ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​តែង​តាំង​ឲ្យ​ដឹក​នាំ​ទីភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត


រូបឯកសារ៖ លោក Michael Pack បេក្ខជន​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ប្រតិបត្តិ​ USAGM ក្នុង​ពេល​សវនាការ​តែង​តាំង កាល​ពី​ខែ​កញ្ញា ២០១៩។
រូបឯកសារ៖ លោក Michael Pack បេក្ខជន​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ប្រតិបត្តិ​ USAGM ក្នុង​ពេល​សវនាការ​តែង​តាំង កាល​ពី​ខែ​កញ្ញា ២០១៩។

សមាជិក​ព្រឹទ្ធ​សភាខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​រូប នៅ​ក្នុង​គណកម្មាធិការ​ទទួល​បន្ទុក​ទំនាក់​ទំនង​ការ​បរទេស បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​ថា អង្គការ​មិន​រកប្រាក់​ចំណេញ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បេក្ខជន​ដែល​លោក​ប្រធានា​ធិបតី ដូណាល់​ ត្រាំ តែង​តាំង​ឲ្យ​ដឹកនាំទីភ្នាក់​ងារ​រដ្ឋាភិបាល​សហព័ន្ធ​ដែលត្រួត​ពិនិត្យ​សំឡេង​សហរដ្ឋ​អាមេរិក​នោះ កំពុង​ស្ថិតក្រោម​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​ក្រសួង​យុត្តិធ៌មរបស់​រដ្ឋធានី​វ៉ាស៊ីនតោន។

សមាជិក​ព្រឹទ្ធ​សភា Bob Menendez នៃ​រដ្ឋ ​New Jersey​ បាន​ថ្លែងកាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍​ថា ការិយាល័យក្រសួង​យុត្តិធម៌របស់​រដ្ឋធានី​វ៉ាស៊ីនតោន កំពុង​ស៊ើប​អង្កេត​ថា​តើ​ការ​ប្រើ​ប្រាស់​មូលនិធិនៃ​អង្គការមិន​រក​ចំណេញរបស់​លោក Michael Pack​ ឈ្មោះ Public Media Lab ខុស​ច្បាប់ដែរ​ឬ​ទេ ហើយ​ថា​តើ​លោក​មាន​បាន​ប្រើ​ប្រាស់​មូល​និធិ​នោះ ដើម្បីផល​ប្រយោជន៍​ខ្លួន​លោក​ផ្ទាល់​ឬ​ទេ​នោះ។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកល​ហៅ​កាត់​ថា​ USAGM ជាទី​ភ្នាក់​ងារ​ដែល​ត្រួត​ពិនិត្យ​ការ​ផ្សាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​មាន​រួម​ទាំង​សំឡេង​សហរដ្ឋ​អាមេរិក​ និង អាស៊ី​សេរី​ផង​ដែរ។

លោក ​Menendez ​ថ្លែង​ថាតាំង​ពី​មាន​សវនាការ​ស្តី​ពី​ការ​តែង​តាំង​លោក Pack កាល​ពីខែ​កញ្ញាមក លោក Pack​ បាន​បដិសេធ​មិន​ព្រម​ផ្តល់​ជូន​គណកម្មាធិការ​ព្រឹទ្ធសភាទទួល​បន្ទុក​ទំនាក់​ទំនង​ការ​បរទេស​ នូវ​ឯក​សារ​ដែល​គណ​កម្មាធិការ​នេះ​បាន​ស្នើ​សុំ ដើម្បីពិនិត្យ​មើលសំណុំរឿង​ដែល​ក្រសួង​យុត្តិធម៌នៃ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កំពុង​ស៊ើប​អង្កេត​នោះ ឬ​ដើម្បី​កែ​តម្រូវឯកសារ​មិន​ពិតដែល​លោក​ ​បានផ្ញើរទៅ​ក្រសួង​ពន្ធ​ដារ​សរអា​នោះ។

លោក Menendez ថ្លែង​ថា​លោក​កំពុង​អំពាវនាវ​ឲ្យ​ប្រធាន​គណកម្មាធិការ​ព្រឹទ្ធសភាទទួល​បន្ទុក​ទំនាក់​ទំនង​ការ​បរទេស ​លោក ​Jim Risch នៃ​គណបក្ស​សាធារណ​រដ្ឋ ទុក​ការ​តែង​តាំង​លោក Pack មួយ​អន្លើ​សិន។ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​លោក Pack ឬ​ពី​សេតវិមាន ចំពោះ​ការ​ថ្លែង​របស់​លោក Menendez នៅ​ឡើយ​ទេ។ លោក​ប្រធានាធិបតី​ត្រាំ បាន​តែង​តាំង​លោក ​Pack ​ឲ្យកាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកលដែល​ហៅ​កាត់​ថា​ USAGM​នេះ កាល​ពី​ជិត​២​ឆ្នាំ​មុន៕

XS
SM
MD
LG