វីអូអេផ្នែកផ្សាយជាភាសាកូរ៉េ បានរាយការណ៍ថា កាលពីថ្ងៃសុក្រក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប. បានអនុម័តសេចក្តីសម្រេចចិត្តមួយថ្កោលទោសអាជ្ញាធរកូរ៉េខាងជើងអំពីការរំលោភលើសិទ្ធិមនុស្ស។
សេចក្តីសម្រេចនេះដែលត្រូវបានឧបត្ថម្ភផ្ចុងផ្តើមដោយសហភាពអឺរ៉ុបនិងប្រទេសជប៉ុន បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យដាក់ការទទួលខុសត្រូវលើពួកមេដឹកនាំកូរ៉េខាងជើងចំពោះការរំលោភលើសិទ្ធិមនុស្សរបស់ពួកគេ។ សេចក្តីសម្រេចចិត្តនេះក៏បានស្វាគមន៍ផងដែរដល់សេចក្តីសម្រេចចិត្តមួយអនុម័តដោយមហាសន្និបាត អ.ស.ប. កាលពីខែធ្នូឆ្នាំមុន។ សេចក្តីសម្រេចចិត្តនេះបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ឲ្យពិចារណាបញ្ជូនបញ្ហាស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។
កូរ៉េខាងជើងច្រានចោលសេចក្តីសម្រេចចិត្តនេះ៕