ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​ទី​មួយ​របស់​បេឡារ៉ូស​ អំពាវ​នាវ​ឱ្យ​ដាក់​ទណ្ឌ​កម្ម​​​លោក​ប្រធានាធិបតី​លូកាស្សេនកូ


លោក ស្តានីស្លាវ ស្សូសខេវីច (Stanislav Shushkevich) ផ្តល់​សម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ផ្ទះ​របស់​លោក​ក្នុង​ទី​ក្រុង​មីនសក៍ ប្រទេស​បេឡារ៉ូស។
លោក ស្តានីស្លាវ ស្សូសខេវីច (Stanislav Shushkevich) ផ្តល់​សម្ភាសន៍​ជាមួយ​វីអូអេ​នៅ​ផ្ទះ​របស់​លោក​ក្នុង​ទី​ក្រុង​មីនសក៍ ប្រទេស​បេឡារ៉ូស។

បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​នៃ​ប្រទេស​បេឡារ៉ូស​ អាឡិចសាន់ដឺ​ លូកាស្សេនកូ (Alexander Lukashenko) បាន​ចាប់​ឃុំ​ឃាំង​គូបដិបក្ខ​នយោ​បាយ​ភ្លាមៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ខែ​មុន ប្រជា​ពល​រដ្ឋ​បេ​ឡារ៉ូស​ បាន​ចាប់​ផ្តើម​និយាយខ្សឹបៗ​អំពី​បញ្ហា​នយោបាយ។ លើក​លែង​តែ​បុរស​មាឌ​ក្រអាញ​ម្នាក់​ដែល​មាន​ចរិត​និង​ការ​និយាយ​របៀប​មានះ។

លោកគឺ​ ស្តានីស្លាវ ស្សូសខេវីច (Stanislav Shushkevich)។ នៅ​ឆ្នាំ​១៩៩៤ ​លោក​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ដោយ​សេរី​លើក​ទី​មួយនៅ​ក្នុង​ប្រទេស​បេឡារ៉ូស​ហើយ​បាន​ចាញ់លោក អាឡិចសាន់ដឺ លូកាស្សេនកូ។ ១៦ឆ្នាំ​ក្រោយ​មក លោក​ប្រធានាធិបតី លូកាស្សេនកូ​បានធ្វើ​ការ​ដឹក​នាំ​ ដោយទទួលការរិះ​គន់​ពី​មនុស្ស​មួយ​ចំនួន​ថា​លោក​គឺ​ជា​«មេ​ដឹក​នាំ​ផ្តាច់​ការ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ទ្វីប​អឺរ៉ុប»។

ដោយ​បាន​ជួប​ជា​មួយ​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ នៅ​ក្នុង​គេហដ្ឋាន​របស់​លោក ដែល​អាច​មើល​ឃើញ​ទី​ធ្លា​មុខ​ផ្ទះ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រិល​ នៅ​ក្នុង​ទី​ក្រុង​ ម៉ីនសក៍​ លោក​ ស្សូសខេវីច ​បាន​ទ្រោល​ខ្លួន​ទៅ​រក​ក្បាល​មេក្រូ​ហើយ​បាន​ប្រកាស​វាយ​ប្រហារ​រដ្ឋា​ភិ​បាល​របស់​លោក​លូស្សេនកូ​ ថា​ជា​«ក្រុម​ឧក្រិដ្ឋជន​កាន់អំណាច»។

និយាយ​ជា​ភាសា​រុស្ស៊ី ដោយ​មាន​សំនៀងភាសា​បេឡារ៉ូស​ខ្លាំង​ លោក​និយាយ​ថា រដ្ឋា​ភិ​បាលរបស់​លោក​ លូស្សេនកូ គឺ​ជា​រដ្ឋាភិបាល​ឧក្រិដ្ឋ «គឺ​ជា​ឧក្រិដ្ឋ​ជន​នៅ​លើ​បល្ល័ង្ក ដែល​កម្ទេច​ប្រ​ជា​ជន​ខ្លួន​ឯង​ និង​អ្នក​តំណាងដ៏​ល្អ​បំផុត​របស់​ខ្លួន»។

