ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​មិន​ព្រម​លើ​រូបមន្ត​បង្កើត​គ.ជ.ប​អាច​អូស​វិបត្តិ​ហួស​មួយ​ខួប


មន្ត្រី​បោះឆ្នោត​បង្ហាញ​​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​បោះឆ្នោត​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
មន្ត្រី​បោះឆ្នោត​បង្ហាញ​​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​បោះឆ្នោត​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​កក្កដា វិបត្តិ​នយោបាយ​នៅ​កម្ពុជាក្រោយ​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​បាន​ឈាន​ដល់​គម្រប់​មួយ​ឆ្នាំ​គត់។ ប្រសិន​បើ​មួយ​ឆ្នាំ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណបក្ស​ជាប់​ឆ្នោត​តែ​ពីរ​គត់​រក​ច្រក​ទម្លុះ​វិបត្តិ​នេះ​មិន​ចេញ​នោះ​ទេ គឺ​មាន​ន័យ​ថា​វិបត្តិ​នយោបាយ​លើក​នេះ​ជាវិបត្តិ​ដែល​អូសបន្លាយ​យ៉ាង​យូរ​បំផុត​មួយ​បន្ទាប់​ពី​វិបត្តិ​ជាប់​គាំង​នយោបាយ​រយៈពេល​ជិត​មួយឆ្នាំ​កាល​ពី​ឆ្នាំ​២០០៣។

ក៏​ប៉ុន្តែ​អ្វី​ដែល​នាំ​ឲ្យ​ជាប់​គាំង​នៅ​ក្នុង​ពេល​នេះ​គឺការ​ខ្វែង​គំនិត​គ្នា​លើ​ការ​អនុម័ត​បង្កើត​សមាស​ភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(គ.ជ.ប)។

ចំណុច​នេះ​គឺជា​ការប្រទាញ​ប្រទង់​គ្នា​យ៉ាង​តឹង​តែង​បំផុត។

គណបក្ស​សង្គ្រោះជាតិបាន​ស្នើ​ឲ្យ​ដាក់​គ.ជ.ប ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ឬមានន័យថា​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​ការ​ជ្រើសតាំង​សមាសភាព​នៃ​គ.ជ.ប​ ត្រូវ​មាន​ការយល់​ព្រម​ពី​សមាជិកសភា​ចំនួន​២ភាគ៣។​

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់​ស្រប​ឲ្យ​ដាក់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​នេះ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ​ប៉ុន្តែមិន​យល់​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​នៃ​ស្ថាប័ន​នេះ​ដោយ​សំឡេង​២ភាគ​៣​នៃ​សមាជិក​សភា​ទេ​គឺ​គណបក្ស​កាន់​អំណាច​ទាមទារ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​ គ.ជ.ប ​នេះ​ដោយ​សំឡេង​៥០​បូក១​នៃ​សមាជិក​សភា​សរុប។

ការខ្វែង​គំនិត​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​មិន​អាច​រកច្រក​ចរចា​គ្នា​ទៅមុខ​ទៀត​បាន។

ហើយ​ទុក​ឲ្យស្ថានការណ៍​ជាប់​គាំង​រឹងស្តូក​ដោយ​គ្រាន់​តែងាក​មក​គិត​ឡើងវិញ​រៀងៗ​ខ្លួន​ដោយ​មិន​ទាន់​កំណត់​ពេល​ណាមួយ​ចរចាគ្នា​ឡើងវិញ​ឡើយ។

​លោក ​ជាម​ យៀប ​តំណាងរាស្ដ្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពន្យល់​ថាគណ​បក្ស​របស់​លោក​ព្រួយ​បារម្ភ​ថា​ការ​បោះឆ្នោត​ដោយ​សំឡេង​២ភាគ៣​នៅ​ក្នុង​រដ្ឋសភា​នេះ​អាច​នាំ​ឲ្យ​ជាប់​គាំងនយោបាយ​ដូចរយៈ​ពេល​កន្លងមក។

«គាត់​នៅ​តែ​លើក​ឡើង​២ភាគ៣ៗ។ ២ភាគ​៣​នេះ​ដែល​ធ្វើ​ឲ្យ​យើង​គាំង​នយោបាយ​នៅ​ក្នុង​អណត្តិ​ទី​២​និង​ទី​៣។​ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពិនិត្យ​មើល​សារ​ឡើង​វិញ»។​
ប៉ុន្តែ​គេដឹងថាការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​នាពេល​កន្លង​មក​សំឡេង​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​លើសលប់​ហើយ​សមាសភាព​នោះ​ស្នើ​មួយផ្នែក​ដោយ​រដ្ឋា​ភិបាល​ឬ​គណបក្ស​កាន់​អំណាច។

លោក​សុន ឆ័យ ​សមាជិក​សភា​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​និង​ជា​ប្រធាន​ក្រុម​ការងារ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាពន្យល់​ថា​ការទាមទារ​របស់​គណបក្ស​ជំទាស់​គឺ​ដើម្បី​ទាម​ទារ​ឲ្យស្ថាប័ន​គ.ជ.ប​ ទទួល​បាន​ឯករាជ្យភាព​ពេញ​លេញ​ដោយមាន​ការ​ចូល​រួមអនុម័ត​ដោយ​សមា​ជិក​សភា​ជំទាស់។

«ក្នុង​ស្ថាន​ភាព​ស្រុក​ខ្មែរ​គណបក្ស​សង្គ្រោះជាតិ​បាន​លើក​ឡើង​ថា​ត្រូវ​តែ​មាន​ការ​អនុម័ត​២​ភាគ​៣​ដោយ​រដ្ឋ​សភា។ ​នេះ​គឺជា​យោង​ទៅ​តាម​ស្ថាន​ភាព​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ជាតិ​មួយ​ចំនួន​មិន​ឯករាជ្យ​ដែល​យើង​មិន​អាច​រំពឹង​បាន​ដូច្នេះ​បាន​ជា​យើង​ទាម​ទារ​បែប​នេះ»។
​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​កាល​ពី​ខែកក្កដា ​ឆ្នាំ​២០១៣​ដែល​បន្សល់​ទុក​ដោយ​ភាព​ចម្រូង​ចម្រាស់​ជាច្រើន​ដោយសារ​តែ​គណបក្ស​សង្គ្រោះជាតិដែល​ជាគណបក្ស​ឈ្នះ​ឆ្នោត​លំដាប់​ទី​២​បន្ទាប់​ពី​គណបក្ស​ប្រជាជនកម្ពុជាបាន​ចោទ​ប្រកាន់​ពី​ការលួច​បន្លំ​សន្លឹក​ឆ្នោត។

បន្ទាប់​ពី​នោះគណបក្សនេះ ​បាន​ដឹក​នាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំនិង​អូស​បន្លាយជា​ច្រើន​ថ្ងៃ។

​ក្រោយ​មក​ក៏​មាន​ការ​បង្រ្កាប​ដោយ​កម្លាំង​អាជ្ញាធរ។​ មាន​មនុស្ស​យ៉ាង​តិច​៧​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​បង្រ្កាប​ក្នុង​បរិបថ​នៃ​ការតវ៉ា​ក្រោយ​ពី​ការ​បោះឆ្នោត​នោះ។
ព្រឹត្តិការណ៍​ហិង្សា​ ការ​បង្រ្កាប ​ការ​តវ៉ា​ក្រោយ​ពី​ការ​បោះឆ្នោត​នេះ​ហាក់បាន​ក្លាយ​ទៅជា​បញ្ហា​សាមញ្ញ​មួយ​ដែល​គ្មាន​អ្វី​គួរ​ភ្ញាក់​ផ្អើល​សម្រាប់​ប្រទេស​កម្ពុជា​ទេ​ពី​ព្រោះ​ចាប់តាំង​ពី​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣​មក គឺ២១​ឆ្នាំ​ហើយ​វិបត្តិ​ក្រោយ​ការ​បោះឆ្នោត​តែងតែ​កើតមាន​ឡើង​ហើយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គឺជា​គោល​ដៅ​ដែល​គណបក្ស​ជំទាស់​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្តី​បន្ទោស​ថា​មិន​មាន​ឯករាជ្យភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​និង​មាន​និន្នាការផ្តល់​ផល​ប្រយោជន៍​ដល់​គណ​បក្សកាន់​អំណាច។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​អន្តរជាតិ​រួម​ទាំងសហគមន៍​អឺរ៉ុប​និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក​ សូរិយា ប្រាសាទ​ ស៊ូបេឌី ​ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​ការចូលពី​គណបក្ស​ជំទាស់​ក្នុង​ការ​អនុម័ត​សមាសភាព​គជប​នេះ។

​លោកគល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បីការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​(Comfrel) ​យល់​ថា​ប្រសិន​បើ​ការ​ជ្រើសតាំង​សមាសភាព​គ.ជ.ប ​ដោយ​សំឡេង​៥០​បូក​១​ក្នុង​រដ្ឋ​សភា​គឺជា​ការផ្តល់​សំឡេង​ទាំង​ស្រុងដល់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ប្រសិនបើ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​មិន​ទទួល​បាន​ការ​ទុកចិត្ត​ពី​គណបក្ស​ប្រកួត​ប្រជែង​នោះ​ទេ។

​ការ​មិនទុកចិត្ត​ដូចនេះនឹង​បង្ក​ឲ្យ​មាន​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​តទៅទៀត។

លោក​ គល់ បញ្ញា ​យល់​ថា​ ការ​ជ្រើសរើស​យក​រូបមន្ត​២ភាគ​៣​ដើម្បី​ជ្រើសតាំង​សមាសភាព​គ.ជ.ប​ គួរ​តែ​អាច​ធ្វើ​ទៅរួច។

