ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ចូល​ទៅ​អង្កេត​ការ​បិទ​ទីតាំង​សាក​ល្បង​នុយក្លេអ៊ែរ


អ្នក​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​បាន​ទៅ​ដល់​​ព្រលាន​យន្តហោះ Kalma នៅក្រុង​ Wonsan ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​ទី​២៣ ខែឧសភា។
អ្នក​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​បាន​ទៅ​ដល់​​ព្រលាន​យន្តហោះ Kalma នៅក្រុង​ Wonsan ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​ទី​២៣ ខែឧសភា។

ក្រុម​អ្នក​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​៨​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាង​ជើង​ហើយ​ នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​កូរ៉េ​ខាង​ជើង​នៅ​នាទី​ចុង​ក្រោយ ដើម្បី​ចូល​ទៅ​អង្កេត​នៅ​ក្នុង​ទីតាំង​សាក​ល្បង​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាងជើង​ដែល​ត្រូវ​បិទទ្វា។

អ្នក​សាព័ត៌មាន​កូរ៉េ​ខាងត្បូង​ទាំង​នោះ​បាន​ត្រូវ​គេ​រំពឹង​ថា ​នឹង​ធ្វើ​ដំណើរ​ជាមួយ​អ្នក​សារព័ត៌មាន​បរទេស​មួយ​ក្រុម​មក​ពី​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ ចិន​ និង​រុស្ស៊ី​ កាល​ពី​ថ្ងៃអង្គារ​តាម​ជើង​យន្តហោះ​ចេញ​ពី​ទីក្រុង​ប៉េងកាំង​ឆ្ពោះ​ទៅ​ទីក្រុង Wonsan​ ប្រទេស​កូរ៉េ​ខាងជើង។​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ថា​អ្នក​សារព័ត៌មាន​ទាំង​នោះ​មិន​បាន​ជិះ​យន្ត​ហោះ​ទៅ​ជាមួយ​ក្រុមអ្នក​សារព័ត៌មាន​បរទេស​នោះ​ទេ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បដិសេធ​មិន​ទទួល​យក​ពួក​គេ។​

ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ទាំង​ពីរ​ថា​ កូរ៉េខាង​ជើង​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ចូល​ទៅ​ទីតាំង​នោះ​នៅ​នាទី​ចុង​ក្រោយ​នៅ​ថ្ងៃ​ពុធ​នេះ​ តាម​រយៈ​ការ​បញ្ជូន​សារ​ទំនាក់​ទំនង​គ្នា​នៅ​ព្រំដែន​រវាង​ប្រទេសកូរ៉េ​ទាំងពី​នៅ​ភូមិ Panmunjon។

អ្នក​សារព័ត៌មាន​ទាំង​៨​នាក់​នោះ​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពិសេស​ទៅ​ទីក្រុង​Wonsan ​និង​បន្ទាប់​មក​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីតាំង​សាក​ល្បង​នុយក្លេអ៊ែរ​ Punggye-ri​ ដែល​ស្ថិត​តំបន់​ភ្នំ​ដាច់​ស្រដាល។ ទីតាំង​សាក​ល្បង​នុយក្លេអ៊ែរ ​Punggye-ri ​គឺ​ជាទីតាំង​ដែល​កូរ៉េខាង​ជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​ទាំង​៦​របស់​ខ្លួន​ ដែល​នឹង​ត្រូវ​បិទ​ចោល​នៅ​ចន្លោះ​ពី​ថ្ងៃពុធ​ដល់​ថ្ងៃសុក្រ​នេះ អាស្រ័យ​លើ​លក្ខខណ្ឌ​អាកាសធាតុ៕

XS
SM
MD
LG