លោក​និយាយ​ថា លោក​ប្រធានា​ធិបតី​ លូស្សេនកូ ​បាន​ចំណាយ​ថវិកា​យ៉ាង​ខ្ជះ​ខ្ជាយ​ទៅ​លើប៉ូលីស ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​បេឡារ៉ូស​ ក្លាយ​ទៅ​ជា​រដ្ឋ​របស់​ប៉ូលីស​មួយ​ដ៏​ពិត​ប្រាកដ។ លោក​និយាយ​ថា ជាអត្រា​គឺ​មានប៉ូលីស១៥​នាក់​សម្រាប់​ពលរដ្ឋ​១.០០០នាក់​គឺ​មានចំនួន​៥០​ភាគ​រយ​ខ្ពស់​ជាង​ក្នុង​ប្រទេស​រុស្ស៊ី។

លោក​បាន​ចោទ​ប្រកាន់​ថា លោក​ប្រធានាធិបតី​ លូកាស្សេនកូ បាន​លួច​យក​លទ្ធផល​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី១៩​ខែ​ធ្នូ ហើយ​បន្ទាប់​មក​បាន​បញ្ជូន​ក្រុម​ជន​បង្ក​ហេតុ​ទៅ​គប់​បំបែក​បង្អួច​ហាង​នានា​នៅ​ឯ​ចុង​បញ្ចប់​នៃ​ការ​ដើរ​ក្បួន​តវ៉ា​ប្រកប​ដោយ​សន្តិភាព​មួយ​ ដែល​មាន​អ្នកចូលរួមចំនួន​ប្រមាណ​៤​ម៉ឺន​នាក់។

លោក ស្សូសខេវីច ជឿ​ជាក់​ថា​ វិធី​តែ​មួយ​គត់​ក្នុង​ការ​ទប់ទល់​ជា​មួយ​នឹង​រដ្ឋា​ភិ​បាល​របស់​លោក លូកាស្សេនកូ ​គឺ​តាម​រយៈ​ការ​ដាក់​ទណ្ឌ​កម្ម ជា​ប្រភេទ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​បន្ត​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​បេឡារ៉ូស។

លោក​និយាយ​ថា​ លោក​ប្រធានា​ធិបតី​ដែល​ជា​អតីត​អ្នក​គ្រប់​គ្រង​រដ្ឋ​ម្នាក់ មិន​មាន​ជម្រើស​អាជីព​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​ការ​ដឹក​នាំ​ប្រទេស​បេឡារ៉ូស​ ហើយ​លោក​ដឹក​នាំ​ប្រទេស​នេះ​ដូច​ជា​សហករណ៍​រួម​អញ្ចឹង។

លោក​និយាយ​ថា អ្នក​បន្ត​វេន​របស់លោកមិន​អាច​ធ្វើ​អ្វី​ទាំង​អស់ក្រៅ​ពី​ការ​គ្រប់​គ្រង។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​លោក​មាន​រោគ​ក្រាញ​ននៀល​នៅ​នឹង​អំណាច។

ក្នុង​នាម​ជា​សាស្រ្តាចារ្យផ្នែក​រូបវិទ្យា​និង​គណិតវិទ្យា លោក​ ស្សូសខេវីច​ អាច​និយាយ​របៀប​នេះ​បាន។​ លោក​មិនមាន​អ្វីដែលត្រូវ​ខាត​បង់​នោះ​ទេ។

លោក​ប្រធានាធិបតី​ លូកាស្សេនកូ ​បាន​កំណត់​ប្រាក់​សោធន​និវត្តន៍​សម្រាប់​ប្រធានាធិបតី​អណត្តិ​មុន​របស់​លោក​ ចំនួន​១​ដុល្លា​១០​សេន​ក្នុង​មួយ​ខែ។ លោក ស្សូសខេវីច ​ដែល​ជា​ប្រមុខរដ្ឋ​ទី​មួយ​របស់​ប្រទេសបេឡារ៉ូស ​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហ​ភាព​សូវៀត​បាន​បោះ​បង់ចោល​ការ​ប្តឹង​ឧទ្ធរណ៍ នៅ​ចំពោះ​មុខ​ក្រុម​ចៅ​ក្រម​ដែល​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​អ្នក​បន្ត​វេន​របស់​លោក។

