមយ៉ាងដូច្នេះជារៀងរាល់ឆ្នាំ។
សមយុទ្ធប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងមានរយៈពេល៨សប្តាហ៍ ហើយត្រូវបានគេគ្រោងទុកជាមុនយ៉ាងម៉ត់ហ្មត់។ សមយុទ្ធកាលពីថ្ងៃសៅរ៍បានចាប់ផ្តើមឡើងដោយកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជិះយានយន្តសម្រាប់ប្រយុទ្ធទៅកាន់ឆ្នេរសមុទ្រមួយនៅប៉ែកខាងកើតប្រទេសកូរ៉េខាងត្បូង។
ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងហៅសមយុទ្ធនេះថាជា «សមយុទ្ធដ៏ធំជាងគេបង្អស់» ដោយមានកងកម្លាំងយោធារបស់កូរ៉េខាងត្បូងចំនួន៣០០.០០០នាក់និងកងកម្លាំងយោធារបស់អាមេរិកមានយ៉ាងហោចណាស់ចំនួន១៧.០០០នាក់ចូលរួម។
នៅក្នុងសារលិខិតមួយរបស់អាមេរិកដែលបានចេញផ្សាយមុនពេលដែលសមយុទ្ធនេះបានចាប់ផ្តើម មានសេចក្តីថា នាវាចម្បាំងរបស់អាមេរិកចំនួនប្រមាណ៥៥គ្រឿង និងនាវារបស់អាមេរិកនិងកូរ៉េខាងត្បូងចំនួន៣០គ្រឿងកំពុងតែចូលរួមនៅក្នុងល្បែងសង្គ្រាមក្បែរទីក្រុង Pohang។
កងយោធារបស់កូរ៉េខាងជើងបានថ្លែងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដោយប្រើប្រាស់យុទ្ធសាស្រ្តប្រយុទ្ធដ៏ច្បាស់លាស់និងខ្លាំងក្លាបំផុតរបស់កូរ៉េ។
ជាការឆ្លើយតបនឹងការគំរាមកំហែងនេះ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង ក៏បានព្រមានដល់រដ្ឋាភិបាលក្រុង Pyongyang ពីឥរិយាបថគឃ្លើននិងបង្ករឿងរបស់កូរ៉េខាងជើងផងដែរ៕