ប្រទេសកូរ៉េខាងជើងបានបញ្ជាក់អះអាងជាសាធារណៈជាលើកដំបូងបង្អស់ថា ទាហានអាមេរិកាំងឈ្មោះ Travis King កំពុងស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ទាហានរូបនេះបានរត់ចូលទៅកាន់ទឹកដីកូរ៉េខាងជើងនៃតំបន់សន្តិសុខរួម (JSA) នៅតំបន់គ្មានយោធា (DMZ) ជិតមួយខែកន្លងមក ដោយបានក្លាយជាទេសចរដែលគេស្គាល់ដំបូងគេបង្អស់ដែលធ្វើដូច្នេះ។
រដ្ឋាភិបាលកូរ៉េខាងជើងកំពុងស៊ើបអង្កេតលើទាហានដែលមានឋានៈជាពលឯករូបនេះចំពោះ«ការចូលដោយខុសច្បាប់» ទៅក្នុងទឹកដីកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងនៅថ្ងៃពុធនេះ។
ទីភ្នាក់ងារនេះបានបន្ថែមថា ទាហានរូបនេះបាន«សារភាព»ថា ទង្វើរបស់ខ្លួននេះគឺជំរុញទឹកចិត្តឡើងដោយសារ«ការធ្វើបាបដោយអមនុស្សធម៌និងការរើសអើងជាតិសាសន៍នៅក្នុងរង្វង់កងទ័ពជើងគោកសហរដ្ឋអាមេរិក»។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ទាហានអាយុ ២៣ ឆ្នាំរូបនេះបានបង្ហាញបំណងប្រាថ្នាស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកូរ៉េខាងជើង ឬក៏ប្រទេសទីបីណាមួយ ដោយបាននិយាយថា លោក«ខកចិត្ត»ចំពោះវិសមភាពនៅក្នុងសង្គមអាមេរិកាំង។
លោកពលឯក King បានប្រឈមនឹងករណីបញ្ឈប់ពីកងទ័ពជើងគោកសហរដ្ឋអាមេរិកដែលនៅមិនទាន់សម្រេចនៅឡើយ នៅពេលដែលពលឯករូបនេះបានត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញនៅមូលដ្ឋានទ័ព Fort Bliss ក្នុងរដ្ឋ Texas បន្ទាប់ពីបានជាប់នៅក្នុងពន្ធនាគារកូរ៉េខាងត្បូងក្រោមបទចោទវាយតប់គ្នា។
ទាហានរូបនេះបានគ្រោងត្រៀមជិះយន្តហោះត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញកាលពីថ្ងៃទី១៧ ខែកក្កដា ប៉ុន្តែបែរជាបានចូលរួមនៅក្នុងដំណើរកម្សាន្តទេសចរណ៍ស៊ីវិលទស្សនាបរិវេណព្រំដែនរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងនៅពេលមួយថ្ងៃក្រោយមក។
ពលឯករូបនេះត្រូវបានទាហានកូរ៉េខាងជើងដែលប្រចាំការនៅតំបន់សន្តិសុខរួម (JSA) ចាប់ខ្លួន នៅពេលដែលទាហានដែលស្លៀកសម្លៀកបំពាក់ធម្មតានេះ «ចូលដោយចេតនាទៅក្នុងតំបន់នៃភាគីខាងកូរ៉េខាងជើងនៅចន្លោះបន្ទប់សម្រាប់យោធាសហរដ្ឋអាមេរិកនិងយោធាកូរ៉េខាងជើងទាក់ទងគ្នានិងបន្ទប់ទឹករបស់មន្ត្រីសន្តិសុខនៅតាមបណ្ដោយគំនូសព្រំដែនយោធា»។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនមិនអាចបញ្ជាក់អំពីការលើកឡើងរបស់កូរ៉េខាងជើងអំពីពលឯក King នេះបានទេ។ ក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីថា អាទិភាពរបស់ក្រសួងគឺនៅតែធ្វើយ៉ាងណាឱ្យបានពលឯក King ត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ និងថា ខ្លួនបានប្រើគ្រប់មធ្យោបាយដែលមានទាំងអស់ដើម្បីសម្រេចឱ្យបាននូវរឿងនេះ៕