ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​ថា ជម្រើស​ទាំង​អស់​គឺ​អាច​ប្រើប្រាស់​បាន​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក្នុង​សន្និសីទ​កាសែត​រួម​មួយ​នៅ​វិមាន Akasaka កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​តូក្យូ។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក្នុង​សន្និសីទ​កាសែត​រួម​មួយ​នៅ​វិមាន Akasaka កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​តូក្យូ។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ជម្រើស​ទាំង​អស់​គឺ​អាច​ប្រើប្រាស់​បាន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​ទៅ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trumpនៅ​ឯ​វិមាន Akasaka ក្នុង​ទីក្រុង​តូក្យូ លោក Shinzo Abe បាន​និយាយ​ថា «គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​ចរចា ដើម្បី​តែ​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នោះ​ទេ» ហើយ​ពេល​វេលា​បាន​មក​ដល់​ហើយ​ក្នុង​ការ​ដាក់​សម្ពាធ​កម្រិត​អតិបរមា​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ក្រោយ​ពី​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​ពីរ​មក លោក Abe និង​លោក Trump បាន​អះអាង​ថា បញ្ហា​កូរ៉េ​ខាង​ជើង​គឺ​ជា​ប្រធានបទ​អាទិភាព​សម្រាប់​ការ​ពិភាក្សា​របស់​លោក​ទាំង​ពីរ។

លោក Trump បាន​ហៅ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​សមត្ថភាព​ក្នុង​ការ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ថា​ជា «ការ​គំរាម​កំហែង​ចំពោះ​បណ្ដា​ប្រទេស​ដែល​មាន​អារ្យធម៌​ខ្ពង់ខ្ពស់ និង​ចំពោះ​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ»។

លោក Trump បាន​បញ្ជាក់​ឡើង​វិញ​ថា ពេលវេលា​នៃ​ការ​អត់ធ្មត់​បែប​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​ព្យាយាម​ដោះស្រាយ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​គឺ​ចប់​ហើយ។

លោក Trump ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un គួរតែ​បញ្ជូន​ជនជាតិ​ជប៉ុន​ដែល​ភ្នាក់ងារ​កូរ៉េ​ខាង​ជើង​ចាប់ជំរិត​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន និង​ដែល​នៅ​រស់រាន​មាន​ជីវិត​មក​កាន់​ប្រទេស​ជប៉ុន​វិញ។

ចំណែក​ឯ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe វិញ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​រួម​គ្នា​នោះ​ថា នៅ ថ្ងៃ​អង្គារ​ស្អែក លោក​នឹង​ប្រកាស​ថា ប្រទេស​ជប៉ុន​នឹង​បង្ខាំង​ទុក​ទ្រព្យសម្បត្តិ​របស់​ក្រុម និង​បុគ្គល​ជនជាតិ​កូរ៉េ​ខាង​ជើង​ប្រហែល ៣០ នាក់៕

XS
SM
MD
LG