មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃសុក្រនេះ បានថ្លែងថា លោកលី ស៊ានឡុង (Lee Hsien Loong) មេដឹកនាំសិង្ហបុរី គឺជាអ្នកគាំទ្ររបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយសារអត្ថាធិប្បាយរបស់លោកដែលថា កងទ័ពវៀតណាម បានឈ្លានពានប្រទេសកម្ពុជា ក្នុងពេលវាយផ្តួលរំលំកងទ័ពខ្មែរក្រហមរបស់ប៉ុល ពតដែលជាមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកហ៊ុន សែន ដែលជាអតីតទាហានខ្មែរក្រហម បានរំឭកឡើងអំពីអត្ថាធិប្បាយរបស់លោក Lee លើទំព័រហ្វេសប៊ុករបស់លោកថា លោក Lee បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ដោយលើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នាយើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជានិងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម»។
លោកហ៊ុន សែន បានប្រតិកម្មទៅនឹងអត្ថាធិប្បាយនេះ ក្នុងអត្ថន័យដើមថា៖ «ការលើកឡើងនេះបង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ»។
លោកបានបញ្ជាក់ទៀតថា៖ «ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ»។
លោកហ៊ុន សែន បានសង្កត់ធ្ងន់ថា ការលើកឡើងរបស់លោក Lee នាពេលនេះក៏បានបង្ហាញ ប្រជាជនសិង្ហបុរី និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
លោកហ៊ុន សែន បានផ្តល់ការកត់សម្គាល់ថា សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង១០ ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។ លោកបានចោទសួរលោកLee ក្នុងន័យដើមថា៖
«ចុងក្រោយនេះ ខ្ញុំចង់សួរ ឯកឧត្តម នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា «តើគាត់ចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់»?
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយគាំទ្រស្ទើរតែទាំងស្រុងនូវអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ដោយសារខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ គឺដូចស្ទើរតែទាំងអស់ទៅនឹងអត្ថាធិប្បាយរបស់លោកហ៊ុន សែន។
ការឆ្លើយតបរបស់លោកហ៊ុន សែន ទៅនឹងអត្ថាធិប្បាយរបស់មេដឹកនាំសិង្ហបុរី ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីកូនប្រុសពៅរបស់លោកគឺលោកហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមួយរូបរបស់ខេត្តកំពង់ស្ពឺផងដែរនោះ បានបង្ហាញ«ការភ្ញាក់ផ្អើល»កាលពីសប្ហាហ៍មុនទៅនឹងពាក្យពេចន៍របស់លោកលី ស៊ានឡុង។
ភ្លាមៗក្រោយអត្ថាធិប្បាយរបស់លោកហ៊ុន ម៉ានី ប្រទេសវៀតណាមបានបង្ហាញ«ការសាកសា្តយ»នឹងការលើកឡើងរបស់លោកលី។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឆ្លើយតបជាសាធាណៈថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី«មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្តដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»។
លោកស្រី ក៏បានថ្លែងថាសាលក្រមរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម លើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហម គឺគ្រប់គ្រាន់ល្មមដើម្បីបញ្ជាក់ពីការណ៍ពិតដែលបានកើតឡើងនៅកម្ពុជា មុនកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជា។
ស្ថានទូតសិង្ហបុរី ប្រចាំកម្ពុជាមិនឆ្លើយតបទៅនឹងសំនួររបស់VOA ដែលបានផ្ញើតាមសារអេឡិចត្រូនិក ឬអ៊ីម៉េល។
យ៉ាងណា ប្រធានសភាសិង្ហបុរី លោក Tan Chuan-Jin បានធ្វើអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកដោយតបទៅនឹងការថ្លែងរបស់ប្រទេសវៀតណាម តែមិនបានសំដៅដល់ប្រទេសកម្ពុជា។
លោកបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះក្នុងន័យដើមថា៖ «ប្រទេសវៀតណាមប្រហែលជាមិនពេញចិត្តយោបល់ខ្លះ ដែលធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី [លី ស៊ានឡុងហើយខ្ញុំគិតថា ពួកគេអាចកំណត់និយមន័យនៃអតីតកាលតាមបែបដែលពួកគេយល់ថា សមទំនង។ ការណ៍នេះ មិនបានកែប្រែអតីតកាល ដូចមនុស្សជាច្រើនបានយល់ឃើញនោះទេ។ ហើយការណ៍នេះ ក៏មិនអាចបង្អាក់ ពួកយើងមិនឲ្យធ្វើជាមិត្តភ័ក្តល្អ និងអ្នកជិតខាងល្អនាពេលបច្ចុប្បន្ននេះដែរ។ យើងប្តេជ្ញាធ្វើជាមិត្តភ័ក្ត និងអ្នកជិតខាងដ៏ល្អ»។
លោកបានរៀបរាប់បន្ថែមថា រឿងដែលចម្លែកនោះ គឺពេលឃើញជនជាតិសិង្ហបុរីខ្លះ ដែលលោកសន្មត់ថា អាចមាន ឬមិនមានប្រភពពីប្រទេសផ្សេងទៀតសប្បាយចិត្តនឹងយករឿងមកនិយាយជាមួយរដ្ឋាភិបាលសិង្ហបុរី ដោយមិនខ្វល់ពីប្រវត្តិសាស្ត្រ។
លោកសរសេរថា៖ «ឬក៏ពួកគេ មិនបានអាន ឬក៏មិនមានគំនិតណាមួយចំពោះអ្វីដែលបានកើតឡើងនោះ? ឬបើអាក្រក់ជាងនេះទៅទៀត។ពួកគេដឹងប៉ុន្តែពួកគេជ្រើសរើសធ្វើការវាយប្រហារពាក្យសំដីដោយសារតែវាចំណេញនយោបាយ។
អ្នកប្រវត្តិសាស្រ្តកម្ពុជាយល់ថា ការជជែកដេញដោល ដែលកើតមានក្រោយការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ឆ្លុះបញ្ចាំងថា ការសិក្សាប្រវត្តិសាស្រ្តនៅក្នុងតំបន់អាស៊ានមិនទាន់មានការយល់ព្រមជារួមនោះទេ៕