«បើយើង​យក​រូប​មន្ត​៥០​បូក​មួយ ​មាន​ន័យ​ថា​យើង​ផ្តល់​ឱកាស​ឲ្យ​តែ​សមាជិក​សភា​នៃ​គណបក្ស​កាន់​អំណាច។​ដូច្នេះ​យើងទាត់​ចោល​គណបក្ស​ផ្សេងៗ។​មិន​មែនជា​ការចៃដន្យ​ទេ​ មុន​ឆ្នាំ​២០០៦​យើង​អនុម័ត​ច្បាប់នានា​សុទ្ធតែ​ធ្វើ​តាម​គោលការណ៍​២ភាគ​៣។​វា​អាច​មាន​បញ្ហា​តែ​នៅ​ពេល​បង្កើត​រដ្ឋា​ភិបាល​តែ​ប៉ុណ្ណោះ​។​ដោយសារតែ​រឿង​បែងចែក​អំណាច​តែ​ប៉ុណ្ណោះ។ប៉ុន្តែ​នេះ​ដើម្បី​រៀប​ចំ​ស្ថាប័ន​ឯករាជ្យ​មួយ​ ខ្ញុំ​គិតថា​វា​មិនមែន​ចំណោទ​នោះ​ទេ»។
ស្ថិត​ក្នុង​ជំហរ​នេះ​លោកយ៉ែម​ បុញ្ញឫទ្ធិ​ តំណាងរាស្ដ្រ​ជាប់​ឆ្នោតនិង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​គណបក្ស​ជំទាស់​រក្សា​ជំហរ​ដាច់​ខាត​ក្នុង​ការទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​២ភាគ​៣​សម្រាប់​ជ្រើសរើស​សមាសភាព​គជប ​នេះ។

«គឺ​២ភាគ​៣​យើង​ទាមទារ​ដាច់ខាត​ពីព្រោះ​ចង់​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ​ពិតប្រាកដ​និង​ទទួលស្គាល់​ដោយ​គ្រប់ភាគី​បក្ស​នយោបាយ​ដែល​បាន​ចូលរួម​ការបោះឆ្នោត»។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀងគ្នា​ធ្វើ​ការកែទម្រង់ការបោះឆ្នោត​ដែល​ទទួល​រង​ការរិះគន់​ជា​ប្រចាំ​នោះ។​

ប៉ុន្តែ​ការ​ចរចា​អំពី​បញ្ហា​នេះហាក់​ដូចជា​នៅ​វែងឆ្ងាយ​ទៀត​នៅ​ឡើយ។​ កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ថា​ គណបក្ស​កាន់​អំណាច​បាន​យល់ព្រម​ផ្តល់​ឲ្យ​គណបក្ស​ជំទាស់​នូវ​សិទ្ធិ​បង្កើត​ទូរទស្សន៍​ដែល​ជ្រក​ក្រោម​ហ្វ្រេកង់​របស់​ទូរទស្សន៍​ជាតិ។​ ការណ៍​នេះ​ដែល​គេ​មើល​ឃើញ​ថា​ជា​ចំណុច​ជឿនលឿន​និង​ទំនង​ជា​អាចឈាន​ទៅរក​ច្រក​ចេញ​ពីវិបត្តិ​នយោបាយ​បាន។

ប៉ុន្តែ​គណបក្ស​ជំទាស់​បាន​រក្សា​ការទាមទារ​សំខាន់ៗ​របស់​ខ្លួន​ជាពិសេស​សម្រាប់​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ការបោះឆ្នោត​មុន​អាណត្តិ​និង​ការ​រៀបចំ​ឡើងវិញ​នៅ​ក្នុង​រដ្ឋសភា​ជាដើម។​

កាលពី​ថ្ងៃអង្គារ​សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​ដែល​មាន​អង្គការ​ជាសមាជិកចំនួន​២០​បានស្នើ​ឲ្យ​មាន​ការធ្វើវិសោធនកម្ម​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​ដែល​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​របស់​គ.ជ.ប​ ទាក់ទង​ទៅ​នឹង​ការធ្វើ​បញ្ជី​ឈ្មោះ​និង​ការចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ការ​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ​បោះឆ្នោត​រួម​ទាំងដោះ​ស្រាយ​ចំណោទ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាដើម។

លោក​សុរិយា​ ប្រាសាទ ស៊ូបេឌី ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​យល់​ថាដោយសារ​អតីតកាល ​វាត្រូវការ​កែទម្រង់​ការបោះឆ្នោត​ជាចាំបាច់។

លោក​បន្ថែម​ថា​ការកែ​ទម្រង់​គ.ជ.ប ​និង​ការ​កែ​ទម្រង់​ច្បាប់​បោះឆ្នោត​និង​ការ​អនុវត្ត​នានា​គឺជា​គន្លឹះ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​មក​ដល់​ពេល​នេះ៕

XS
SM
MD
LG