រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បាននិយាយថា ការឃាត់កប៉ាល់ដឹកទំនិញកាលពីថ្ងៃអង្គារនៅក្នុងផ្ទៃទឹករបស់អ៊ីរ៉ង់ជាបញ្ហាផ្លូវច្បាប់ពាណិជ្ជកម្ម មិនមែនជាបញ្ហាខាងសន្តិសុខឬនយោបាយទេ។
លោក Mohammad Javad Zarif ដែលបានថ្លែងនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធបាននិយាយថា កប៉ាល់ឈ្មោះ MV Maersk Tigris ដែលជាកប៉ាល់មានដាក់ទង់ជាតិប្រជុំកោះ Marshall មានការទាក់ទិននៅក្នុងរឿងក្តីដ៏យូរអង្វែងរបស់តុលាការអ៊ីរ៉ង់លើការទាមទារឲ្យសងប្រាក់។
ក្រុមតំណាងរបស់កប៉ាល់ Maersk ដែលជាក្រុមហ៊ុនអន្តរជាតិដែលមានកប៉ាល់ដឹកជញ្ជូនអន្តរជាតិបាននិយាយថា ពួកគេមិនបានទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីរឿងក្តីនេះ។
កប៉ាល់អ៊ីរ៉ង់បានស្កាត់កប៉ាល់ Tigris នៅពេលដែលកប៉ាល់នោះបានឆ្លងច្រកសមុទ្រ Hormuz បន្ទាប់មកបានបញ្ជាឲ្យកប៉ាល់នោះចូលក្នុងផ្ទៃទឹកកាន់តែជ្រៅរបស់អ៊ីរ៉ង់៕