ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឱកាសមិន​សូវមាន​ចំពោះ​ការវិលត្រឡប់​របស់​ទាហាន​អាមេរិកាំង​ម្នាក់​មកពី​​កូរ៉េ​ខាង​ជើង


រូបថត​របស់​ទាហាន​អាមេរិក​លោក Travis King ត្រូវបាន​ឃើញ​នៅ​គេហដ្ឋាន​ជីតា​របស់លោក​កាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៣។
រូបថត​របស់​ទាហាន​អាមេរិក​លោក Travis King ត្រូវបាន​ឃើញ​នៅ​គេហដ្ឋាន​ជីតា​របស់លោក​កាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៣។

ក្តីសង្ឃឹម​នៃ​ការវិលត្រឡប់យ៉ាង​ឆាប់​រហ័ស​របស់​ទាហាន​អាមេរិកាំង​ម្នាក់​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើងនៅ​ដើម​សប្តាហ៍​នេះ​ទំនង​ជា​រលាយ​បាត់​សូន្យ​ដោយ​ការស្ងាត់​មកពី​រដ្ឋ​មិន​សេពគប់​ប្រទេស​ណា​ស្តីពី​ទីកន្លែង​របស់​ពលឯក Travis King។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinkenបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​នៅឯ​វេទិការ​សន្តិសុខ Aspenថា៖​«យើង​មាន​បណ្តាញ​ទំនាក់​ទំនង​គ្នា។ យើង​បាន​ប្រើប្រាស់​បណ្តាញ​ទាំង​នោះ»។ លោក​បាន​ពន្យល់​ថារដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​បង្កើត​ការសន្ទនា​ជាមួយ​កូរ៉េ​ខាង​ជើង​ចាប់តាំង​ពី​ថ្ងៃ​ដំបូង​នៃ​រដ្ឋបាល​របស់​លោក Biden។

លោក​រដ្ឋមន្ត្រី​ការបរទេស​បាន​មាន​ប្រសាសន៍​ទៀត​ថា«​ការឆ្លើយតប​ដែល​យើង​បាន​ទទួល​គឺ​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីលម្តង​ហើយ​ម្តង​ទៀត»។

នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រង់ចាំការឆ្លើយតប​តាម​រយៈ​បណ្តាញ​របស់​អង្គការ​សហប្រជាជាតិ​និងអន្តរការី​គឺ​ប្រទេស​ស៊ុយអែដ ការស៊ើប​អង្កេត​កំពុង​ធ្វើ​ឡើង​នៅឯ​កងទ័ព​សហរដ្ឋ​អាមេរិក​និង​ទីបញ្ជាការ​អង្គការ​សហ​ប្រជាជាតិ​ឬUNCដើម្បី​សម្រេច​អំពី​ទាហាន​រូប​នោះ​ដែល​ត្រូវ​ជិះ​យន្តហោះ​ទៅកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រឈម​វិធាន​ការ​វិន័យ ​បែរ​ជា​មក​លេច​មុខ​នៅឯ​ព្រំដែន​របស់​កូរ៉េ​ទាំង២​ទៅវិញ។

បុគ្គលិក​ខាង​ផ្នែក​ប្រឆាំង​ចារកម្មកំពុង​ដឹកនាំ​ការស៊ើប​អង្កេត​យោធា​មួយ​នៅ​ក្នុង​ការសម្រប​សម្រួល​ជាមួយ​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា​ឋានៈភាព​របស់​លោក King គឺ​អវត្តមាន​ដោយ​គ្មាន​ដំណឹង ឬ​ចាកចេញ​ដោយ​គ្មាន​ការអនុញ្ញាត​សម្រាប់​នៅពេល​ឥឡូវ​នេះ៕

XS
SM
MD
LG