ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​ដើម្បី​ពិភាក្សា​រៀបចំ​ជំនួប​លើក​ទី ២ រវាង​លោក Kim Jong Un និង​លោក Trump


លោក Kim Yong Chol អនុ​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។
លោក Kim Yong Chol អនុ​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រាយការណ៍​ថា មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ជើង​មួយ​រូប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដើម្បី​ពិភាក្សា​ការ​រៀបចំ​សម្រាប់​ជំនួប​លើក​ទី ២ រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។

លោក Kim Yong Chol អនុ​ប្រធាន​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ តាម​ជើង​យន្តហោះ Air China។ លោក​នឹង​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pomepo នៅ​ថ្ងៃ​សុក្រ​ស្អែក មុន​ពេល​ទៅ​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី Trump នៅ​សេតវិមាន។

ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​បញ្ជាក់​ថា លោក Kim Yong Chol នឹង​ប្រគល់​លិខិត​របស់​លោក Kim Jong Un ឲ្យ​លោក Trump នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នេះ។

គេ​ឃើញ​មាន​ការ​រំពឹង​ទុក​កើន​ឡើង​ដែល​ថា មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​រៀបចំ​ជំនួប​លើក​ទី ២ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បន្ទាប់ពី​លោក​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក Kim Jong Un និង​លោក Trump បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មិន​ច្បាស់លាស់​មួយ​នៅ​ក្នុង​ជំនួប​លើក​ទី​មួយ​របស់​លោក​ទាំង​ពីរ ដែល​កិច្ច​ព្រមព្រៀង​នោះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

ប៉ុន្តែ ការ​ចរចា​បន្ថែម​បាន​ជាប់​គាំង ដោយសារតែ​កូរ៉េ​ខាង​ជើង​បាន​ទាមទារ​ឲ្យ​មាន​ការ​ដក​ទណ្ឌកម្ម​ចេញ​ជា​មុន និង​បាន​ជំទាស់​ទៅ​នឹង​ការ​ស្នើ​របស់​រដ្ឋបាល​របស់​លោក Trump ដែល​ចង់​ឲ្យ​មាន​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង មុន​ពេល​សហរដ្ឋ​អាមេរិក​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​ចេញ៕

XS
SM
MD
LG