ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មីយ៉ាន់ម៉ា​​កាត់ទោស​លោក​ស្រី Suu Kyi ក្នុង​បទ​ចោទ​មាន​វិទ្យុ​ទាក់ទង​និង​ការ​បំពាន​លើ​វិធានការ​ការពារ​ជំងឺ​កូវីដ១៩


រូប​ឯកសារ៖ លោកស្រី Aung San Suu Kyi ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​អំពី​ស្ថានភាព​នៅ​​រដ្ឋ Rakhine និង​​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា(Rohingya) កាល​ពី​ឆ្នាំ​២០១៧។

មេដឹកនាំ​ដែលត្រូវ​បណ្តេញ​ចេញ​ពី​អំណាច​នៃ​ប្រទេស​មីយ៉ាន់ម៉ា​លោក​ស្រី Aung San Suu Kyi ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ​ចំពោះ​ការ​នាំចូល​និង​ការ​មាន​វិទ្យុ​ទាក់ទង​គ្នា​ខុស​ច្បាប់​និង​ការ​រំលោភ​ច្បាប់​វីរុស​កូរ៉ូណា។

ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង​តុលាការ​នៅ​ក្នុង​រដ្ឋធានី​ណៃពីដោ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា លោក​ស្រី Suu Kyi ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​ចំពោះ​ការ​រំលោភ​ច្បាប់​អហរ័ណ​និង​នីហរ័ណ​របស់​ភូមា​ចំពោះ​ការនាំចូល​វិទ្យុ​ទាក់ទង​ដែល​គេ​ហៅ​ថា Walkie-Talkies ហើយ​នឹង​ទោសជាប់​ពន្ធនាគារ​២ឆ្នាំ​ទៀត​ចំពោះ​ការបំពាន​ច្បាប់​ចាត់ចែង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា។

ការ​កាត់ទោស​នៅ​ថ្ងៃ​ចន្ទ​នេះ​កើត​មាន​ឡើង​ជាង​១ខែ​បន្ទាប់ពី​លោក​ស្រី Suu Kyi បាន​រង​ការ​ចោទប្រកាន់​ចំពោះ​ការ​ញុះញង់​ឲ្យមាន​ចលាចល​សាធារណៈ​និង​ការចោទប្រកាន់​ដាច់​ដោយ​ឡែក​មួយ​ទៀត​ពី​ការបំពាន​ច្បាប់​រៀបចំ​ចាត់ចែង​គ្រោះមហន្តរាយ​ធម្មជាតិ​ពាក់ព័ន្ធនឹង​ការ​រឹតត្បិត​ជំងឺ​កូវីដ១៩ ខណៈ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​កាលពី​ឆ្នាំ​ទៅ។ លោក​ស្រី​កាលពី​ដំបូង​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ ក៏ប៉ុន្តែ មេដឹកនាំ​យោធា​ឧត្តមសេនីយ៍ Min Aung Hlaing បាន​បន្ធូរបន្ថយ​ទោស​ឲ្យ​មក​នៅ​ត្រឹម២​ឆ្នាំវិញ។

លោក​ស្រី Suu Kyi អាយុ​៧៦ឆ្នាំ កំពុង​ប្រឈម​ការជាប់​ពន្ធនាគារ​ជាង​១០០ឆ្នាំ ប្រសិន​បើ ត្រូវ​កាត់ទោស​លើ​បទ​ចោទប្រកាន់​នានា​ប្រឆាំង​នឹង​លោក​ស្រី​ដោយ​ពួក​យោធា​ចាប់តាំង​ពី​លោក​ស្រី​និង​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១​មក។ លោក​ស្រី ក៏​ត្រូវ​បាន​រង​ការចោទ​ប្រកាន់​ពី​ការ​រំលោភ​ច្បាប់​សម្ងាត់​ផ្លូវការ ការ​ញុះញង់​ឲ្យ​មាន​ចលាចល​សាធារណៈ ការ​ប្រើប្រាស់​ដីធ្លី​មិន​ត្រឹមត្រូវ​សម្រាប់​មូលនិធិ​សប្បុរសធម៌​របស់​លោក​ស្រី​និង​ការ​ទទួល​ប្រាក់​ខុស​ច្បាប់​ចំនួន​៦សែន​ដុល្លារ​និង​មាស​ចំនួន​១១​គីឡូក្រាម។

ពួក​អ្នក​គាំទ្រ​លោក​ស្រី និយាយ​ថា ការចោទប្រកាន់​ទាំង​អស់​នេះ មាន​គោលបំណង​រារាំង​លោក​ស្រី​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្តង​ទៀត។

គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី Suu Kyi បាន​ឈ្នះ​ការ បោះឆ្នោត​ជាតិ​ភ្លូក​ទឹក​ភ្លូកដី​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២០​លើ​គណបក្ស​សាមគ្គីភាព​និង​ការ​អភិវឌ្ឍន៍​សហភាព​ដែល​គាំទ្រ​ដោយ​ពួក​យោធា។ ពួក​យោធា បាន​លើកឡើង​ពី​ការ​លួច​បន្លំ​ការឆ្នោត​យ៉ាង​ខ្លាំង​ជា​ហេតុផល​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​និង​មិន​ទទួលស្គាល់លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ស៊ីវិល បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​ទាំង​នេះ​មុន​ពេល​គណៈកម្មការ​នោះ​ត្រូវ​បាន​រំលាយ។

លោក​ស្រី Suu Kyi ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​តំណែង​ក្នុង​នាម​ជា​ទីប្រឹក្សា​រដ្ឋ និង​លោក​ប្រធានាធិបតី Win Myint ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចាប់តាំង​ពី​រដ្ឋប្រហារ​នោះ​មក៕

ព័ត៌មាន​មួយចំនួន​នៅ​ក្នុង​សេចក្ដីរាយ​ការណ៍​នេះ ត្រូវ​បាន​ដកស្រង់​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន The Associated Press, Agence France-Presse និង Reuters។

អត្ថបទ​ទាក់ទង

XS
SM
MD
LG