លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកគណបក្ស និងប្រជាជន ហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ដែលលោកហៅថាជា«នំបញ្ចុកសាមគ្គីជាតិ»។ នៅថ្ងៃនេះ អ្នកធ្វើនំបញ្ចុកមួយចំនួនក្នុងខេត្តកំពង់ធំ បានអះអាងថាការកក់នំបញ្ចុកសម្រាប់ថ្ងៃអាទិត្យនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយតម្លៃក៏ឡើងថ្លៃបន្តិចដែរ។ ពួកគេក៏ចង់ឃើញគណបក្សនយោបាយទាំងពីរ ត្រូវរ៉ូវគ្នា តាមរយ:ការបរិភោគនំបញ្ចុករួមគ្នា។
ប្រជាពលរដ្ឋមួយចំនួនក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាអ្នកប្រកបរបរធ្វើនំបញ្ចុកលក់ បានអះអាងថាការកក់នំបញ្ចុកសម្រាប់ថ្ងៃទី៩ ខាងមុខនេះ មានការកើនឡើង ហើយតម្លៃក៏នឹងឡើងបន្តិចបន្តួចផងដែរ។
អ្នកធ្វើនំបញ្ចុកម្នាក់ លោក សំ មឿន អាយុ៣១ឆ្នាំ ដែលរស់នៅក្នុងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានថ្លែងប្រាប់VOAថា ជាធម្មតា លោកធ្វើនំបញ្ចុកជាង២០០គីឡូក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែសម្រាប់ថ្ងៃអាទិត្យនេះ លោកនឹងផលិតដល់ទៅជាង៨០០គីឡូក្រាម ដោយសារការកក់ទិញមានការកើនឡើង។
លោកមានប្រសាសន៍ថា៖ «កើនច្រើន និយាយទៅមួយទ្វេជាបីជាបួន។ និយាយទៅ យើងធ្លាប់តែធ្វើមួយថ្ងៃ២០០គីឡូ ឥឡូវឡើងដល់៧០០ ៨០០គីឡូ ជិត១ពាន់បាត់ហើយ។ វាបាននឹកឃើញវាប្លែក ឆ្នាំនេះវាប្លែក(គេកម្មង់ច្រើន)។ និយាយទៅ គេកម្មង់ហូបបានច្រើន»។
លោកបន្ថែមថា តម្លៃនំបញ្ចុកក្នុងមួយគីឡូ ក៏នឹងមានការកើនឡើងពី១៥០០រៀលទៅជិត២០០០រៀលផងដែរ។
ទោះជាយ៉ាងណា លោកមិនបានដឹងមូលហេតុអ្វីបានជាមានការកក់ទិញនំបញ្ចុកច្រើនសម្រាប់ថ្ងៃអាទិត្យនេះនោះទេ។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទៅ ហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃអាទិត្យនេះ ដែលលោកហៅថា«នំបញ្ចុកសាមគ្គីជាតិ»។
ការអំពាវនាវឲ្យហូបនំបញ្ចុកទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោយសកម្មជននៅថ្នាក់ក្រោមរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោល តែងតែយកការជួបជុំសហការីរបស់ខ្លួនហូបនំបញ្ចុក ដើម្បីពិភាក្សារឿងនយោបាយ និងការងាររបស់គណបក្ស ក្រោយគណបក្សត្រូវបានរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ការជួបជុំគ្នានេះ ក៏ត្រូវបានរាយការណ៍ថាមានការតាមដានពីសំណាក់អាជ្ញាធរផងដែរ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គ្មានការចរចានយោបាយ បើទោះជាមានការហូបនំបញ្ចុកទ្រង់ទ្រាយធំក៏ដោយ។
លោកបានថ្លែងថា៖ «ព្រោះអ្នកខ្លះគិតថា វាជាជំហានទៅដល់ការចរចានយោបាយ ស្អីៗ។ សុំកុំភាន់ច្រឡំ។ ខ្ញុំនិយាយរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិ តាមរយៈការទទួលទាននំបញ្ចុក ថ្ងៃ៩មិថុនា នេះ តែម្តង»។
