ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល​ថា ការ​ផ្ដន្ទាទោស​អ្នកស្រី Suu Kyi មាន​«លក្ខណៈ​នយោបាយ»


រូបឯកសារ៖ លោកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់ពី​ថ្ងៃដំបូង​នៃ​ការបើក​សវនាការ រយៈពេល​បីថ្ងៃ​នៅ​ទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី Aung San Suu Kyi ចាកចេញ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់ពី​ថ្ងៃដំបូង​នៃ​ការបើក​សវនាការ រយៈពេល​បីថ្ងៃ​នៅ​ទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល​នៃ​ប្រទេស​ន័រវែស ដែល​ជា​អ្នក​ផ្តល់​ពាន​រង្វាន់​ណូបែល​សន្តិភាព បាន​ថ្កោលទោស​ករណី​ដែល​តុលាការ​មីយ៉ាន់ម៉ា​ ផ្ដន្ទាទោស​ថ្មី​ចំនួន ៣ ករណី​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​លើ​អ្នកស្រី Aung San Suu Kyi ដែលជា​ជ័យលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព ​និង​ជា​អតីត​មេដឹកនាំ​ស៊ីវិល​របស់​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី Berit Reiss-Andersen ប្រធាន​គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល​សន្តិភាព បាន​បញ្ជាក់​ថា៖ «គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ស្ថានភាព​របស់​អ្នកស្រី Suu Kyi»។

អ្នកស្រី Reiss-Andersen បាន​បន្ថែម​ថា៖ «សាលក្រម​ថ្មី​ចុងក្រោយ​បំផុត​ប្រឆាំង​នឹង​អ្នកស្រី Suu Kyi នេះ គឺ​ជា​ការ​សម្រេច​ដែល​មាន​លក្ខណៈ​នយោបាយ»។

អ្នកស្រី Suu Kyi ដែល​មាន​វ័យ ៧៦ ឆ្នាំ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ នៅក្នុង​សាលក្រម​ថ្មី​ចុងក្រោយ​បំផុត​នេះ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រហូត​ដល់​រាប់​សិប​ឆ្នាំ។

នៅ​ក្នុង​សាលក្រម​ថ្មី​ចុងក្រោយ​បំផុត​នេះ អ្នកស្រី​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ​មាន​កំហុស​ទាក់ទិន​នឹង​បទ​ចោទ​ប្រកាន់​ចំនួន ២ ករណី ដែល​ករណី​ទី​មួយ​ គឺ​ការ​នាំចូល​ និង​កាន់កាប់​អាយកូម​ដោយ​ខុស​ច្បាប់ និង​ករណី​ទី​ពីរ​ គឺ​ការ​បំពាន​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ដែល​ដឹង​អំពី​ករណី​នេះ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP៕

XS
SM
MD
LG