ដើម្បី​អាច​បង់​វិក្កយ​បត្រ​ចំណាយ​ទាំង​ឡាយ​ក្នុង​វ័យ​៧៦​ឆ្នាំ លោក​បម្រើ​ការងារ​ជា​សាស្រ្តាចារ្យនៅ​ឯ​សាកល​វិទ្យាល័យ​អន្តរជាតិ​នានា។

សាកល​វិទ្យាល័យ​ល្បីៗ​ទាំង​នោះ​រួម​មាន សាកលវិទ្យា​ល័យ​យ៉េល ហាវឺដ កូឡុម​ប៊ី និង​វិទ្យាស្ថាន​នានានៅ​ក្នុង​ប្រទេស​រុស្ស៊ី​និង​ប្រទេសប៉ូឡូញ។

ក្រុម​អ្នក​កោត​សរសើរ​រូប​លោក​នៅ​ឯ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ប៉ូឡូញ​បាន​ដាក់​បេក្ខភាព​របស់លោកសម្រាប់​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​ពិភព​លោក។ ពួក​គេ​បាន​លើក​ឡើង​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ជោគ​ជ័យ​របស់​លោក​ក្នុង​ការ​បោស​សម្អាត​អា​វុធ​បរិមាណូចេញ​ពី​ប្រទេស​បេឡារ៉ូស ​នៅដើម​ទសវត្ស​រ៍១៩៩០ នៅ​ពេលលោក​បាន​ដឹក​ជញ្ជូន​គ្រាប់​បែក​ដែល​សេស​សល់​ពីសម័យ​សូវៀត និង​គ្រាប់​រ៉ុក្កែត​ចំនួន​ប្រហែល​៨០០​ទៅ​កាន់​ប្រទេស​រុស្ស៊ីវិញ។

នៅ​ឯ​ប្រទេស​លោក​វិញ បុរស​នៃ​ទី​ក្រុង​ម៉ីនសក៍ ​ដែល​មាន​ប្រាក់​សោធន​និវត្តន៍​មួយ​ដុល្លារ​ក្នុងមួយខែរូប​នេះ​ត្រូវមន្រ្តី​រដ្ឋា​ភិ​បាលគេច​មុខ​ចេញ។ ការ​ធ្វើ​ដំណើរ​របស់​លោក​ភាគ​ច្រើន​ គឺ​ស្ថិត​នៅ​ជា​ដំណើរ​ការ​ទូត​និង​ជាមួយ​ក្រុមប្រឆាំង។

លោក​បាន​និយាយ​ថា នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ សហភាពអឺរ៉ុប​ក្បត់​ចលនា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​បេឡារ៉ូស ​ដោយ​បាន​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​រដ្ឋា​ភិ​បាល​របស់​លោក​លូកាស្សេនកូ ​ផ្តល់​ការ​ទទួល​ស្គាល់​និង​សង្ឃឹម​ថា​អាចល្បួង​រដ្ឋាភិបាល​នេះ​ឱ្យ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ផ្លូវ​ប្រជា​ធិប​តេយ្យ​មួយ។

នៅ​ចុង​ខែ​នេះ ​ក្រុម​រដ្ឋមន្រ្តី​ការ​បរទេស​អឺរ៉ុប​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា។ ដោយ​មាន​ការ​តក់​ស្លុត​ដោយ​ការ​វាយ​ដំ​និង​ការ​ចាប់​ខ្លួន​បេក្ខជន​ប្រធានា​ធិបតី​មកពី​គណបក្ស​ប្រឆាំង ​សហ​ភាព​អឺរ៉ុប​នា​ពេល​ឥឡូវ​នេះ ប្រហែល​ជា​ដើរ​តាម​ផ្លូវ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម ដែល​លើក​ឡើង​ដោយ​លោក​ ស្សូសខេវីច៕

ប្រែ​សម្រួល​ដោយ ឌី ខាំបូលី

XS
SM
MD
LG