រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកខ្វល់ខ្វាយអំពីការបាញ់ពិសោធន៍កាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការខ្លីដោយប្រទេសកូរ៉េខាងជើងកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការនិយាយផ្ទុយពីលោកប្រធានាធិបតី Donald Trump ដែលមិនផ្តល់សារៈសំខាន់ដល់ការណ៍នេះទេ។
អ្នកការទូតកំពូលស.រ.អារូបនេះបានមានប្រសាសន៍ប្រាប់បណ្តាញទូរទស្សន៍អាមេរិកាំង CBS ថា «ខ្ញុំមិនចង់ឱ្យកូរ៉េខាងជើងបង្ហោះកាំជ្រួចមីស៊ីលទាំងនេះទេ»។
ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះពិសោធន៍កាំជ្រួចមីស៊ីលផ្លោងមានវង់ប្រតិបត្តិការខ្លី ៦គ្រឿងចាប់តាំងពីចុងខែមុន ហើយមេដឹកនាំកូរ៉េខាងជើងបាននិយាយថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលទាំងនេះជាការឆ្លើយតបនឹងសមយុទ្ធយោធារួមគ្នារវាងស.រ.អា និងប្រទេសកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថាជាការគំរាមកំហែងមួយដល់ការរស់នៅឋិតថេររបស់ផងខ្លួន។
កាំជ្រួចមីស៊ីលចុងក្រោយពីរគ្រឿង ដែលបានត្រូវបាញ់បង្ហោះកាលពីថ្ងៃសុក្រមុនហោះបានចម្ងាយ ២៣០គ.ម. ហើយបានធ្លាក់ទៅក្នុងដែនសមុទ្រទល់មុខនឹងឆ្នេរសមុទ្រកូរ៉េខាងជើង ក៏ប៉ុន្តែបានត្រូវបាញ់តម្រង់ទៅកាន់ទីផ្សេងគ្នាដែលអាចបាញ់ដល់ប្រទេសកូរ៉េខាងត្បូង ទាហានអាមេរិកាំង និងជនស៊ីវិលដែលរស់នៅទីនោះផងដែរ។
លោក Kim Jong Un បាននិយាយថា កិច្ចចរចាជាមួយស.រ.អាអំពីការធ្វើកុំឱ្យកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរអាចធ្វើជាថ្មីបាននៅពេលណាសមយុទ្ធយោធារវាងប្រទេសអាមេរិកនិងប្រទេសកូរ៉េខាងត្បូងចប់នៅពេលបន្ទាប់មកទៀតក្នុងខែនេះ ក៏ប៉ុន្តែលោកបានជំទាស់នឹងកិច្ចចរចាថ្មីៗជាមួយកូរ៉េខាងត្បូង។
លោក Trump បានសម្តែងការអាក់អន់ចិត្តដែរ ក៏ប៉ុន្តែមិនមែនអំពីការបាញ់បង្ហោះពិសោធន៍កាំជ្រួចមីស៊ីលដោយកូរ៉េខាងជើងទេ ក៏ប៉ុន្តែអំពីសោហ៊ុយនៃការធ្វើសមយុទ្ធយោធាជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល។
នៅពេលត្រូវសួរអំពីការបាញ់ពិសោធន៍កាំជ្រួចមីស៊ីលដោយកូរ៉េខាងជើង Trump បាននិយាយប្រាប់ក្រុមអ្នកកាសែតថា «ខ្ញុំគ្មានបញ្ហាទេ។ ទាំងនេះជាកាំជ្រួចមីស៊ីល មានវង់ប្រតិបត្តិការខ្លី»៕