ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្លួន​នៅ​បរទេស​ចូល​ស្រុក​វិញ បន្ទាប់ពី​មាន​ការបិទ​ខ្ទប់​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ១៩


រូបភាពនេះត្រូវបានថតនិងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានKCNA ផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បង្ហាញពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចូលរួមក្នុងក្រុមប្រឹក្សាបក្សពលករកូរ៉េដើម្បីពិនិត្យមើលស្ថានភាពដើម្បីការពារការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងព្យុងយ៉ាង។
រូបភាពនេះត្រូវបានថតនិងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានKCNA ផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បង្ហាញពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចូលរួមក្នុងក្រុមប្រឹក្សាបក្សពលករកូរ៉េដើម្បីពិនិត្យមើលស្ថានភាពដើម្បីការពារការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងព្យុងយ៉ាង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ ទី២៧ ខែ​សីហា​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចូល​ស្រុក​វិញ បន្ទាប់ពី​មាន​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​អស់​ជាច្រើន​ឆ្នាំ​ក្នុង​អំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ១៩។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន KCNA ទទួល​បាន ទីភ្នាក់ងារ​បង្ការ​ជំងឺ​ក្នុង​គ្រា​អាសន្ន​របស់​រដ្ឋ​បាន​លើក​ឡើង​កាលពី​ថ្ងៃសៅរ៍ ទី២៦ ខែសីហា​ថា ការអនុញ្ញាត​នេះ​ធ្វើ​ឡើង​ស្រប​តាម​ការ​កែសម្រួល​កម្រិត​វិធានការ​ប្រឆាំង​ការរីករាលដាល​របស់​កូរ៉េ​ខាង​ជើង ​បន្ទាប់​ពី​«ស្ថានភាព​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​មាន​ការ​អន់ថយ»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​លើក​ឡើង​ថា «អ្នក​ដែល​បាន​ត្រឡប់​មក​វិញ​នឹង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​សង្កេត​ផ្នែក​វេជ្ជសាស្រ្ត​ត្រឹមត្រូវ​នៅ​បន្ទប់​ចត្តាឡីស័ក​សម្រាប់​រយៈពេល១សប្តាហ៍»។

ការប្រកាស​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ជើងហោះហើរ Air Koryo ពី​ទីក្រុង​ព្យុងយ៉ាង​បាន​ចុះចត​នៅ​ទីក្រុង​ប៉េកាំង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ពេល​បិទ​ខ្ទប់​ដោយសារ​ជំងឺ​រាតត្បាត​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ២០២០ ចំ​ពេល​មាន​ការ​បើក​ព្រំដែន​ឡើង​វិញ​យឺតៗ​របស់​ប្រទេស​មួយ​នេះ​ ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ឯកោ​ខាង​នយោបាយ និង​សេដ្ឋកិច្ច​បំផុត​ក្នុង​ពិភពលោក។

គេ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​អ្នក​ណា​ជា​អ្នក​ជិះ​យន្តហោះ​នោះ​ ប៉ុន្តែ​ក្រុមហ៊ុន​ទេសចរណ៍​របស់​ប្រទេស​លោក​ខាង​លិចដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា វា​ទំនង​ជា​ជើងហោះហើរ​ដែល​នឹង​ដឹក​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែល​បាន​ជាប់គាំង​នៅ​ក្នុង​ប្រទេស​ចិន ដោយសារ​ការ​បិទ​ព្រំដែន​ជាច្រើន​ឆ្នាំ ​ត្រឡប់​មក​កូរ៉េ​ខាង​ជើង​វិញ។

ចរាចរណ៍​រថភ្លើង​ដឹក​ទំនិញនិង​កប៉ាល់​បាន​កើន​ឡើង​ជា​បណ្តើរៗ​កាលពី​ឆ្នាំ​មុន ប៉ុន្តែកូរ៉េ​ខាង​ជើង​ទើប​តែ​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​អន្តរជាតិ​មួយ​ចំនួន​ធ្វើ​ដំណើរ។

ជា​លើក​ដំបូង​ចាប់​តាំង​ពី​មុន​ពេល​ជំងឺ​រាតត្បាត គណៈប្រតិភូ​រដ្ឋាភិបាល​ចិននិង​រុស្ស៊ី​បាន​ហោះហើរ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែ​មុន ហើយ​ក្នុង​ខែ​នេះ ​រថយន្ត​ក្រុង​ដែល​ដឹក​អត្តពលិក​កូរ៉េ​ខាង​ជើង​ទៅ​ប្រកួត​កីឡា​តេក្វាន់ដូ​នៅ​ប្រទេស​កាហ្សាក់ស្ថាន​បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ចិន។

គណៈប្រតិភូ​បរទេស​ជាច្រើន​បាន​បិទ​ស្ថានទូត​របស់​ពួកគេ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ដោយសារ​តែ​ពួកគេ​មិន​អាច​ផ្លាស់ប្តូរ​បុគ្គលិក ឬ​ដឹកជញ្ជូន​សម្ភារៈ​សម្រាប់​ជំងឺ​រាតត្បាត​បាន​ច្រើន៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG