ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្ត្រី​ទីភ្នាក់ងារ USAGM ត្រូវ​​បាន​កាត់​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​បី​ខែ​សម្រាប់​ការ​លួចបន្លំ​ប្រាក់​រដ្ឋាភិបាល


នេះ​ជា​ស្លាក​សញ្ញា​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ (USAGM) នៅ​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
នេះ​ជា​ស្លាក​សញ្ញា​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ (USAGM) នៅ​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Haroon Ullah ជា​អតីត​មន្ត្រី​នៃ​ក្រសួង​ការបរទេស​និង​ជា​បុគ្គលិក​ជាន់ខ្ពស់​ម្នាក់​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ (USAGM) ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​សុក្រ​​កន្លង​ទៅ​នេះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ខែ សម្រាប់​ការ​លួចបន្លំ​ប្រាក់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។

លោក Haroon Ullah ដែល​បាន​បម្រើការ​ជា​នាយក​ផ្នែក​យុទ្ធសាស្ត្រ​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ (USAGM) ពី​ខែ​តុលា​ ឆ្នាំ​២០១៧​ដល់​ខែ​មេសា ​ឆ្នាំ​២០១៩ បាន​សារភាព​ទទួល​កំហុស​កាល​ពី​ខែ​មិថុនា​ថា ​បាន​លួច​បន្លំ​ប្រាក់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិកចំនួន​រាប់​ម៉ឺន​ដុល្លារ តាមរយៈ​ការ​បន្លំ​វិក្កយបត្រ​ក្លែងក្លាយ​និង​ការ​បន្លំ​ស្នើ​សុំ​ប្រាក់​ពី​រដ្ឋាភិបាល​ចំពោះ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​អំពី​សៀវភៅ​របស់​ខ្លួន។

យោងតាម​គោលការណ៍​ណែនាំ​ស្ដី​ពី​ការ​កាត់​ទោស​ក្រោម​ច្បាប់​សហព័ន្ធ លោក Ullah ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​១០​ខែ​ដល់​១៦​ខែ​ចំពោះ​ការ​លួច​បន្លំ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋាភិបាល។

នៅ​មុន​ការ​កាត់​ទោស​ រដ្ឋអាជ្ញា​និង​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក Ullah បាន​ព្រមព្រៀង​គ្នា​ចំពោះ​ការ​កាត់​ក្ដី​ឲ្យ​លោក​ជាប់​ពន្ធនាគារ​តែ​រយៈពេល​៦០​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​ត្រូវ​នៅ​ក្នុង​ពន្ធនាគារ​ជា​រៀងរាល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​រយៈពេល​៣០​សប្ដាហ៍ និង​ត្រូវ​បង់ប្រាក់​សំណង​ជាង​៣ម៉ឺន​៤​ពាន់​ដុល្លារ​ជា​មុន ដែលទឹកប្រាក់​នេះ​ប្រហាក់ប្រហែល​នឹង​ចំនួន​ទឹកប្រាក់ដែល​លោក Ullah បាន​លួច​បន្លំ​ពី​រដ្ឋាភិបាល​អាមេរិក​ក្នុង​រយៈពេល​៩​ខែ​កន្លង​មក​នេះ។

លោក Ullah បាន​បង់ប្រាក់​សំណង​រួចរាល់​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ប៉ុន្តែ​ចៅក្រម​សហព័ន្ធ លោក​ Thomas S. Ellis បាន​មាន​ប្រសាសន៍​ថា គួរ​តែ​ដាក់​ទោសលោក​ឲ្យ​ធ្ងន់​ជាង​នេះ​ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​រដ្ឋាភិបាល​ដទៃទៀត​ កុំ​ឲ្យ​ប្រព្រឹត្ត​ខុសឆ្គង​ដូច្នេះ​ទៀត។

លោក​ចៅក្រម Ellis បាន​ថ្លែង​ប្រាប់​លោក Ullah នៅ​ក្នុង​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង Alexandria ​រដ្ឋ Virginia ថា៖ «ខ្ញុំ​គិត​ថា ប្រសិន​បើ​លោក​លួច​បន្លំ​ប្រាក់​ក្នុង​ចំនួន​យ៉ាង​ច្រើន​នេះ​ពី​រដ្ឋាភិបាល លោក​គួរ​តែ​ទទួល​ផល​វិបាក​ដែល​សក្ដិសម​នឹង​ការ​ប្រព្រឹត្តខុសឆ្គង​នេះ។ ការ​កាត់​ទោស​នេះ​គួរ​តែ​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ដទៃទៀត​កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ឆ្គង​យ៉ាង​ដូច្នេះ‍»។