ប៉ុន្តែលោក សំ មឿន អ្នកផលិតនំបញ្ចុកម្នាក់ បានលើកឡើងថាលោកចង់ឃើញគណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវរ៉ូវគ្នាផងដែរ។
លោកបានថ្លែងថា៖ «បាទ! ខ្ញុំចង់ឲ្យត្រូវគ្នាដែរ។ សុទ្ធតែឈាមតែមួយ។ ចង់ឲ្យតែត្រូវដូចគ្នា។ និយាយទៅប្រជាពលរដ្ឋទូទាំងប្រទេស ចង់ឲ្យគណបក្សទាំងពីរសាមគ្គីគ្នាទៅ ត្រូវគ្នាទៅ ចាប់ដៃគ្នាទៅមុខ។ សាងប្រទេសជាតិទៀត»។
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយចង់ឃើញការហូបនំបញ្ចុកនេះជាការផ្សះផ្សា និងបង្រួបបង្រួមជាតិ។
លោកបានសរសេរកាលពីថ្ងៃទី៣ ខែមិថុនាថា៖ «ប្រសិនបើ លោក ហ៊ុន សែន និងលោក សម រង្ស៊ី អង្គុយទទួលទាននំបញ្ចុកជាមួយគ្នានោះ ទិវានំបញ្ចុកនឹងក្លាយជាទិវាផ្សះផ្សា និងបង្រួបបង្រួមជាតិ ។ អ្នកនយោបាយ គ្មានសត្រូវ ឬមិត្ត នឹងគ្នា មួយជីវិតឡើយ!»។
នៅក្នុងភូមិស្លាកែត អ្នកធ្វើនំបញ្ចុកម្នាក់ទៀត អ្នកស្រី ចាន់ វ៉ាន់ទី អាយុ២៧ឆ្នាំ មានប្រសាសន៍ថា ការកក់នំបញ្ចុកសម្រាប់ថ្ងៃអាទិត្យនេះ មានការកើនឡើងដល់ទៅ១៥០គីឡូក្រាមរហូតមកដល់ពេលនេះ។
អ្នកស្រីមានប្រសាសន៍ថាអ្នកស្រីក៏ចង់ឃើញគណបក្សនយោបាយទាំងពីរធ្វើការជាមួយគ្នាផងដែរ។
អ្នកស្រីបានថ្លែងប្រាប់VOAថា៖ «ចង់និយាយថាឲ្យរួបរួមគ្នាអញ្ចឹងទៅ។ កុំឲ្យមានគណបក្សប្រឆាំង។ ចង់ឲ្យសាមគ្គីគ្នា ប្រទេសជាតិយើងរីកចម្រើន»។
លោក មាស នី អ្នកតាមដានសង្គម មានប្រសាសន៍ថា គណបក្សកាន់អំណាចបានឃើញគណបក្សប្រឆាំងនៅតែមានឥទ្ធិពលក្នុងការជួបជុំគ្នាហូបនំបញ្ចុក។ ដូច្នេះលោកថាបក្សកាន់អំណាចចង់ប្រៀបធៀបកម្លាំងនេះ តាមរយ:ការហូបនំបញ្ចុក។
លោកមានប្រសាសន៍ថា៖ «ដល់អញ្ចឹងទៅ ខ្ញុំគិតថាសម្រាប់គណបក្សកាន់អំណាច គាត់យល់ គាត់មើលឃើញអំពីចលនាហ្នឹង ជាចលនាមួយដែលបង្ហាញថាទំនាក់ទំនងរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិហ្នឹង នៅតែកើតមានមាំទាំ។ អញ្ចឹងអ្វីដែលគណបក្សកាន់អំណាចត្រូវតែធ្វើតបតវិញ គឺចង់បង្ហាញអំពីសាច់ដុំរបស់ខ្លួនតាមរយ:ការហូបនំបញ្ចុក»។
លោក មាស នី បញ្ជាក់ថា ការហូបនំបញ្ចុកនេះ អាចជាគំនាបមួយសម្រាប់មន្រ្តីរាជការ និងប្រជាជន ដែលលោកថាពួកគេត្រូវតែហូបនៅថ្ងៃអាទិត្យនេះ ខណ:មានការអំពាវនាវឲ្យអ្នកគាំទ្រទៅហូបនំបញ្ចុក និងមានការរៀបចំនៅទូទាំងប្រទេស។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាអានេះ វាមិនខុសអីពីការបោះឆ្នោត ហើយសុំមើលម្រាមដៃជ្រលក់ឬអត់ជ្រលក់។ អញ្ចឹងបើខ្ញុំធ្វើការក្នុងស្ថាប័នមួយ ហើយបើគេផ្ញើលិខិតហ្នឹងមក។ ទោះបីជាខ្ញុំមិនមែននៅក្នុងគណបក្ស ក៏ខ្ញុំត្រូវតែទៅដែរ»។
អ្នកវិភាគរូបនេះក៏ចង់ឃើញគណបក្សនយោបាយទាំងពីរប្រែក្លាយការហូបនំបញ្ចុកនេះទៅជាការនាំមកវិញនូវ«ការឯកភាពជាតិ និងសាមគ្គីភាព»រវាងគណបក្សនយោបាយទាំងពីរផងដែរ៕