ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ព្រម​ទទួល​យក​ជនភៀសខ្លួន​ពី​អូស្រ្តាលី​តាម​កិច្ច​ព្រម​ព្រៀង

  • នៅ វណ្ណារិន

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ​ទី២៦​ខែកញ្ញា​នេះ លើ​អនុស្សរណៈ​ស្តីពី​ការយោគយល់គ្នា​ទាក់ទង​នឹង​ការទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។

កម្ពុជា​និង​អូស្ត្រាលី​បាន​ឯកភាព​នឹង​បញ្ជូន​ជនភៀស​ខ្លួន​មក​ពីកោះ​ដាច់​ស្រយ៉ាល​ ណូរូ​​ បន្ថែម​ទៀត​មក​រស់​នៅ​​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​នេះ បើ​ទោះ​ជា​ជនភៀស​ខ្លួន​មួយ​រូប​ក្នុង​ចំណោម​បួន​រូប​ដែល​បាន​មក​ពី​លើក​ដំបូង​ទាម​ទារ​ត្រឡប់​ ​ទៅ​ប្រទេស​កំណើត​វិញ​ក៏​ដោយ។

ប្រទេស​កម្ពុជា​និង​អូស្ត្រាលី​បាន​ឯកភាព​នឹង​បញ្ជូន​ជនភៀស​ខ្លួន​មក​ពីកោះ​ដាច់​ស្រយ៉ាល​ ណូរូ បន្ថែម​ទៀត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​នេះ បើ​ទោះ​ជា​ជនភៀស​ខ្លួន​មួយ​រូប​ក្នុង​ចំណោម​បួន​រូប​ដែល​បាន​មក​ពី​លើក​ដំបូង​ទាម​ទារ​ត្រឡប់​ ​ទៅ​ប្រទេស​កំណើត​វិញ​ក៏​ដោយ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​មន្ត្រី​រដ្ឋាភិបាល។​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅលោក​ ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​ជួប​ពិភាក្សា​ពិសេស​មួយ​ជា​មួយ​លោក​ Peter Dutton​ ​រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​អូស្ត្រាលី។​ ​លោក​ ស្រ៊ី ថាមរង្គ​ ​ទីប្រឹក្សា​ផ្ទាល់​ លោក​ ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាន​ក្រោយ​ពី​ជំនួប​នេះ​ថា​លោក​ ​Peter Dutton​ ​និង​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​យល់​ព្រម​បញ្ជូន​នឹង​ទទួល​ជនភៀស​ខ្លួន​ បន្ថែម​ទៀត​មក​ក្នុង​ប្រទេស​កម្ពុជា។​ ​ក៏ប៉ុន្តែ​មន្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​ចំនួន​និង​ពេលវេលា​នៃ​ការ​មក​ដល់​បន្ថែម​ទៀត​នៃ​ជនភៀសខ្លួន​ទាំង​នោះ​ទេ។

លោក​បាន​បន្ថែម​ថា៖

«ទាំង​សម្តេច​ទាំង​ភ្ញៀវ​ អម្បាញ់​មិញ​ហ្នឹង​គឺ​ចង់​ឲ្យ​មាន​ជនភៀស​ខ្លួន​ហ្នឹង​បន្ត​បន្ទាប់​ទៀត​។ មួយ​ក្រុម​អាច ​បួន​ ប្រាំ​នាក់​អី​អញ្ចឹង​ទៅ​តាម​ការ​ស្ម័គ្រចិត្ត។​ ហើយ​ក្រោយ​ពីគេ​ស្ម័គ្រចិត្ត​ហើយ​យើង​នឹង​បញ្ជូន​មន្ត្រី​របស់​យើង​ទៅ​ត្រួតពិនិត្យ​ឲ្យ​ដឹង​ថា​គេ​ស្ម័គ្រចិត្ត​មែនទែន។​ ​ហើយ​កិច្ច​ព្រមព្រៀង​យើង​ជា​មួយ​អូស្ត្រាលី​ហ្នឹង​គឺ​ត្រូវ​តែ​ជំរុញ​ទៅ​មុខ»​។​

​ជន​ភៀស​ខ្លួន​ ​៤រូប ដំបូង​គេ​បង្អស់​ពី​ប្រទេស​អូស្ត្រាលី​ដែល​ ​បាន​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​កម្ពុជា​កាល​ពី​ចុង​ខែ​មិថុនា​កន្លងទៅ​ ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពី ​នា​ឆ្នាំ​២០១៤ ​ដើម្បី​បញ្ជូន​ ជនភៀសខ្លួន​ពី​កោះ​ណូរូ​ ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង។​ កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជា​ថ្នូរនឹង​អ្វី​ដែល​គេពណ៌​នា​ថា​ ​ជា​កម្មវិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកពី​ប្រទេស​អូស្រ្តាលី​វិញ។ កាលពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​ ​ប្រទេស​អូស្ត្រាលី​បាន​បន្ថែម​ទឹក​ប្រាក់​ជំនួយ​ជាង​១២​លាន​ដុល្លារ​សហ​រដ្ឋអា​មេរិកថែម​ទៀត​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ជា​ការ​តាំង​ទី​លំ​នៅថ្មី​របស់​ជនភៀស​ខ្លួន​ទាំង​នោះ។​

​ជន​ភៀស​ខ្លួន​មួយ​រូប​ ក្នុង​ចំណោម​៤រូប​ ​ដែល​ជាជនជាតិ​ភាគតិច​ ​រ៉ូហ៊ីងយ៉ា​ដែល​បាន​ រត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​អាជ្ញាធរ​ភូមា​ បាន​ស្នើ​សុំត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ​បន្ទាប់​ពីរស់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជារយៈ​ពេល​បី​ខែ​មក។​

​លោក​ ស្រ៊ី ថាមរង្គ​ ​បាន​បញ្ជាក់​ថា​ការ​បញ្ជូន​ជនភៀស​ខ្លួន​ពី​កោះ​ណូរូ​មក​កម្ពុជា​គឺ​ជួយ​កាត់​បន្ថយ​អត្រា​រត់​ពន្ធ​មនុស្សតាម​ទូក​ ​ដែល​ចង់​សុំសិទ្ធ​ជ្រក​កោននៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ​ហើយ​លោក​ក៏​អះអាង​ថា​ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី​នេះ​គឺ​ជា​ផ្នែក​មនុស្សធម៌​មួយ​ដែល​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ធ្វើ​។

«ការ​ជួយ​ដោះស្រាយ​បញ្ហា​ជនភៀស​ខ្លួន​នេះ​ ​ដោយ​សារ​ស្មារតី​មនុស្សធម៌​ នេះ​មួយ​ ​ហើយ​ទី២យើង​ជួយ​កាត់​បន្ថយ​ការ​រត់​ពន្ធ​មនុស្ស​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ហ្នឹង។​ ​យើ​ងដឹង​ហើយ​ថា​បញ្ហា​រត់​ពន្ធ​មនុស្ស​ទៅប្រទេស​អូស្ត្រាលី​នេះ ​ក្រោយពី​យើង​សហការ​ជា​មួយ​ប្រទេស​អូស្ត្រាលី​មកគឺថាចំនួន​ថយ​ចុះ​ ​យើង​បាន​រួម​ចំណែក​ដោយ​ជោគជ័យ​ មាន​ន័យថា​យើង​បាន​ជោគជ័យ​»​។​

លោក​បាន​បន្ត​ថា​កម្ពុជា​កំពុង​តែ​ព្យាយាម​ធ្វើ​សមាហរណកម្ម​ជនភៀស​ខ្លួន​បីរូប​ដែល​ជា​ជន​ជាតិ​ ​អ៊ីរ៉ង់​ឲ្យ​រៀន​ភាសារ​ខ្មែរ​ ដោយ​ការ​នេះ​ហាក់​ដូច​ជា​មាន​ការ​យឺតយ៉ាវ​បន្តិច។

កិច្ច​ព្រម​ព្រៀង​ទទួល​ជនភៀស​ខ្លួន​បន្ថែម​ទៀត​នេះ​គឺ​ ​កើត​ឡើង​ក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជាសាធារណៈមួយ​របស់​ ​លោក​ Peter Dutton​ ​រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​អូស្ត្រាលី​ ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​នា​សប្តាហ៍​នេះ។​ ​ក្នុង​នោះ​លោក​បាន​ជួប​ផ្ទាល់​ជា​មួយ​លោក​ហ៊ុនសែន​ ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស ខេង​ផង​ដែរ។

​វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ស្ថាន​ទូតអូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ទេ​ដោយ​សារ​អេឡិកត្រូនិក​ ឬemail​ ទៅ​កាន់​មន្ត្រី​ជំនាញ​នា​ស្ថានទូត​នោះ​មិន​មាន​ការ​ឆ្លើយ​តប។​

លោក​ ​មឿន តុលា​ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ​ហើយ​បាន​ធ្វើ​ការងារ​ទាក់ទិន​នឹង​កម្មករ​ចំណាក​ស្រុក​ផង​ដែរ​នោះ​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA ​ថា​«ប្រទេស​អូស្ត្រាលី​គួរ​តែ​ពិចារណា​ឡើង​វិញ»​ ​មុន​នឹង​បញ្ជូន​ជនភៀស​ខ្លួន​បន្ថែម​ទៀត​មក។​ ដោយ​ប្រទេសដ៏​ក្រីក្រ​នេះ​មិនទាន់​មាន​សេវា​សាធារណៈ​និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ​ដូចអ្វី​ដែល​ជនភៀស​ខ្លួន​ទាំង​នោះ​ស្វែងរក​នោះ​ទេ។​

«សមត្ថភាព​របស់​ប្រទេសកម្ពុជា​ហ្នឹង​ មិនទាន់​អាច​ធានាឲ្យ​ជនភៀស​ខ្លួន​ទាំង​អស់​ហ្នឹង​បាន​សម្រេច​នូវ​អ្វី​ដែល​ដូច​ខ្លួន​ប្រាថ្នាទេ​ពីព្រោះ​ជនភៀស​ខ្លួន​ទាំង​អស់​ហ្នឹង​ គាត់​ប្រាថ្នា​ទៅរស់​នៅកន្លែង​ណាមួយ​ឬ​ប្រទេស​ណាមួយ​ដែល​មានការគោរព​សិទ្ធិមនុស្ស​ ដែល​មាន​កិច្ចគាំពារ​សង្គម​ ​ដូច​ជា​រដ្ឋមួយ​ដែល​មាន​ភាព​ទទួល​សុខត្រូវ​ គឺ​ជា​រដ្ឋ​មួយ​ដែល​មាន​សេវា​សាធារណៈ​ហ្នឹង​ល្អ»​។ ​

លោក​បាន​បន្ថែម​ថា​ ៖​ «​ខ្ញុំគិតថា​ប្រទេស​អូស្ត្រាលី​ហ្នឹង​គួរតែ​ពិចារណា ​ហើយ​បើ​តាម​ខ្ញុំដឹង​ប្រជាជន​អូស្ត្រា​លី​ហ្នឹង​អត់​មាន​ភាព​សប្បាយចិត្ត​ទាក់​ទិន​នឹង​ការបញ្ជូន​ជនភៀស​ខ្លួន​មក​កម្ពុជា​នោះ​ទេ​ ​ដោយ​សារ​តែ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពីអូស្ត្រាលី​ហ្នឹង​បាន​បង្ហាញថា​ប្រទេស​អូស្ត្រាលី​ហ្នឹង​មិនបាន​ខ្វាយ​ខ្វល់​ពី​មនុស្សជាតិ​នោះ​ទេ»។

ខណៈ​ពេល​ដែល​ប្រទេស​អូស្ត្រាលី​ជំរុញ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀសខ្លួន​ជាង​១ពាន់​នាក់​ពី​កោះ​ណូរូ​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ អូស្ត្រា​លី​ Tony Abbott ​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធទទួល​យក​ជនភៀស​ខ្លួន​ចំនួន​១២.០០០​នាក់​ពី​ប្រទេស​ Syria​ និង​Iraq​ ​ដែល​រត់គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ពួក​ឧទ្ទាម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ​ISIS​ ​ឲ្យ​តាំង​ទី​លំនៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ខ្លួន៕

XS
SM
MD
LG