លោក Ullah ទំនង​ជា​នឹង​ចាប់​ផ្ដើម​ជាប់​ពន្ធនាគារ​នៅ​ដើម​ខែ​មករា​ខាង​មុខ​នេះ បន្ទាប់​ពី​ការិយាល័យ​ពន្ធនាគារ​ចាត់​ឲ្យ​លោក​ជាប់​នៅ​ពន្ធនាគារ​ណា​មួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mark Schamel ដែល​ជា​មេធាវី​ម្នាក់​របស់​លោក Ullah។ ​

ក្រោយ​ពី​ជាប់​ពន្ធនាគារ​រយៈពេល​បី​ខែ​ហើយ លោក Ullah ក៏​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​រយៈពេល​បី​ឆ្នាំ ​និង​ត្រូវ​ធ្វើ​ការងារ​ជួយ​ដល់​សហគមន៍​រយៈពេល​៣០​ថ្ងៃ​បន្ថែម​ទៀត។ ក្នុង​អំឡុង​ពេល​នោះ លោក Ullah នឹង​ត្រូវ​តម្រូវ​ឲ្យ​និយាយ​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​អំពី​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ដោយ​ការ​បន្លំ​ឯកសារ​ខុស​ច្បាប់​ផង​ដែរ។​

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ (USAGM) ដែល​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ថា BBG គឺ​ជា​ទីភ្នាក់ងារឯករាជ្យ​មួយ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​គ្រប់គ្រង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វិទ្យុ​អឺរ៉ុប​សេរី​ វិទ្យុ​សេរី ការិយាល័យ​ផ្សាយ​ព័ត៌មាន​គុយបា វិទ្យុ​អាស៊ីសេរី និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​មជ្ឈិមបូព៌ា​ផង​ដែរ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ (USAGM) បាន​ឲ្យ​ដឹង​ថា ការ​កាត់​ទោស​នេះ ​«ផ្ញើ​ជា​សារ​ដ៏​ខ្លាំងក្លា​មួយ​ថា គ្មាន​ការ​លើកលែង​ជា​ដាច់​ខាត​ចំពោះ​ការ​លួចបន្លំ‍ ​ឬ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ណា​មួយ»។

សេចក្ដីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ (USAGM) បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ហើយ​និង​មាន​ការ​ប្ដេជ្ញា​ចំពោះ​ការ​អនុវត្ត​ប្រកប​ដោយ​តម្លាភាព​នៅ​ក្នុង​ដំណើរការ​និង​ប្រព័ន្ធ​ទាំងអស់​របស់​ទីភ្នាក់ងារ​នេះ‍»។

សេចក្ដីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា ប្រព័ន្ធ​សវនកម្ម​ផ្ទៃក្នុង​របស់​ទីភ្នាក់ងារ​នេះ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន និង​បាន​បញ្ឈប់​សកម្មភាព​លួច​បន្លំ​របស់​លោក Ullah ដោយ​បាន​ជួយ​កាត់​បន្ថយ​ការ​ខាត​បង់​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល។

​រដ្ឋអាជ្ញា​បាន​បញ្ជាក់​ថា លោក Ullah មាន​បំណង​នឹង​លួច​បន្លំ​ប្រាក់​ជិត​៥ម៉ឺន​ដុល្លារ​ប៉ុន្តែ​លោក​មិន​អាច​សម្រេច​ផែនការ​នេះ​បាន ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​រកឃើញ​ថា​បាន​លួច​បន្លំ។

សេចក្ដីថ្លែងការណ៍​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ USAGM បាន​ឲ្យ​ដឹង​បន្ថែម​ថា៖ «នៅ​ពេលដែល​ដឹង​អំពី​ព័ត៌មាន​មិន​ប្រក្រតី​ណា​មួយ ទីភ្នាក់ងារ​នេះ​នឹង​បញ្ជូន​បញ្ហា​នោះ​ទៅ​កាន់​ការិយាល័យ​អធិការកិច្ច​របស់​ក្រសួង​ការបរទេស។ ចំណាត់ការ​នេះ​គឺ​ស្រប​ទៅ​តាម​គោលការណ៍​ណែនាំ​និង​គោលនយោបាយ​របស់ USAGM‍»។ ​

