ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា​មិន​មាន​ការ​ឆ្លើយតប​ពី​កូរ៉េ​ខាង​ជើង​ស្តីពី​ទាហាន​អាមេរិក​ម្នាក់​ដែល​បាន​រត់​ឆ្លង​ព្រំដែន​ទេ


រូប​ថត​ពលឯក Travis King នៅ​ផ្ទះ​ជីតា កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ​២០២៣។ លោកបាន​រត់​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ខណៈ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ស៊ីវិល​មួយ​នៅ​តំបន់​គ្មាន​កងទ័ព​កាលពី​ថ្ងៃ​អង្គារ។
រូប​ថត​ពលឯក Travis King នៅ​ផ្ទះ​ជីតា កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ​២០២៣។ លោកបាន​រត់​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ខណៈ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ស៊ីវិល​មួយ​នៅ​តំបន់​គ្មាន​កងទ័ព​កាលពី​ថ្ងៃ​អង្គារ។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា​កូរ៉េ​ខាង​ជើង​មិន​ទាន់​បាន​ឆ្លើយតប​នៅ​ឡើយ​ដល់​ការ​ខំ​ប្រឹង ប្រែង​របស់​ខ្លួន​ដើម្បី​ពិភាក្សា​អំពី​ជោគវាសនា​របស់​ទាហាន​អាមេរិកាំង​ម្នាក់​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ដែល​មាន​ការ​ការពារ​ដ៏​ខ្លាំង​ក្លា​របស់​កូរ៉េ ​សូម្បី​នៅ​ពេល​ដែល​ទាហាន​រូប​នោះ​ត្រូវ​បាន​បញ្ជា​ឱ្យ​វិល​ត្រឡប់​ទៅកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឈម​នឹង​ការ​ដាក់​វិន័យ​នឹង​ត្រូវ​បណ្តេញ​ចេញពី​កងទ័ព។

ពលឯក Travis King បាន​រត់​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ខណៈ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ស៊ីវិល​មួយ​នៅ​តំបន់​គ្មាន​កងទ័ព​កាលពី​ថ្ងៃ​អង្គារ មួយ​ថ្ងៃ​បន្ទាប់ពី​ជន​នោះ​ត្រូវ​ចាកចេញ​ទៅកាន់​បន្ទាយ​យោធា​មួយ​កន្លែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក King អាយុ២៣ឆ្នាំ​បាន​ត្រូវ​គេ​ដោះលែង​ចេញពី​គុក​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ជាប់គុក​ជិត​២ខែ​ដោយសារ​ការវាយតប់​គ្នា។

លោក​ស្រី Sabrina Singh បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កងទ័ព​បាន​ចាប់ផ្តើម​ស៊ើបអង្កេតឧបទ្ទវហេតុ​នេះ។ លោក​ស្រី​បាន​និយាយ​ទៀត​ថា​បុគ្គលិក​ខាង​ផ្នែក​ប្រឆាំង​ចារកម្មយោធា​នឹង​ដឹកនាំ​ការ​ស៊ើប​អង្កេត​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដែរ លោក​ស្រី Singh បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​មាន​ការទាក់ទង​ពី​កូរ៉េ​ខាង​ជើង​អំពី​ឧបទ្ទវេហតុ​នោះ​ហើយ​បាន​បញ្ជាក់​ថា​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ចង់​នាំ​លោក King ​ត្រឡប់​មកកាន់​សហរដ្ឋ​អាមេរិក​វិញ។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ ​«យើង​ចង់​នាំ​គាត់​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ។ យើង​មិន​ដឹង​អំពី​ស្ថានភាព​របស់​លោក​ទេ។ យើង​មិន​ដឹង​ថា​តើ​គេ​ឃុំឃាំង​គាត់​នៅ​ទីណា​ទេ។ យើង​មិន​ដឹង​អំពី​ស្ថានភាព​សុខភាព​របស់​គាត់​ទេ»។ លោក​ស្រី​និយាយ​ទៀត​ថា​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​និង​ក្រសួង​ការបរទេស​កំពុង​ខិតខំ​ស្វែងរក​មធ្យោបាយ​កាន់តែ​ច្រើន​ថែម​ទៀត។

លោក​ស្រី Singh បាន​បន្ត​ទៀត​ថា៖ ​«នេះ​ជា​ស្ថានភាព​ដ៏​លំបាក​បំផុត​មួយ។ ខ្ញុំ​មិន​អាច​នឹក​ស្រមៃ​អំពី​អ្វី​ដែល​ក្រុម​គ្រួសារ​របស់​លោក​កំពុង​ឆ្លង​កាត់​នោះ​ទេ។ អ្វី​ទាំង​អស់​ដែល​ខ្ញុំ​អាច​និយាយ​គឺ​ថា​អាទិភាព​របស់​យើង​គឺ​នាំ​គាត់​ត្រឡប់​មក​កាន់​ប្រទេស​វិញ»៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA អ្នក​ស្រី Anita Powell បាន​ផ្តល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន APនិង Reuters។

XS
SM
MD
LG