ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះបាននិយាយថា ខ្លួនបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន «បានជោគជ័យហើយ» ទោះបីជាការសាកល្បងនេះបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីប្រទេសមហាអំណាចនានានៅលើលោកក៏ដោយ។
ការប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានហៅការសាកល្បងគ្រាប់បែកនោះថា ជាការការពារខ្លួនដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសនោះ។ ការប្រកាសនោះក៏បាននិយាយរិះគន់សហរដ្ឋអាមេរិកយ៉ាងច្រើនផងដែរ។
ការប្រកាសសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែននេះ កើតឡើងមិនដល់មួយខែផងក្រោយពីមេដឹកនាំកូរ៉េខាងជើង លោកKim Jong Un បានអះអាងថា ប្រទេសរបស់លោកផលិតបានគ្រាប់បែកអ៊ីដ្រូហ្សែនមួយហើយ។គ្រាប់បែកអ៊ីដ្រូហ្សែននេះ មានឥទ្ធិពលខ្លាំងជាងគ្រាប់បែកបរមាណូរាប់ពាន់ដងឯណោះ។
ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងគ្រាប់បែកបរមាណូបីលើកមកហើយ គឺនៅក្នុងឆ្នាំ២០០៦ម្តង និងឆ្នាំ២០០៩ម្តង ហើយម្តងទៀតនៅឆ្នាំ២០១៣។
ការបាញ់សាកល្បងទាំងបីលើកនោះ កើតឡើងនៅទីកន្លែងមួយឈ្មោះ Punggye-ri ជាកន្លែងតែមួយ ដែលទីភ្នាក់ងារត្រួតពិនិត្យជាច្រើន បានរកឃើញសកម្មភាពរញ្ជួយដី ដែលបង្កដោយមនុស្ស នៅព្រឹកថ្ងៃពុធនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Ned Price បាននិយាយថា សេតវិមាន មិនអាចបញ្ជាក់ថាតើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែននោះ ជាការពិតឬអត់បានទេ ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ជាប់ជាប្រចាំហើយថា ខ្លួននឹងមិនអាចទទួលស្គាល់កូរ៉េខាងជើងមួយដែលមានអាវុធនុយក្លេអ៊ែរនោះទេ។
លោក Ned Price មានប្រសាសន៍ថា «សហរដ្ឋអាមេរិកនឹងបន្តការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នោះ ដោយរួមទាំងសាធារណរដ្ឋកូរ៉េ[ឬកូរ៉េខាងត្បូងផងដែរ ហើយសហរដ្ឋអាមេរិកនឹងឆ្លើយតបឲ្យបានសមស្របទៅនឹងរាល់ការបង្ករឿងណាមួយរបស់កូរ៉េខាងជើង» ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងសុទ្ធតែបានថ្កោលទោសការរំលោភសេចក្តីសម្រចនានារបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ។ ក្រុមប្រឹក្សានេះបានដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង ហើយបានជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនជាច្រើនដងមកហើយ។
ក្រុមប្រឹក្សាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីចុងក្រោយបង្អស់នេះ នៅថ្ងៃពុធនេះដែរ។
ប្រទេសចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើង ហើយក៏ជាសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដែរនោះ បាននិយាយថា ចិនក៏ «ជំទាស់យ៉ាងខ្លាំង» ប្រឆាំងនឹងការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែននេះ ហើយចិនក៏បានអំពាវនាវដល់កូរ៉េខាងជើងឲ្យបញ្ឈប់សកម្មភាពនានាដែល «ធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែដុនដាបឡើង»។
ការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែននេះ ក៏ជំរុញឲ្យមានកិច្ចប្រជុំអំពីសន្តិសុខជាតិជាបន្ទាន់ នៅក្នុងប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសន្យាថានឹងធ្វើការឆ្លើយតបដ៏មុតមាំមួយ នៅឯអង្គការចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី Park Geun-hye វិញ ក៏បានហៅការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែននេះថា ជា«ការបង្ករឿងហេតុដ៏ធ្ងន់ធ្ងរ» ដែលគំរាមកំហែងអនាគតនៃប្រទេសរបស់លោកស្រីដែរ៕