មុន​ពេល​ចូល​បម្រើការ​នៅ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល​ USAGM ក្នុង​តំណែង​ជា​មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​កាល​ពី​ចុង​ឆ្នាំ​២០១៧ លោក Ullah មាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត ជា​អ្នក​និពន្ធ​សៀវភៅ ​ជា​អ្នក​ជំនាញ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ហិង្សា​ជ្រុល​និយម និង​បាន​បម្រើ​ការ​ជា​ទីប្រឹក្សា​ទទួល​បន្ទុក​រៀបចំ​ផែនការ​គោលនយោបាយ​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry។

ការ​កាត់​ទោស​តាមផ្លូវ​ច្បាប់​ទៅ​លើ​លោក Ullah នេះ កើតចេញ​ពី​ការ​ធ្វើ​ដំណើរ​ជាច្រើន​លើក​ច្រើន​សារ​របស់​លោក​រយៈពេល​១៨​ខែដោយ​ប្រើប្រាស់​ថវិកា​របស់​ទីភ្នាក់ងារ USAGM។ ​

​យោង​តាម​ឯកសារ​របស់​តុលាការ​ លោក Ullah បាន​សារភាព​ថា លោកបាន​ប្រគល់​ឯកសារ​បន្លំ​មួយ​ចំនួន ដូចជា​វិក្កយបត្រ​ស្នាក់នៅ​សណ្ឋាគារ វិក្កយបត្រ​ជិះ​រថយន្ត​តាក់ស៊ី និង​ប្រើ​វិក្កយបត្រ​ជាន់​គ្នា​ដើម្បី​ទារ​ប្រាក់​ពី​អ្នក​ឧបត្ថម្ភ​ខាង​ក្រៅ​ផង​និង​ពី​ USAGM ផង​ ចំពោះ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​តែ​មួយ និង​បាន​ប្រើ​វិក្កយបត្រ​ស្នើ​សុំ​ប្រាក់​សំណង​ពី​ទីភ្នាក់ងារ​នេះ​ចំពោះ​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៀត។

កំណត់ត្រា​កាត់ទោស​របស់​រដ្ឋអាជ្ញា​បាន​បង្ហាញ​ថា៖ «លោកUllah ​ប្រើ​រូប​ឡូហ្គោ​និង​ក្រាហ្វិក​ពី​អ៊ីនធឺណិត និង​កម្មវិធី​ផលិត​វិក្កយបត្រ​ ឬ​កម្មវិធី Microsoft Excel ដើម្បី​បង្កើត​វិក្កយបត្រ​សណ្ឋាគារ​ក្លែងក្លាយ‍»។

ស្រប​ពេល​ដែល​លោក​បាន​លួច​បន្លំ​ប្រាក់​ពី USAGM លោក Ullah ក៏​បាន​ប្រើ​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​ដើម្បី​បន្លំ​ក្រុមហ៊ុន​ធានារ៉ាប់រង Liberty Mutual ផង​ដែរ តាមរយៈ​ការ​ដាក់​ឯកសារ​បន្លំ​យ៉ាង​ហោច​ណាស់​ចំនួន​១២​ច្បាប់។ នេះ​បើ​យោង​តាម​កំណត់ហេតុ​រដ្ឋអាជ្ញា​ដដែល​នោះ។

ដោយ​មាន​ក្រុមគ្រួសារ​របស់​លោក​អង្គុយ​នៅ​ជួរ​ទី​ពីរ​នៅ​ក្នុង​តុលាការ លោក Ullah បាន​បង្ហាញ​នូវ​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​របស់​លោក រហូត​ដល់​ពេល​ខ្លះ​វង្វេងវង្វាន់​ស្មារតី​ នៅ​ពេល​ដែល​លោកព្យាយាម​ពន្យល់​អំពី​សកម្មភាព​របស់​លោក​ទៅ​កាន់​ម្ដាយ​របស់​លោក។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​អស់​ផ្លូវ​ហើយ។ ខ្ញុំ​បាត់បង់​សីលធម៌​អស់​ហើយ‍»។ ​

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ លោក Schamel ដែល​ជា​មេធាវី​ម្នាក់​របស់​លោក Ullah បាន​និយាយ​ថា «គោលដៅ​ជីវិត​របស់​លោក Ullah គឺ​ស្វែងរក​វិធី​ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក​មាន​សុវត្ថិភាព​ជាង​មុន​និង​បញ្ឈប់​ការ​ពង្វក់​ប្រជាពលរដ្ឋ​ជ្រុលនិយម​នៅ​ក្នុង​សហរដ្ឋអាមេរិក‍»៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG