រដ្ឋាភិបាលអូស្ត្រាលីទំនងមិនបន្តកិច្ចព្រមព្រៀងផ្ទេរជនភៀសខ្លួនមកកម្ពុជាទៀតឡើយដែលជាកិច្ចព្រមព្រៀងចម្រូងចម្រាសមួយនិងរងការរិះគន់ពីអង្គការសិទ្ធិមនុស្សថាបង្កហានិភ័យដល់ជនភៀសខ្លួន។នេះបើតាមកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះរបស់វីអូអេជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។
កាលពីខែកញ្ញាឆ្នាំ២០១៤អូស្ត្រាលីនិងកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយនៅទីក្រុងភ្នំពេញដែលបើកផ្លូវឱ្យមានការបែងចែកក្រុមអ្នកសុំសិទ្ធិជ្រកកោនដែលស្ថិតក្រោមការបង្ខាំងរបស់អូស្ត្រាលីនៅកោះណូរូ(Nauru) មកតាំងទីរស់នៅប្រទេសកម្ពុជា។
នៅពេលត្រូវបានសួរថាក្រោយពីកិច្ចព្រមព្រៀងបានបញ្ចប់នៅឆ្នាំ២០១៨តើអូស្ត្រាលីមានបំណងបន្តកិច្ចព្រមព្រៀងសាជាថ្មីឬទេ?លោកឯកអគ្គរាជទូត Pablo Kang ប្រាប់វីអូអេថា៖«ដូចដែលខ្ញុំបានលើកឡើងអ៊ីចឹងនោះគឺជាកិច្ចព្រមព្រៀងជាក់លាក់បំផុតមួយកើតឡើងក្នុងកាលៈទេសៈជាក់លាក់បំផុតមួយ...អត់មានទេសម្រាប់ពេលនេះគឺអត់ទេ!»
ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៦ខែវិច្ឆិកា លោក Pablo Kang បន្តថា៖ «កិច្ចព្រមព្រៀងនោះខ្ញុំគិតថាត្រូវបានធ្វើឡើងក្នុងពេលវេលានិងគោលបំណងជាក់លាក់មួយ។អ្នកដឹងទេអូស្ត្រាលីមានកំណត់ត្រាដ៏រឹងមាំក្នុងការធានាថា យើងមិនធ្វើអ្វីដែលលើកទឹកចិត្តឲ្យអ្នកប្រព្រឹត្តខុសច្បាប់មកកាន់ប្រទេសយើង។នេះក៏ដោយសារនៅពេលមានរឿងនេះកើតឡើងវាបង្កជាការអនុវត្តដ៏គ្រោះថ្នាក់»។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានបញ្ជាក់ដែរថាមកទល់នឹងដំណាច់ឆ្នាំ២០២១នេះមិនទាន់មានការបន្តណាមួយលើបញ្ហាកិច្ចព្រមព្រៀងជនភៀសខ្លួនដែលត្រូវបញ្ចប់កាលពីដំណាច់ឆ្នាំ២០១៨ទេ។
លោកប្រាប់វីអូអេថា៖ «ដូចជាគ្មានអីតាំងពីហ្នុង[២០១៨]មកដូចបាត់ឈឹងទៅ! ហ្នឹងហើយបាត់ឈឹងដូចជាមិនបានរំឭករឿងហ្នឹងឡើងវិញទេ។លិខិតស្នាមអី យើងក៏មិនទៅគាត់ក៏មិនមក ក៏មិនឃើញ»។
មន្ត្រីជាន់ខ្ពស់ដែលជានាយខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ការបន្តឬមិនបន្តកិច្ចព្រមព្រៀងនោះជាអំណាចសមត្ថកិច្ចរបស់ថ្នាក់ដឹកនាំនយោបាយនៃប្រទេសទាំងពីរដែលលោកមិនអាចបញ្ជាក់ពីជំហរផ្លូវការរដ្ឋាភិបាលថាចង់បន្តឬអត់នោះទេ។
រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាលោក ស ខេង និងលោក Scott Morrisonដែលកាលពីឆ្នាំ២០១៤ជារដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលីហើយបច្ចុប្បន្នជានាយករដ្ឋមន្ត្រីអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងទទួលជនភៀសខ្លួននេះកាលពីឆ្នាំ២០១៤។
កាលពីកន្លងទៅលោកMorrisonបាននិយាយថាអ្នកស្វែងរកសិទិ្ធជ្រកកោនមានរហូតដល់ចំនួន១ពាន់នាក់ដែលប្រទេសអូស្ត្រាលីបញ្ជូនទៅកោះណូរូ។
ការចុះកិច្ចព្រមព្រៀងជនភៀសខ្លួនឆ្នាំ២០១៤រវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងកង់បេរ៉ារងការបរិហារយ៉ាងខ្លាំងជាពិសេសសម្រាប់ភាគីអូស្ត្រាលីជុំវិញអ្វីដែលក្រុមការពារសិទ្ធិមនុស្សលើកឡើងថាជាការទម្លាក់ចោលការទទួលខុសត្រូវរបស់ប្រទេសនេះមកលើកម្ពុជាដែលជារដ្ឋក្រីក្រ។
កាលពីឆ្នាំ២០១៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) អន្តរជាតិបានរិះគន់យ៉ាងខ្លាំងដល់ការបែងចែកជនភៀសខ្លួនមកកាន់កម្ពុជាដោយថាកម្ពុជា«មានកំណត់ត្រាអាក្រក់ខ្លាំងក្នុងការការពារជនភៀសខ្លួននិងជាប់ផុងវ័ណ្ឌកជាមួយការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ»។
មានជនភៀសខ្លួនយ៉ាងហោច១០នាក់បានមកពីកោះណូរូដល់ប្រទេសកម្ពុជាចន្លោះពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ក្នុងកិច្ចព្រមព្រៀងដែលអូស្ត្រាលីសន្យាផ្ដល់ជាជំនួយ៤០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាដើម្បីអនុវត្តខ្លឹមសារនៃលិខិតូបករណ៍គតិយុត្តទ្វេភាគីនេះ។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថាមកទល់ពេលនេះមិនមានជនភៀសខ្លួនពីកោះណូរូណាម្នាក់សេសសល់តាំងទីលំនៅក្នុងប្រទេសកម្ពុជានោះទេពោលគឺពួកគេបានចេញពីប្រទេសកម្ពុជាអស់ទៅហើយ។
កោះណូរូត្រូវបានគេស្គាល់ថាជាទីតាំងមួយក្នុងចំណោមទីតាំងមួយចំនួនដែលប្រទេសអូស្ត្រាលីបានរៀបចំដើម្បីទទួលជនភៀសខ្លួនដែលបានព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី សុំសិទ្ធិជ្រកកោនតែត្រូវបានបដិសេធ។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីបាននិយាយការពារកិច្ចព្រមព្រៀងនោះថាបានបន្ទុចបង្អាក់បណ្ដាអ្នកផ្សេងទៀតដែលផ្សងគ្រោះថ្នាក់ធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីបានសិទ្ធិជ្រកកោន។ប៉ុន្តែលោកថាជំនួយអភិវឌ្ឍន៍មកកាន់កម្ពុជានៅតែបន្តទោះកិច្ចព្រមព្រៀងបានបញ្ចប់ហើយក្ដី៕