ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​រៀបចំ​សម្រាប់​ជំនួប​លើក​ទី​២ រវាង​លោក​ គីម ជុងអ៊ុន​ និង​លោក ត្រាំ


រូបឯកសារ៖ លោក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក គីម ជុនអ៊ុន នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ៍​រថភ្លើង​ ក្នុងទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។
រូបឯកសារ៖ លោក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក គីម ជុនអ៊ុន នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ៍​រថភ្លើង​ ក្នុងទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចាប់ផ្ដើម​រៀបចំ​សម្រាប់​ជំនួប​លើក​ទី២ រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន​ និង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក ត្រាំ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក គីម ជុងអ៊ុន​ តាម​រយៈ​លោក Kim Yong Chol អនុ​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ពលករ​កូរ៉េ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​មួយ​រូប​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ លោក Kim Yong Chol បាន​ជួប​ជាមួយ​នឹង​លោក ត្រាំ​ នៅ​ឯ​សេតវិមាន​កាល​ពី​សប្ដាហ៍​មុន។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ថា៖ «លោក គីម ជុងអ៊ុន​ បាន​លើក​សរសើរ​ពី​លោក​ប្រធានាធិបតី ត្រាំ ថា​បាន​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា ​និង​ឆន្ទៈ​មិន​ធម្មតា​របស់​លោក»។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង ​«រង់ចាំ​ដោយ​អត់ធ្មត់ និង​ស្មោះត្រង់ ហើយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក នឹង​វិវឌ្ឍ​មួយ​ជំហាន​ម្ដងៗ​ឆ្ពោះ​ទៅ​កាន់​គោល​បំណង​ដែល​នឹង​សម្រេច​បាន​ដោយ​ប្រទេស​ទាំង​ពីរ»។

សេចក្ដី​រាយការណ៍​នេះ​មិន​បាន​បញ្ជាក់​អំពី​គោល​បំណង​ទាំង​នោះ​ទេ។ ប៉ុន្តែ លោក ត្រាំ​ ចង់​ឃើញ​ប្រទេស​កូរ៉េ​ខាង​ជើង​ផ្ទាល់​លះ​បង់​អាវុធ​នុយក្លេអ៊ែរ។ ចំណែក​ឯ​លោក គីម ជុងអ៊ុន​ វិញ ចង់​ឲ្យ​មាន​ការ​ដក​ទណ្ឌកម្ម​អន្តរជាតិ​ចេញ ដូច្នេះ​លោក​អាច​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាប់​យ៉ឺន​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក គីម ជុងអ៊ុន​ និង​លោក ដូណាល់ ត្រាំ​ បាន​សន្យា​ធ្វើ​ការ «លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ» នៅ​ឯ​ជំនួប​លើក​ទី​មួយ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន។ ប៉ុន្តែ គ្មាន​ភាគី​ណា​មួយ​បញ្ជាក់​អំពី​វិធី​ដើម្បី​សម្រេច​គោល​បំណង​នោះ​ទេ ហើយ​គេ​ឃើញ​មាន​ការ​វិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ​កន្លង​មក​នៅ​ក្នុង​ការ​សម្រេច​គោល​បំណង​នោះ៕

XS
SM
MD
LG