ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​៖ ​«យើង​គិត​ថា​របប​កុម្មុយនិស្ត​បាន​ស្លាប់​ហើយ»


ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​លោកស្រី​ Svetlana Alexievich (ឆ្វេង) តាម​ពី​ក្រោយ​ដោយ​អ្នក​គាំ​ទ្រ​ បន្ទាប់​ពី​អ្នក​ស្រី​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ក្រុង​ Minsk ប្រទេស​​បេឡារូស ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។
ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​លោកស្រី​ Svetlana Alexievich (ឆ្វេង) តាម​ពី​ក្រោយ​ដោយ​អ្នក​គាំ​ទ្រ​ បន្ទាប់​ពី​អ្នក​ស្រី​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ក្រុង​ Minsk ប្រទេស​​បេឡារូស ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោកស្រី​ Svetlana Alexievich ជា​អ្នក​កាសែតជន​ជាតិ​បេឡារូស ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្តី​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ ​ Chernobyl ​សង្រ្គាម​របស់​សហភាព​សូវៀត​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប្រវត្តិ​សាស្ត្រសូវៀត​និង​ក្រោយ​សូវៀត​ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសាស្ត្រ​កាល​ពី​ឆ្នាំ​មុន ហើយដែល​គណៈកម្មាធិការពាន​រង្វាន់​ណូបែល​បាន​ហៅ​សំណេរ​របស់លោក​ស្រី​ថា «ជា​និមិត្តរូប​នៃ​ការ​រង​ទុក្ខ​វេទនា និង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​សម្រាប់​សម័យ​កាលយើង»។​

លោកស្រី​បាន​និយាយ​ជាមួយនាង ​Yulia Savchenko ​នៃវីអូអេ ​នៅទីក្រុង​វ៉ាស៊ីនតោន ​អំពីប្រវត្តិសាស្រ្តប្រកបដោយ​សោកនាដកម្ម​នេះ​ និង​ការ​ដែល​សោកនាដកម្ម​នៅ​តែ​បន្ត​ដក់​នៅ​ក្នុង​អារម្មណ៍​របស់ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​របប​សហភាព​សូវៀត​។

លោកស្រី​ Alexievich​ បាន​ថ្លែង​ថា ៖ «យើង​មាន​មនោសញ្ចេតនា​រីករាយក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០​ និង​បាន​គិត​ថា ​របប​កុម្មុយនិស្ត​បាន​ស្លាប់​បាត់​ទៅ​ហើយ»។

«ប៉ុន្តែ​ដប់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ ហើយ​លោក​ពូទីន​ក៏​ចូល​មកកាន់​តំណែង​ វា​ច្បាស់​ណាស់​ថា​ ដំណើរ​របប​កុម្មុយនិស្ត​អាច​ត្រឡប់​មក​វិញ។ របប​កុម្មុយនិស្ត​តិច​ឬច្រើន ​នឹង​វិល​ត្រឡប់​មក​វិញ​ម្តង​ហើយ​ម្តង​ទៀត »។

លោកស្រី​ Alexievich ​រៀបរាប់​អំពី​សៀវភៅ​របស់​លោកស្រី ​ដែល​ផ្អែក​លើ​សក្ខីកម្ម​របស់​មនុស្ស ​ដែល​បាន​ជួប​ប្រទះ​ហេតុការណ៍​ប្រវត្តិសាស្រ្តប្រកបដោយ​សោកនាដកម្ម​នេះ​ដោយ​ផ្ទាល់។

លោកស្រី​បាន​និយាយ​ថា​៖ ​«គំនិត​របស់​ខ្ញុំ​គឺ​សរសេរ​សព្វវចនាធិប្បាយ​នៃ​សម័យកាល​នោះ»។ «ខ្ញុំ​បាន​រក​ឃើញ​មនុស្ស​ដែល​ធ្លាប់​បាន​ឃើញលោក​លេនីន (Lenin)​ ស្តាលីន (Stalin) ​ ដែល​ពួកគាត់​គឺជា​អ្នក​រស់​នៅ​ក្នុង​ជំរំ (ពន្ធនាគារ)​ ​ជន​ដែល​រស់​នៅ​ក្នុង​ជំរំ​របស់​ស្តាលីន​អស់​រយៈពេល​ ១៧​ទៅ​២០​ ឆ្នាំ ក៏​ដូចជា​ជនដែល​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​«មហា​សង្រ្គាម​ស្នេហា​ជាតិ»​ [សង្គ្រាម​លោក​លើក​ទី​ពីរ]។ ខ្ញុំ​សម​ជា​អ្នក​ដែល​ត្រូវ​សរសេរ​រឿងរ៉ាវ​ទាំងអស់​នេះ​នៅ​ក្នុង​ពេល​នេះ។​ ខ្ញុំ​គិត​ថា ​នៅ​ទី​បញ្ចប់​ការ​ពិពណ៌នា​របស់​ខ្ញុំ ​គឺ​និយាយ​ច្រើន​អំពី​បុគ្គល​ និង​គំនិត​ហួស​វិស័យ​នៃ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​នៅ​ពេល​ដែល​ពួក​គេ​ចង់​កសាង​ឋានសួគ៌​មិន​ទាន់​ពេញលក្ខណៈ​នៅ​លើ​ផែន​ដី»។

គួរ​កត់​សម្គាល់​ថា​ ប្រទេស​រុស្ស៊ី​មាន​របប​«សក្តិភូមិ»ច្រើន​ជាង​របប​មូលធន​និយម​ក្នុង​ឆ្នាំ​១៩១៧​ នៅ​ពេល​ដែល​ចលនា ​Bolsheviks​ ដណ្ដើម​កាន់កាប់​អំណាច ​ការណ៍​នេះ លោកស្រី​ Alexievich ​បាន​និយាយ​ថា ​វា​ គឺ​ជា«រឿង​ឆោត​ល្ងង់​»ដោយ​គិត​ថា​ប្រទេស​នេះ​អាច​ផ្លាស់​ប្ដូរ​ពី​សម័យ​សង្គម​សក្ដិភូមិ​និយម​ទៅ​ជា​របប​សង្គម​និយម​ និង​របប​កុម្មុយនិស្ត។

លោកស្រី​បាន​និយាយ​ថា៖ «ប៉ុន្តែ​ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ចលនា ​Bolsheviks​ មាន​ពាក្យ​ស្លោក​មួយ​ដែល​ព្យួរ​នៅ​លើ​ជញ្ជាំង​ជំរំ (ពន្ធនាគារ) ជំនាន់​ស្តាលីន​ថា៖​ ជាមួយ​នឹង​កណ្ដាប់​ដៃ​ដែក​ យើង​នឹង​ជំរុញ​មនុស្ស​ជាតិ​ឲ្យ​មាន​សុភមង្គល។ ពួកគេ​ប្រហែល​ជា​គិត​ថា​ ពួក​គេ​អាច​ធ្វើ​បាន»។

ជាជាង​ការ​នាំ​មក​នូវ​សុភមង្គល​ សកម្មភាព​ទាំង​នេះ​បាន​នាំ​ឱ្យ​មានឃ្លាមួយ​ដែល​លោកស្រី​ Alexievich​ បាន​ហៅ​ថា៖​ «សមុទ្រឈាម​ ​រណ្តៅកប់​សាក​សព​ដ៏​ធំ​ធេង»។

ឆ្នាំ​ក្រោយ​នេះ ​គឺ​ជា​ខួប​លើក​ទី​១០០​ ឆ្នាំ​នៃ​បដិវត្តន៍​ចលនា Bolshevik ដែល​បាន​ផ្ដល់​កំណើត​ឲ្យ​មាន​សហភាព​សូវៀត។ ​នៅ​ពេល​សួរ​អំពី​សារៈសំខាន់​នៃ​ខួប​លើក​នេះ​លោកស្រី​ Alexievich​ បាន​និយាយ​ថា៖ «វាគ្មាន​អ្វី​គួរ​ឲ្យ​មាន​មោទនភាព​នោះ​ទេ»។

«ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ពាក្យពេចន៍​របស់ ​(អ្នក​និពន្ធ​Varlam) Shalamov​ ដែល​ជា​អ្នក​ធ្លាប់​ចំណាយ​ពេល​១៥​ឆ្នាំ​នៅ​ក្នុង​ជំរំ​ពន្ធនាគារ​ជំនាន់ស្តាលីន​ និង​បាន​និយាយ​ថា ខ្ញុំ​គឺ​ជា​សាក្សី​នៃ​ការ​ចាញ់​សង្គ្រាម​ដែល​នាំ​សុភមង្គល​សម្រាប់​មនុស្ស​ជាតិ។ វា​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ទទួល​បាន​អរិយធម៌​ថ្មី​ផ្សេង​មួយ តែ​ជាក់​ស្តែង​ ចុងក្រោយ​គឺ​បរាជ័យ។ យើង​បរាជ័យក្នុង(​ការប៉ុនប៉ង)​នេះ ​ដែល​ខ្ញុំ​ជឿ​ថា នេះ​គឺ​ជា​មូលហេតុ​ធ្វើឲ្យ​យើង​គិត​អំពី​វា ​ថា​ហេតុអ្វី​យើង​បរាជ័យ​ ហេតុអ្វី​បាន​ជា​មានការ​បង្ហូរ​ឈាម​ច្រើន​ដូច្នេះ​ ហេតុអ្វី​មនុស្ស​ជា​ច្រើន​នាក់​បាន​បាត់​ខ្លួន​ ... ហេតុអ្វី​បាន​ជា​ពាក្យសេរីភាព សមភាព​ ភាតរភាព ​«​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ដូច​ទន្លេ​ដូច្នេះ»។

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG