ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវបាន​ផ្តល់ជូន​អង្គការ Nihon Hidankyo ដែល​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ


បុរស​ម្នាក់​ចែក​កាសែត​ដែលប្រកាសពី​ការ​ទទួលពានរង្វាន់​រណូបែលបស់ Nihon Hidankyo នៅទីក្រុងតូក្យូ។
បុរស​ម្នាក់​ចែក​កាសែត​ដែលប្រកាសពី​ការ​ទទួលពានរង្វាន់​រណូបែលបស់ Nihon Hidankyo នៅទីក្រុងតូក្យូ។

ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវបាន​ផ្តល់​កាលពី​ថ្ងៃ​សុក្រ​ជូន​អង្គការ Nihon Hidankyo ដែល​ជា​អង្គការ​ជប៉ុន​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​របស់​សហរដ្ឋ​អាមេរិក​លើ​ទីក្រុង Hiroshima និង​ទីក្រុង Nagasaki នៃ​ប្រទេស​ជប៉ុន ចំពោះ​សកម្មភាព​តស៊ូមតិ​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Jørgen Watne Frydnes ប្រធាន​គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ន័រវែស (Norwegian Nobel Committee) ថា​ពាន​រង្វាន់​នេះ​ត្រូវបាន​ប្រគល់​ជូន​ក្នុង​គ្រា​ដែល «ការ​តស៊ូមតិ​ប្រឆាំង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កំពុង​រង​សម្ពាធ»។

លោក​ថ្លែង​ថា គណៈកម្មាធិការ​ពានរង្វាន់​ណូបែល «មាន​ចេតនា​គោរព​អ្នក​រស់រាន​មាន​ជីវិត​ទាំងអស់​ដែល​ទោះបីជា​អ្នក​ទាំងនោះ​នៅ​មាន​ទុក្ខវេទនា​និង​ការ​ឈឺចាប់​ផ្លូវកាយ​ក៏ដោយ ក៏​សុខចិត្ត​ប្រើ​បទពិសោធន៍​ដ៏​ឈឺចាប់​របស់​ខ្លួន​ដើម្បី​បណ្តុះ​ក្តី​សង្ឃឹម​និង​ការ​ប្រឡូក​ដើម្បី​សន្តិភាព»។

កិច្ច​ប្រឹងប្រែង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ក៏​ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល​កាលពី​អតីតកាល​ផងដែរ។ អង្គការ​យុទ្ធនាការ​អន្តរជាតិ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ (International Campaign to Abolish Nuclear Weapons) បាន​ទទួល​ពានរង្វាន់​សន្តិភាព​នេះ​នៅ​ឆ្នាំ ២០១៧ ហើយ​នៅ​ឆ្នាំ ១៩៩៥ លោក Joseph Rotblat និង​អង្គការ​អន្តរជាតិ Pugwash Conferences on Science and World Affairs បាន​ទទួល​ពានរង្វាន់​នេះ ដោយសារ «កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​ធ្វើឱ្យ​ចុះខ្សោយ​នូវ​តួនាទី​នៃ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​នយោបាយ​អន្តរជាតិ ហើយ​សម្រាប់​រយៈពេល​វែង ឈាន​ទៅ​លុបបំបាត់​អាវុធ​នេះ​ទាំងស្រុង»។

ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​នេះ​ត្រូវបាន​ផ្តល់ជូន ក្នុង​គ្រា​ដែល​សង្គ្រាម​ដ៏​ហិនហោច​កំពុង​ញាំញី​ពិភពលោក ជាពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ស៊ូដង់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG